សហរដ្ឋអាមេរិក-កូវីដ១៩

សហរដ្ឋអាមេរិក៖ មួយថ្ងៃ៣ធ្នូ ឆ្លង​កូវីដ​​១៩ថ្មីបន្ថែម ២១ម៉ឺននាក់

ក្រុមគ្រូពេទ្យអាមេរិក កំពុងនិយាយទៅកាន់​អ្នកជំងឺកូវីដ​១៩ នៅមន្ទីរពេទ្យ Roseland Community Hospital ទីក្រុងឆីកាហ្គោ ថ្ងៃទី​៣ ធ្នូ ២០២០
ក្រុមគ្រូពេទ្យអាមេរិក កំពុងនិយាយទៅកាន់​អ្នកជំងឺកូវីដ​១៩ នៅមន្ទីរពេទ្យ Roseland Community Hospital ទីក្រុងឆីកាហ្គោ ថ្ងៃទី​៣ ធ្នូ ២០២០ REUTERS - SHANNON STAPLETON

នៅសហរដ្ឋអាមេរិក ត្រឹមតែមួយថ្ងៃ​ទី៣ធ្នូ គេបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែម ដល់ទៅ​ ២១ម៉ឺននាក់​។ នេះគឺជាកម្រិតឆ្លងថ្មីខ្ពស់បំផុត គិតចាប់​ពីផ្ទុះការឆ្លងរាលដាលជម្ងឺនេះ នៅសហរដ្ឋអាមេរិក។ ចំណែក​ជំនួន​អ្នកស្លាប់ដោយ​កូវីដ​១៩វិញ ប្រមាណ​មួយសប្តាហ៍ចុងក្រោយនេះ គឺមានលើស ពី ២០០០នាក់ ជារៀងរាល់ថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

ការឆ្លងរាលដាលកូវីដ​១៩​ នៅសហរដ្ឋអាមេរិក មានទ្រង់ទ្រាយ កាន់តែធំឡើងៗ ប៉ុន្មានថ្ងៃចុងក្រោយនេះ។​ យោងតាមតួលេខផ្លូវការ ផ្សាយដោយសកលវិទ្យាល័យ John Hopkins នៅក្នុងមួយថ្ងៃ ទី៣ធ្នូ គេបានរកឃើញអ្នកឆ្លងថ្មីបន្ថែម ដល់ទៅ ២១ម៉ឺននាក់​ នៅទូទាំងសហរដ្ឋអាមេរិក។ ដោយឡែកចំនួន​អ្នកស្លាប់វិញ គិតពេញក្នុងមួយ​ថ្ងៃទី ៣ធ្នូ គឺមានជាង​២៩០០នាក់។

ការឆ្លងរាលដាលខ្លាំងនេះ គឺបន្ទាប់ពី​ប្រជាជនអាមេរិក បាន​ប្រារព្ធពិធីបុណ្យ Thanksgiving កាលពីថ្ងៃទី​២៦វិច្ឆិកា​​។ ក្នុងឱកាសបុណ្យនេះ ប្រជាជនអាមេរិក រាប់លាននាក់ បានធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ដែលប្រការនេះ អ្នកជំនាញសុខាភិបាលអាមេរិក បាន​ថ្លែងការព្រួយបារម្ភ ថាអាចកត្តាពង្រីក​ការឆ្លងរាលដាល។

លោក ចូ បៃដិន ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី​ ២០មករា ខាងមុខ បានលើកឡើងនៅទូរទស្សន៍ CNN ថា ពេលលោកចូលកាន់តំណែងភ្លាម លោកនឹងស្នើឲ្យ​ប្រជាជនអាមេរិក ត្រូវ​ពាក់ម៉ាសគ្រប់ៗគ្នា ក្នុងរយៈពេលយ៉ាងហោច ១០០ថ្ងៃ ដើម្បី​បង្អាក់ការឆ្លងរាលដាល កូវីដ១៩។ លោក ចូ បៃដិន ក៏បានលើកឡើងដែរ ថាលោក​នឹងស្នើឲ្យ​លោក Antony Fauci មកធ្វើជា​ទីប្រឹក្សាពិសេស​ស្តីពី​យុទ្ធសាស្ត្រប្រឆាំងនឹងកូវីដ១៩នេះ។

ទាក់ទិនការចាក់វ៉ាក់សាំងកូវីដ​១៩វិញ លោក ចូ បៃដិន រួមជាមួយ​នឹងអតីតប្រធានាធិបតី​អាមេរិក ២រូបទៀត គឺលោក ប៊ូស និងលោកអូបាម៉ា​ បាន​អះអាងរួមគ្នាថា នឹង​ទទួលការចាក់វ៉ាក់សាំង នេះ​ នៅ​ពេល​ណា​​អ្នកជំនាញ អះអាងថាមានប្រសិទ្ធិភាព​ល្អគ្រប់គ្រាន់ ដោយការចាក់នេះ នឹង​​ត្រូវ​ថត​ផ្សាយ​បន្តផ្ទាល់ តាមទូរទស្សន៍​តែម្តង។ លោកអូបាម៉ាអះអាងថា ធ្វើបែបនេះ​ គឺដើម្បី​ឲ្យ​ប្រជាជនអាមេរិក​​ទូទៅ​ មានទំនុកចិត្ត​ចំពោះ​វិទ្យាសាស្ត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI