អានតួអត្ថបទ
សហរដ្ឋអាមេរិក

ក្រោយរាប់​សន្លឹកឆ្នោត​ម្តងទៀត លោក​ចូ បៃដិន ​នៅតែ​ឈ្នះ​នៅរដ្ឋ​ ​Georgie

លោក Rudy Giuliani មេធាវី​ប្រចាំរបស់​លោកដូណាល់ ត្រាំ ដឹកនាំសកម្មភាព​ដាក់ពាក្យ​ប្តឹងលទ្ធផល​សន្លឹកឆ្នោត នៅមុខតុលាការ បើទោះបី​ជាគ្មាន​ភស្តុតាង។ សន្និសីទកាសែត នៅស្នាក់ការ​គណបក្សសាធារណរដ្ឋ ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី១៩ វិច្ឆិកា ២០២០។
លោក Rudy Giuliani មេធាវី​ប្រចាំរបស់​លោកដូណាល់ ត្រាំ ដឹកនាំសកម្មភាព​ដាក់ពាក្យ​ប្តឹងលទ្ធផល​សន្លឹកឆ្នោត នៅមុខតុលាការ បើទោះបី​ជាគ្មាន​ភស្តុតាង។ សន្និសីទកាសែត នៅស្នាក់ការ​គណបក្សសាធារណរដ្ឋ ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី១៩ វិច្ឆិកា ២០២០។ REUTERS - JONATHAN ERNST
ដោយ៖ ម៉ម ពិសី
១៥ នាទី

បញ្ហាវិវាទស្តី​ពីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិក គឺនៅមិនទាន់ដាច់ស្រេចនៅឡើយទេ ដោយ​ ក្រុមលោកដូណាល់ ត្រាំ បានបន្តតវ៉ា ដាក់ពាក្យ​ប្តឹងនៅតាមរដ្ឋមួយចំនួន។ នៅរដ្ឋ Georgie ក្រោយ​ពីរាប់សន្លឹកឆ្នោតឡើងវិញម្តងទៀត ដោយដៃ គឺលទ្ធផលនៅតែបញ្ជាក់ថា លោក​ចូ បៃដិន នៅតែឈ្នះដដែល។ ក្រោយ​ការបញ្ជាក់លទ្ធផលជាថ្មី អំពីជ័យជំនះនេះ លោក ចូ បៃដិន បាន​ថ្លែងរិះគន់ លោកដូណាល់ ត្រាំ ថាជាមនុស្សគ្នាការទទួលខុសត្រូវ ដែលមិនទទួលស្គាល់បរាជ័យ ហើយធ្វើ​ឲ្យ​ពិភពលោក ​មើលងាយ​ប្រព័ន្ធប្រជាធិបតេយ្យអាមេរិក។

ផ្សាយពាណិជ្ជកម្ម

កាលពីរាប់លើកទីមួយ នៅរដ្ឋ Georgie ចំនួន​សន្លឹកឆ្នោតបោះឲ្យ​លោកចូ បៃដិន មានលើសលោក​ដូណាល់ ត្រាំ ចំនួន​១៤០០០សន្លឹក។ ដោយ​ភាពប្រកៀកប្រកិតគ្នានេះ អាជ្ញាធរ​ចាត់ចែង​ការបោះឆ្នោត បាន​តម្រូវ​ឲ្យ​រាប់សន្លឹកឆ្នោតម្តងទៀត ដោយ​ដៃតែម្តង​។​ ជាលទ្ធផល គឺ​លោក​ចូ បៃដិននៅតែឈ្នះដដែល ដោយ​​មានសន្លឹកឆ្នោត លើស​លោកដូណាល់ ត្រាំ ចំនួន ១២២០០សន្លឹក។

នេះជាការបញ្ជាក់បន្ថែម អំពីជ័យជំនះរបស់​លោក ចូ បៃដិន។ យោងតាមតួលេខផ្លូវការ នៅទូទាំងប្រទេស លោកចូ បៃដិន បានទទួលសន្លឹកឆ្នោតចំនួន ៨០លានសន្លឹក ខណៈដែល​លោកដូណាល់ ត្រាំ បានទទួល​ប្រមាណ​៧៤លានសន្លឹក។

ល្ងាចថ្ងៃព្រហស្បតិ៍ ក្រោយ​ដឹងដំណឹងលទ្ធផលរាប់សន្លឹកឆ្នោតជាថ្មី នៅរដ្ឋ Georgie លោកចូ បៃដិន បានថ្លែងរិះគន់ ថាលោកដូណាល់ ត្រាំ ជាមនុស្សគ្មានការទទួលខុសត្រូវ ដែល​នៅតែបន្តប្រកែក មិនទទួលស្គាល់បរាជ័យ។ លោកបន្ថែមថា ការប្រកែក​តវ៉ារបស់​លោកដូណាល់ ត្រាំ ដែល ចោទប្រកាន់ថាការបោះឆ្នោតមានការក្លែងបន្លំសន្លឹកឆ្នោតនេះ គឺវាអាច​ធ្វើ​ឲ្យ​ពិភពលោកទាំងមូល សើចចំអក និងមាក់ងាយ​ ​មកលើ​ប្រព័ន្ធប្រជាធិបតេយ្យ​របស់​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រុមលោកដូណាល់ ត្រាំ បានដាក់ពាក្យ​ប្តឹង នៅតាមរដ្ឋមួយចំនួន ដូចជានៅ Georgie Pennsylvanie Michigan Arizona និង Nevada។ តែគិតមកទល់ពេលនេះ ចៅក្រុមមួយចំនួនធំ ​បានច្រាន​ចោល​​ពាក្យ​បណ្តឹង ដោយ​សារតែគ្មានភស្តុតាង។ លោក Rudy Giuliani មេធាវីរបស់លោក​ដូណាល់ ត្រាំ បានចូលទៅ​ជួបចៅក្រុមសហព័ន្ធម្នាក់ ដើម្បី​លើកអំណះអំណាង ប៉ុន​្តែដោយ​គ្មានភស្តុតាងអ្វីទាំងអស់។

ក្រៅពីការដាក់ពាក្យ​ប្តឹង ប្រកែកមិនទទួលស្គាល់លទ្ធផល លោកដូណាល់ ត្រាំ ត្រូវគេ​ចោទផងដែរ ​ថាបាន​ដាក់សំពាធ​ទៅលើ​សកម្មជនបក្ស​សាធារណៈរដ្ឋ ដែលចូលរួមត្រួតពិនិត្យ​ការរាប់សន្លឹក​ឆ្នោត ហើយ​ដែលមាន​តួនាទីចុះហត្ថលេខាទទួលស្គាល់លទ្ធផល។ ករណីនេះ បានកើត​ឡើង​នៅ​ក្រុង Detroit រដ្ឋ Michigan ដោយ​សកម្មជនតំណាង​បក្សសាធារណៈរដ្ឋ២នាក់ ​មានបំណង​សើរើចង់ប្តូរចិត្ត លប់ចោលហត្ថលេខា​ទទួល​ស្គាល់លទ្ធផល​ផ្លូវការ បន្ទាប់ពី​លោកដូណាល់ ត្រាំ បាន​ទូរស័ព្ទ​មកពួកគេ។ លោក Mitt Romney សមាជិកព្រឹទ្ធសភាបក្ស​សាធារណៈរដ្ឋ បាននិយាយ​រិះគន់​លោក​ដូណាល់ ត្រាំ ថាគឺជា​ប្រធានាធិបតី​អាមេរិក ដែល​ធ្វើសកម្មភាព បំផ្លាញ​​ប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ