អានតួអត្ថបទ
អ.ស.ប.-អាកាសធាតុ

អ.ស.ប.៖ ២០២០ ជាឆ្នាំដែលមានអាកាសធាតុក្តៅខ្លាំងដូចឆ្នាំ ២០១៦ និងឆ្នាំ ២០១៩

តាមអង្គការសហប្រជាជាតិ ឆ្នាំ ២០២០ បាន​ក្លាយ​ជា​ឆ្នាំមួយ​ទៀត​ដែលមានអាកាសធាតុក្តៅខ្លាំងដូចឆ្នាំ ២០១៦ និងឆ្នាំ ២០១៩។
តាមអង្គការសហប្រជាជាតិ ឆ្នាំ ២០២០ បាន​ក្លាយ​ជា​ឆ្នាំមួយ​ទៀត​ដែលមានអាកាសធាតុក្តៅខ្លាំងដូចឆ្នាំ ២០១៦ និងឆ្នាំ ២០១៩។ JOSH EDELSON AFP/File
១៩ នាទី

នៅ​ថ្ងៃ​ពុធ ទី២ ធ្នូ អង្គការ​ឧតុនិយម​អន្តរជាតិ​ដែល​ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​អាកាសធាតុ​ក្នុង​ពិភពលោក។ របាយការណ៍​បាន​បង្ហាញ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ សីតុណ្ហភាព​ក្នុង​លោក​បន្ត​កើន​ឡើង​ជានិច្ច។ តាម​របាយការណ៍​ដដែល ទសវត្ស​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០២០ ជា​ទសវត្ស​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​ក្នុង​រយៈពេល ៦ឆ្នាំ​ចុង​ក្រោយ​គិត​ពី​ឆ្នាំ ២០១៥ ជា​រយៈពេល​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​មែនទែន។នៅ​ក្នុង​សេចក្តីសន្និដ្ឋាន អង្គការ​ឧតុនិយម​សកល​បាន​ដាក់​ឆ្នាំ ២០២០ ទៅ​ក្នុង​ចំណាត់ថ្នាក់​ទី២ នៃ​ឆ្នាំ​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង បន្ទាប់​ពី​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៩។

ផ្សាយពាណិជ្ជកម្ម

« ជា​អកុសល ឆ្នាំ ២០២០ ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​ទៀត​សម្រាប់​អាកាសធាតុ​របស់​យើង » នេះ​ជា​ការ​ថ្លែង​របស់​អគ្គលេខាធិការ​អង្គការ​ឧតុនិយម​អន្តរជាតិ​លោក PetteriTaalas។ តាម​របាយការណ៍​របស់​អង្គការ​ឧតុនិយម​អន្តរជាតិ ពី​ខែ​មករា​ដល់​ខែ​តុលា ឆ្នាំ ២០២០ សីតុណ្ហភាព​សកល​បាន​កើន​ឡើង​ជា​មធ្យម​ប្រមាណ​ជា ១,២អង្សារ​ធៀប​នឹង​សីតុណ្ហភាព​ចន្លោះ​ឆ្នាំ ១៨៥០ និង​ឆ្នាំ ១៩០០។ អត្រា​កំណើន​នេះ​បាន​រុញ​ឆ្នាំ ២០២០ ឲ្យ​ចូល​ក្នុង​ឆ្នាំ​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​លំដាប់​ទី២ បន្ទាប់​ពី​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៩។ តែ​ចំណាត់ថ្នាក់​នេះ​អាច​នឹង​ប្រែប្រួល​នៅ​ពេល​ដែល​អង្គការ​ឧតុនិយម​អន្តរជាតិ​ទទួល​បាន​ទិន្នន័យ​ពេញ​មួយ​ឆ្នាំ ២០២០។

ទោះ​ជា​យ៉ាង​នេះ​ក្តី ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​បាន​បញ្ជាក់​ដោយ​មិន​អល់អែក​ថា ពិភពលោក​នឹង​មិន​អាច​គោរព​បាន​នូវ​កម្មវត្ថុ​របស់​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ ១៩៥ប្រទេស​ក្នុង​ឆ្នាំ ២០១៥ បាន​ឡើយ។ នៅ​កិច្ចព្រមព្រៀង​កាល​ណោះ ក្រុម​ប្រទេស​ហត្ថលេខី​បាន​ប្តេជ្ញា​ទប់​សីតុណ្ហភាព​ក្នុង​បរិយាកាស​មិន​ឲ្យ​កើន​លើស​កម្រិត ១,៥អង្សារ​ធៀប​នឹង​សម័យ​មុន​ឧស្សាហកម្ម។ តាម​ការ​ព្យាករណ៍​របស់​អង្គការ​ឧតុនិយម​អន្តរជាតិ សីតុណ្ហភាព​សកល​ជា​មធ្យម​អាច​នឹង​កើន​លើស​ពី​កម្រិត ១,៥អង្សារ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៤។

កម្តៅ​ខ្លាំង ភ្លើងឆេះព្រៃ ទឹកជំនន់ កំណើន​ជាតិអាស៊ីត​នៅ​ក្នុង​សមុទ្រ និង​កំណើន​ព្យុះសង្ឃរា​នៅ​អាត្លង់ទិក ទាំង​នេះ​សុទ្ធសឹង​ជា​សញ្ញា​ដែល​បញ្ជាក់​ថា បម្រែបម្រួល​អាកាសធាតុ​បាន​បន្ត​កើន​ឡើង​មិន​ចេះ​ចប់​ក្នុង​ឆ្នាំ ២០២០ នេះ​ជា​ការ​លើក​ឡើង​របស់​អង្គការ​ឧតុនិយម​អន្តរជាតិ។ កំណើន​កម្តៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​នៅ​អាស៊ីខាងត្បូង ពិសេស​នៅ​តំបន់​អាក់ទិក​ស៊ីបេរី​ដែល​សីតុណ្ហភាព​បាន​កើន​លើស​ជា​មធម្យម​ជាង ៥អង្សារ។ នៅ​តំបន់​ស៊ីបេរី សីតុណ្ហភាព​នា​ដំណាច់ខែ​មិថុនា​មាន​ដល់​ទៅ ៣៨អង្សារ។ អគ្គីភ័យ​ឆាបឆេះ​ព្រៃឈើ​នៅ​ប្រទេស​អូស្រា្តលី តំបន់​ស៊ីបេរី នៅ​ឆ្នេរ​ខាង​លិច​សហរដ្ឋអាមេរិក និង​នៅ​អាមេរិកឡាទីន​ជា​អគ្គីភ័យ​សកម្មជាង​គេ​នា​រយៈពេល ១៨ឆ្នាំ​ចុង​ក្រោយ​នេះ។

តំបន់​ខ្លះ​ក្នុង​ទ្វីបអាហ្រ្វិក និង​នៅ​អាស៊ីអាគ្នេយ៍​បាន​ជួប​ប្រទះ​នូវ​គ្រោះទឹកជំនន់​ដែល​បណ្តាល​ឲ្យ​មាន​ជនបម្លាស់ទី​យ៉ាង​ច្រើន​សម្បើម និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​រាប់​សិប​លាននាក់។ ទន្ទឹម​គ្នា​នេះ បម្រែបម្រួល​អាកាសធាតុ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក​របស់​អង្គការ Unesco ដែរ។ តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ក្នុង​ថ្ងៃ​ពុធ ទី២ ធ្នូ មាន​ទីតាំង​ធម្មជាតិ​ចំនួន ១ភាគ៣ ក្នុង​ចំណោម​ទីតាំង​ធម្មជាតិ​ទាំង ២៥២ របស់​អង្គការ Unisco បាន​រង​ការ​គំរាមកំហែង​ដោយ​បម្រែបម្រួល​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ