អ.ស.ប.៖ជំងឺកូវីដ១៩ បានរុញមនុស្សជាច្រើនលាននាក់ឲ្យធ្លាក់ក្នុងភាពក្រីក្រ និងគ្រោះទុរ្ភិក្ស
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអង្គារ ទី១ ធ្នូ អង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ដល់ទៅ ៣៥ ០០០លានដុល្លារសម្រាប់ឆ្នាំ ២០២១។ តម្រូវទឹកប្រាក់ដ៏ច្រើនសម្បើមមិនធ្លាប់មាននេះក៏មកពីមានមនុស្សជាច្រើនលាននាក់បានធ្លាក់ក្នុងភាពក្រីក្រ និងគ្រោះទុរ្ភិក្សដោយសារវិបត្តិនៃជំងឺកូវីដ១៩។ តាមអង្គការសហប្រជាជាតិ ចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌នឹងមានដល់ទៅ ២៣៥លាននាក់ ពោលមានការកើនឡើង ៤០% ក្នុងរយៈពេល ១ឆ្នាំ។ ប្រសិនបើមនុស្សដែលត្រូវការជំនួយមនុស្សធម៌ទាំង ២៣៥លាននាក់រស់នៅក្នុងប្រទេសតែមួយ នោះវាជាប្រទេសដែលមានចំនួនប្រជាជនច្រើនទី៥ ក្នុងលោក នេះជាការមើលឃើញរបស់អង្គការសហប្រជាជាតិ។
ថវិកាដែលស្នើឡើងដោយអ.ស.ប. និងក្រុមដៃគូរមានគោលដៅជួយប្រទេសចំនួន ៥៦ប្រទេសដែលគិតជាចំនួនពលរដ្ឋមានប្រមាណ ១៦០លាននាក់លើចំនួនពលរដ្ឋទាំង ២៣៥លាននាក់ដែលត្រូវការជំនួយមនុស្សធម៌។ ពលរដ្ឋងាយរងគ្រោះទាំងនេះកំពុងប្រឈមនឹងភាពអត់ឃ្លាន ជម្លោះ បម្លាស់ទី និងផលវិបាកកើតចេញពីបម្រែបម្រួលអាកាសធាតុ និងជំងឺឆ្លង។ លោក Mark Lowcock អ្នកទទួលខុសត្រូវកិច្ចការមនុស្សធម៌របស់ អ.ស.ប. បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតថា កំណើនចំនួនអ្នកត្រូវការជំនួយមនុស្សធម៌ស្ទើរទាំងអស់ក្នុងឆ្នាំ ២០២០ កើតចេញពីវិបត្តិកូវីដ១៩។
តាមអ.ស.ប.ជំងឺកូវីដ១៩ បានផ្លាស់ប្តូរជីវិតមនុស្សគ្រប់រូប និងនៅគ្រប់ជ្រុងជ្រោយនៃភពផែនដី។ ក្រុមមនុស្សដែលមានជីវភាពយ៉ាប់យឺនស្រាប់បានរងគ្រោះកាន់តែខ្លាំងនៅក្នុងសម័យកូវីដ១៩ ជាមួយនឹងការបាត់បង់ចំណូល តម្លៃទំនិញឡើងថ្លៃ ការបិទសាលារៀន និងការផ្អាកកម្មវីធីចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ។ ជាលើកទី១ គិតតាំងពីដំណាច់ទសវត្ស ៩០ ដែលភាពក្រីក្រខ្លាំងបានកើនឡើង ហើយចំនួនអ្នកស្លាប់ប្រចាំឆ្នាំដោយជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់អាចកើនឡើងទ្វេដង។
អ្នកទទួលខុសត្រូវកិច្ចការមនុស្សធម៌របស់ អ.ស.ប លោក Mark Lowcock បានព្រមាន និងទាញសញ្ញាអាសន្នថាពីពេលនេះទៅដំណាច់ឆ្នាំ ២០២០ មនុស្សចំនួន ២៧០លាននាក់អាចជួបនឹងវិបត្តិអសន្តិសុខស្បៀងអាហារ ពោលមានចំនួន ៨២% ច្រើនជាងនៅមុនផ្ទុះវិបត្តិកូវីដ១៩។ តាមលោក Lowcock ពលរដ្ឋរស់ក្នុងប្រទេសយេម៉ែន ស៊ូដង់ខាងត្បូង បួគីណាហ្វាសូ និងប៉ែកឦសានប្រទេសនីហ្សរីយ៉ាកំពុងស្ថិតមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។ ចំណែកតំបន់ និងប្រទេសផ្សេងទៀត ដូចយ៉ាងតំបន់សាហ៊ែល និងប្រទេសអាហ្វហ្កានីស្ថានកំពុងប្រឈមនឹងភាពងាយរងគ្រោះខ្លាំង។
លោក Lowcock បានបន្ថែមដោយសង្ឃឹមថា បើគេអាចជួយពិភពលោកឲ្យឆ្លងផុតឆ្នាំ ២០២១ ដោយគ្មានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ វាពិតជាជោគជ័យមួយធំធេងណាស់។ ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសរសើរពីការងារមនុស្សធម៌របស់អ.ស.ប. ក្នុងឆ្នាំ ២០២០ ដោយបានផ្តល់ជំនួយជាម្ហូបអាហារ ថ្នាំពេទ្យ ជម្រក ការអប់រំ និងផលិតផលចាំបាច់ផ្សេងទៀតដល់មនុស្សជាច្រើនលាននាក់។ តែលោក Guterres បានទទួលស្គាល់ថា វិបត្តិនៅមិនទាន់ចប់ទេ ហើយថវិកាជំនួយមនុស្សធម៌កំពុងប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំងក្នុងពេលដែលផលវិបាកកើតចេញពីជំងឺកូវីដ១៩ កំពុងបន្តមានធ្ងន់ធ្ងរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ