អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

លោក​បៃដិន ៖ សហរដ្ឋ​អាមេរិក​ នឹង​ត្រលប់​មក​ដើរ​តួនាទី​ដឹកនាំពិភពលោក​វិញ

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ចូ បៃដិន ប្រកាស​ថា​អាមេរិក​នឹង​ត្រលប់​មក​សកម្មលើ​ឆាក​អន្តរជាតិ​វិញ
ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ចូ បៃដិន ប្រកាស​ថា​អាមេរិក​នឹង​ត្រលប់​មក​សកម្មលើ​ឆាក​អន្តរជាតិ​វិញ CHANDAN KHANNA AFP
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

ចប់​សករាជ « America First » និង​នយោបាយ​ការទូត​បែប​​ឯការបស់​លោក​ដូណាល់ ត្រាំ អនាគត​រដ្ឋាភិបាល​អាមេរិក​ថ្មី​​ នឹង​មាន​នយោបាយ​ថ្មី។ ជាមួយ​នឹង​ការ​បង្ហាញសមាជិក​ក្រុមការ​ងារ​​៦​នាក់​ដំបូង ប្រកប​ដោយ​សមាភាព​ស្ត្រី​និង​បុរស (ស្ត្រី​បី​នាក់​ បុរស​បីនាក់) ​លោក ចូ បៃដិន បាន​អះអាង​​ថា​ អាមេរិក​ក្រោម​អាណត្តិ​របស់​លោក នឹង​ត្រលប់​មក​ដើរតួនាទី​សកម្ម​ក្នុង​ឆាក​អន្តរជាតិឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

សមាសភាព​រដ្ឋាភិបាល​អាមេរិក​ថ្មី​ត្រូវ​បាន​គេ​លោក​ចូបៃដិន ប្រកាស​​បង្ហាញ​ជា​បណ្តើរៗ​ហើយ។ “មួយ​ចំនួន​​​ជា​អតីត​ឥស្សរជន​ក្នុង​រដ្ឋាភិបាល​​របស់​អតីត​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា ខ្លះ​ទៀត​មិនមែន​ជា​ឥស្សរជន​ថ្មី​ទេប៉ុន្តែ​សុទ្ធ​តែ​ជា​អ្នក​មាន​បទពិសោធន៍​ការងារ​ខ្ពស់ និង​ជា​តំណាង​​​អាមេរិក​ពិតៗ​”។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ចូ បៃដិន ដោយ​បាន​ប្រកាស​ទៀត​ថា “ក្រុមការងារ​ថ្មី​នេះ នឹង​នាំ​អាមេរិក​ឱ្យ​មក​ដើរ​តួនាទី​សកម្ម​លើ​ឆាក​អន្តរជាតិ ៖ ត្រៀម​ធ្វើ​ជា​មគ្គុទេសក៍​ដឹកនាំ​ពិភពលោក មិន​មែន​ដក​ខ្លួន​ឱ្យ​នៅដាច់​ពី​គេ និង​ ត្រៀម​ប្រឈមតតាំង​ជាមួយ​​គូប្រជែង​ តែមិន​ច្រាន​សម្ព័ន្ធមិត្ត​ចេញ”។

អនាគត​រដ្ឋមន្ត្រី​ការបរទេស​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី ​លោក អង់តូនី ប្ល៊ីងកិន (Antony Blinken)ដែល​​ជា​អតីតឥស្សរជន​​ការទូតដ៏​មាន​បទ​ពិសោធន៍ ក៏​បាន​បន្ថែម​ទៀត​ថា គេ​មិន​អាច​ដោះស្រាយ​បញ្ហា​ពិភពលោក​តែម្នាក់​ឯងបាន​ឡើយ។ ​​នយោបាយ​ពហុជាតិនិយមអាមេរិក​ត្រលប់​មក​វិញ​ និង​ការ​ទូត ក៏​​ត្រលប់​មក​វិញដែរ។ នេះ​ជា​ការធានាបន្ថែម​របស់​អនាគត​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លោកស្រី ​លីនដា ថូម៉ាស់គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) ដែល​ជា​ស្ត្រី​ស្បែកខ្មៅ។

ជា​​មួយ​នឹង​សុន្ទរកថា​ ដែលមាន​អត្ថន័យ​​​កាត់​ផ្តាច់​នយោបាយ​ « America First » របស់​លោកដូណាល់ ត្រាំ និង​ដែលបញ្ជាក់​អំពី​ការ​វិល​ត្រលប់​មក​វិញ នូវ​នយោបាយ​បែបពហុជាតិ​និយម ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី បៃដិន ក៏​បានសង្កត់​ធ្ងន់​អំពី​ឆន្ទៈ​ដាច់​ខាត​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ដើម្បី​រំលេច​ជំហរ​នេះ លោក បៃដិន បាន​បង្កើត​តួនាទី​ ជាប្រេសិតទទួល​បន្ទុក​បញ្ហា​អាកាសធាតុ​ ទៅ​ឱ្យ​លោក​ចន ឃែរី (John Kerry) ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​ជំនាន់​លោក​អូបាម៉ា និង​ជាអ្នក​ទទួល​បន្ទុក​សម្រេច​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីសឆ្នាំ ២០១៥៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ