អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

New York Times៖លោកដូណាល់ ត្រាំពិចារណាចង់វាយប្រហារលើមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក​ផុតអាណត្តិ​ លោក​ដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិក​ផុតអាណត្តិ​ លោក​ដូណាល់ ត្រាំ REUTERS/Kevin Lamarque
១៦ នាទី

នៅ​សហរដ្ឋអាមេរិក ២ខែ​មុន​ការ​ផ្ទេរអំណាច​រវាង​ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ចូ បៃដិន លោក​ត្រាំ​បាន​ពិចារណា​ចង់​បើក​ការ​វាយប្រហារ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នេះ​ជា​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត New York Times ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ចន្ទ ទី១៦ វិច្ឆិកា។ តាម​កាសែត​អាមេរិក​នេះ​ដដែល លោក​ត្រាំ​បាន​ដាក់​សំណើ​នេះ​ទៅ​កាន់​ក្រុម​ទីប្រឹក្សា​របស់​លោក ក្នុង​នោះ​មាន​រូប​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ និង​មេបញ្ជាការ​កងទ័ព​លោក Mark Milley។ តែ​នៅ​ក្រោម​គំនាប​ជំទាស់​របស់​ក្រុម​ទីប្រឹក្សា លោក​ត្រាំ​បាន​ដក​ថយ​វិញ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​តំណាង​អាមរិក​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ។

ផ្សាយពាណិជ្ជកម្ម

បើ​គេ​ជឿ​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត New York Times លេខ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ចន្ទ ទី១៦ វិច្ឆិកា លោក​ដូណាល់ ត្រាំ​បាន​រួមប្រជុំ​ក្រុមទីប្រឹក្សា​សំខាន់ៗ​ក្នុង​ការិយាល័យ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១២ វិច្ឆិកា​កន្លង​ទៅ។ ទីប្រឹក្សា​សំខាន់ៗ​មាន​ដូច​ជា​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តី​ការពារជាតិ​ថ្មី​លោក Christopher Miller និង​មេបញ្ជាការ​កងទ័ព​លោក Mark Milley ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក​ត្រាំ​បាន​សួរ​ទៅ​កាន់​ក្រុម​ទីប្រឹក្សា​អំពី​ជម្រើស​របស់​ពួក​គេ​ដើម្បី​ប្រឆាំង​នឹង​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​អ៊ីរ៉ង់។ ជម្រើស​ដែល​លោក​ត្រាំ​បាន​ពិចារណា គឺ​បើក​ការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​អ៊ីរ៉ង់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។

បើ​តាម New York Times ដដែល ក្រុម​ទីប្រឹក្សា​បាន​រារាំង​លោក​ត្រាំ​មិន​ឲ្យ​បើក​ការ​វាយប្រហារ​ដោយ​បារម្ភ​ពី​ហានិភ័យ​ដែល​អាច​បង្ក​ចេញ​នូវ​ជម្លោះ​រីករាល​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​មិន​អាច​គ្រប់គ្រង​បាន។ នៅ​ទីបំផុត លោក​ត្រាំ​បាន​ស្តាប់​យោបល់​របស់​ក្រុម​ទីប្រឹក្សា និង​បាន​ដក​ខ្លួន​ថយ​វិញ។ គួរ​រម្លឹក​ថា ការ​ដែល​លោក​ត្រាំ​បាន​រួមប្រជុំ​ក្រុម​ទីប្រឹក្សា និង​ពិចារណា​ចង់​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​អ៊ីរ៉ង់​ធ្វើ​ឡើង ក្រោយ​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​កំពុង​បន្ត​បង្កើន​ការ​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​នៅ​ក្នុង​បរិមាណ​មួយ​លើស​ពី​ការ​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។

កាសែត New York Times បាន​ឲ្យ​ដឹង​ទៀត​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​លោក​ត្រាំ​ចង់​វាយប្រហារ គឺ​មជ្ឈមណ្ឌល Natanz។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល ៤ឆ្នាំ​នៃ​ការ​កាន់​អំណាច លោក​ត្រាំ​បាន​ប្រើ​នយោបាយ​ដាក់​សម្ពាធ​អតិបរមា​លើ​អ៊ីរ៉ង់។ ក្នុង​ឆ្នាំ ២០១៨ លោក​ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៥ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ក្នុង​ខែ​មករា​កន្លង​ទៅ លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​សម្លាប់​មេទ័ព​អ៊ីរ៉ង់​ឧត្តមសេនីយ​កាសឹម សូឡីម៉ានី​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ដែល​បាន​បង្ក​ឲ្យ​មាន​កំហឹង​ពុះកញ្ជ្រោល​ពី​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ