មន្រ្តីសន្តិសុខប្រព័ន្ធអ៊ីនធ័រនែតដែលថាគ្មានការលួចបន្លំសន្លឹកឆ្នោត ត្រូវលោក ត្រាំ ដកតំណែង
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃអង្គារ ទី១៧វិច្ឆិកា ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ បានសម្រេចប្រកាសដកតំណែងមន្រ្តីជាន់ខ្ពស់មួយរូប ទទួលបន្ទុកសន្តិសុខប្រព័ន្ធអ៊ីនធ័រនែត ក្រោយពីមន្រ្តីរូបនេះ បានអះអាងផ្ទុយពីការលើកឡើងរបស់ លោក ដូណាល់ ត្រាំ ដែលថា មានការលួចបន្លំសន្លឹកឆ្នោត។ លោក គ្រីស្តូហ្វ័រ គ្រើបស៍ (Christopher Krebs) ជាមន្រ្តីក្រសួងសន្តិសុខជាតិទទួលបន្ទុកសន្តិសុខអ៊ីនធ័រនែត ហើយក៏ទទួលខុសត្រូវលើសន្តិសុខប្រព័ន្ធបោះឆ្នោតប្រធានាធិបតី ប្រព្រឹត្តិទៅថ្មីៗនេះដែរ។ ក្រោយទទួលដំណឹងដកតំណែង លោក Christopher Krebs បានសរសេរសារបង្ហោះតាមធ្វីតធ័រ ថា«លោកមានកិត្តិយសណាស់ដែលបានបម្រើសហរដ្ឋអាមេរិក»។
ដើមហេតុនៃការដកតំណែងនេះ ព្រោះតែ ស្ថាប័នសន្តិសុខជាតិទទួលបន្ទុកសន្តិសុខអ៊ីនធ័រនែត (CISA) ក្រោមការដឹកនាំរបស់លោក គ្រីស្តូហ្វ័រ គ្រើបស៍ (Christopher Krebs) បានប្រកាសថា «ការបោះឆ្នោតប្រធានាធិបតី ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០នេះ ជាការបោះឆ្នោតដ៏មានសុវត្ថិភាពបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ហើយគ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោត ឬប្រព័ន្ធបោះឆ្នោតត្រូវគេលួចប្តូរទិន្នន័យ ក៏ទេដែរ។ »
ក៏ប៉ុន្តែ ការប្រកាសដូច្នេះ ត្រូវលោក ដូណាល់ ត្រាំ ទាត់ចោល។ លោក ត្រាំ សរសេរប្រតិកម្មភ្លាម តាមធ្វីតធ័ររបស់ខ្លួន ថាសេចក្តីប្រកាសរបស់លោក គ្រីស្តូហ្វ័រ គ្រើបស៍ ស្តីពីសុវត្ថិភាពនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ គឺមិនពិតទាល់តែសោះ។ ក្នុងសារធ្វីតដដែល លោក ដូណាល់ ត្រាំ ដែលមិនព្រមទទួលយកបរាជ័យ ហើយនៅតែប្រកាន់ជំហរអះអាងថាខ្លួនឈ្នះ បានបន្តចោទប្រកាន់ពី«ភាពមិនប្រក្រតីក្នុងការបោះឆ្នោត» ថាមាន«លួចបន្លំសន្លឹកឆ្នោតដ៏ច្រើនសម្បើម» ហើយ«ម៉ាស៊ីនរាប់សន្លឹកឆ្នោត ត្រូវគេរៀបចំប្រព័ន្ធប្តូរសន្លឹកឆ្នោត» គឺ«ប្តូរសន្លឹកឆ្នោតបោះឱ្យលោក ត្រាំ ទៅជាបោះឱ្យ បៃដិន» ទៅវិញ។ តាមរយៈសារនេះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកតំណែង គ្រីស្តូហ្វ័រ គ្រើបស៍ យ៉ាងទាន់ហន់។
ទង្វើរបស់លោក ដូណាល់ ត្រាំ យ៉ាងដូច្នេះ ត្រូវរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកនយោបាយបក្សប្រឆាំង។ អតីតបេក្ខនារីប្រធានាធិបតី និងជាព្រឹទ្ធសមាជិកា លោកស្រី Elizabeth Warren បានចាត់ទុកការដកតំណែងនេះ ថាជាការ«រំលោភអំណាច» ធ្វើឡើងដោយប្រធានាធិបតីមួយរូបដែល «ទន់ខ្សោយ និងដែលកំពុងតែអស់សង្ឃឹម»។
អ្នកតំណាងរាស្ត្របក្សប្រជាធិតេយ្យមួយរូបទៀត គឺលោក Adam Schiff បានសម្តែងក្តីអាណិតអាសូរចំពោះមន្ត្រីជាន់ខ្ពស់ដែលត្រូវលោក ត្រាំ ដកតំណែង ហើយលោកយល់ថា «ការបណ្តេញចេញពីតួនាទីនេះ ព្រោះថាលោក Christopher Krebs ថែរក្សានិងការពារប្រជាធិតេយ្យអាមេរិក»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ