វ៉ាក់សាំងបង្ការកូវីដ១៩ របស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាព ៩៤,៥ %
ចុះផ្សាយនៅថ្ងៃ៖
ក្រុមហ៊ុនឱសថរបស់អាមេរិកឈ្មោះម៉ូឌែរណា (Moderna) បានប្រកាសប្រាប់នៅថ្ងៃចន្ទ ទី១៦ វិច្ឆិកា អំពីលទ្ធផលធ្វើតេស្តវ៉ាក់សាំងបង្ការកូវីដ១៩ ដែលមានអត្រាប្រសិទ្ធភាពខ្ពស់រហូតដល់៩៤,៥ %។ ការប្រកាសថ្មីនេះ គឺដំណឹងដ៏ធំទីពីរហើយដែលបានទៅអង្រួន ក៏ដូចជាបង្កើននូវក្តីសង្ឃឹមដល់ពិភពលោក។ ពិភពលោក ដែលកំពុងត្រូវការវ៉ាក់សាំងដើម្បីប្រឆាំងទល់នឹងកូវីដ១៩ ដែលជាមេរោគរាតត្បាតដ៏កាចសាហាវ និងដែលកំពុងវាយលុកប្រទេសជាច្រើននាពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រុមហ៊ុនឱសថអាមេរិក Pfizer និងអាល្លឺម៉ង់ BioNtech បានប្រកាសអំពីប្រសិទ្ធភាពនៃថ្នាំវ៉ាក់សាំងប្រឆាំងកូវីដរបស់ពួកគេថាមានដល់ទៅ៩០%។ នៅថ្ងៃចន្ទ ទី១៦ វិច្ឆិកានេះវិញ ក្រុមហ៊ុនអាមេរិកមួយទៀត គឺក្រុមហ៊ុន Moderna បានប្រកាសប្រាប់ថាដែរថា តាមលទ្ធផលធ្វើតេស្ត វ៉ាក់សាំងប្រឆាំងកូវីដ ១៩ របស់ក្រុមហ៊ុននេះមានប្រសិទ្ធភាពរហូតដល់ទៅ ៩៤,៥ % ឯណោះ។
ដូច្នោះគិតរហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនឱសថអាមេរិកចំនួនពីរហើយដែលបានធ្វើតេស្តរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដមានប្រសិទ្ធភាពចាប់ពី៩០% ឡើងទៅ និងកំពុងរងចាំឈានដល់ដំណាក់កាលសុំសិទ្ធិផលិត និងធ្វើចរាចរវ៉ាក់សាំងនៅលើទីផ្សារ។ ក្នុងន័យនេះ សហរដ្ឋអាមេរិក អាចមានថ្នាំវ៉ាក់សាំងចំនួនពីរប្រភេទ ដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ណាមួយ នាខែធ្នូខាងមុខជាមួយនឹងការផលិតវ៉ាក់សាំងផ្គត់ផ្គង់ចំនួន ៦០ លានដូសក្នុងដំណាច់ឆ្នាំនេះ។
មួយវិញទៀត នៅឆ្នាំក្រោយ រដ្ឋាភិបាលអាមេរិកអាចនឹងទទួលបានថ្នាំវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩ ចំនួនជាង ១ ពាន់លានដូសពីក្រុមហ៊ុនឱសថអាមេរិកទាំងពីរគឺក្រុមហ៊ុន Moderna និង Pfizer ពោលគឺច្រើនជាងតម្រូវការដែលមានសម្រាប់ប្រជាជនសរុបទាំងអស់ប្រមាណ ៣៣១ លាននាក់នៅទូទាំងប្រទេសអាមេរិកទៅទៀត។
គួរគូសបញ្ជាក់ជូនថា វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសសអាមេរិកទាំងពីរនេះត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាថ្មីដែលគេស្គាល់ឈ្មោះថា messenger RNA (mRNA) តំណាងឱ្យថ្នាំដ៏មានឥទ្ធិពលក្នុងការប្រឆាំងទល់នឹងមរោគកូរ៉ូណាថ្មី ដែលបានឆ្លងទៅដល់មនុស្សប្រមាណ ៥៥ លាននាក់នៅទូទាំងពិភពលោក និងបានសម្លាប់មនុស្សប្រមាណ ១លាន ៣ សែននាក់។
ព័ត៌មានអំពីប្រសិទ្ធភាពកាន់តែខ្ពស់របស់ថ្នាំវ៉ាក់សាំងនេះ លេចចេញឡើងជួនចំពេលដែលករណីឆ្លងកូវីដកំពុងកើនឡើងខ្លាំង និងដែលបានបំបែកកំណត់ត្រាថ្មី នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោក Stephen Hoge ប្រធានក្រុមហ៊ុន Moderna បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ថា “យើងនឹងមានថ្នាំវ៉ាក់សាំងដែលអាចបញ្ឈប់ការឆ្លងរាលដាលជំងឺកូវីដ១៩ បាន”។
ការលើកឡើងរបស់ក្រុមហ៊ុន Modernaនេះ គឺជាដំណឹងសាងនូវក្តីសង្ឃឹម និងបង្កើននូវសុទិដ្ឋិនិយមថា គេនឹងមានជម្រើសថ្នាំវ៉ាក់សាំងដ៏ល្អជាមិនខានក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
គួររំឭកជូនថា សេចក្តីប្រកាសចុងក្រោយរបស់ក្រុមហ៊ុន Moderna ធ្វើឡើងដោយផ្អែកលើការសិក្សាទៅលើមនុស្សពេញវ័យអាមេរិកចំនួន ៣ម៉ឺននាក់ រួមបញ្ចូលទាំងក្រុមមនុស្សដែលជាជនងាយរងគ្រោះខ្លាំងពីជំងឺកូវីដមួយចំនួនផងដែរ។ ការណ៍នេះ បានផ្តល់នូវទំនុកចិត្តបន្ថែមថា វ៉ាក់សាំងប្រឆាំងកូវីដ មានប្រសិទ្ធភាពល្អទាំងចំពោះក្រុមមនុស្សងាយរងគ្រោះខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ