អាមេរិក

សហរដ្ឋអាមេរិក៖លោកដូណាល់ ត្រាំប្រកាសពីការលាលែងពីតំណែងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក William Barr (រូបឆ្វេង) និង​លោក​ដូណាល់ ត្រាំ
រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក William Barr (រូបឆ្វេង) និង​លោក​ដូណាល់ ត្រាំ Brendan Smialowski AFP/File

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី១៤ ធ្នូ​ពី​ការ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក William Barr។ ការ​ប្រកាស​យ៉ាង​ដូច​នេះ​របស់​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​អង្គបោះឆ្នោត​បាន​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោក​ចូ បៃដិន​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា។ គួរ​រម្លឹក​ថា លោក Barr ដែល​ជា​មនុស្សជំនិត​ម្នាក់​របស់​លោក​ត្រាំ និង​បាន​ការពារ​លោក​ត្រាំ​បាន​បញ្ជាក់​ថា គ្មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ដូច​ដែល​លោក​ត្រាំ​បាន​ចោទ​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​អង្គបោះឆ្នោត​បាន​បញ្ជាក់​ពី​បរាជ័យ​របស់​លោក​ដូណាល់ ត្រាំ និង​ពី​ជ័យជម្នះ​របស់​លោក​ចូ បៃដិន​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា លោក​ត្រាំ​បាន​បង្ហោះ​លិខិត​លាលែង​ពី​តំណែង​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក William Barr នៅ​ក្នុង​ទំព័រ​បណ្តាញសង្គម Twitter របស់​លោក។ នៅ​ក្នុង​លិខិត​លាលែង លោក Barr ក៏​បាន​ធានា​ថា ការ​ស៊ើបអង្កេត​ស្តីពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នឹង​បន្ត​ធ្វើ។ លោក Barr នឹង​ចុះ​ចេញ​ពី​តំណែង​ជា​ផ្លូវការ​នៅ​មុខ​ថ្ងៃ​បុណ្យ​ណូអែល ពោល​តិច​ជាង ១ខែ​មុន​នឹង​លោក​ត្រាំ​ផ្ទេត​តំណែង​ទៅ​ឲ្យ​លោក​ចូ បៃដិន​នៅ​ថ្ងៃទី២០ មករា ឆ្នាំ ២០២១។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ចំនួន​បណ្តឹង​ដែល​លោក​ត្រាំ និង​ក្រុម​របស់​លោក​បាន​ប្តឹង​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត មាន ៥៩បណ្តឹង​បាន​ទទួល​បរាជ័យ។ សូម្បី​តែ​តុលាការ​កំពូល​ដែល​មាន​ចៅក្រម ៣រូប​តែងតាំង​ដោយ​លោក​ត្រាំ​ក៏​បាន​បដិសេធ​មិន​ចូលខ្លួន​អន្តរាគមន៍​លើ​លទ្ធផល​បោះឆ្នោត​ដែល​លោ​ត្រាំ​បាន​ជំទាស់​ដែរ។ សូម​រម្លឹក​ថា លោក William Barr ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ត្រាំ និង​បាន​ចេញ​មុខ​ការពារ​ក្រុម​លោកលោក​ត្រាំ រួម​ទាំង​លោក​ត្រាំ​ផ្កាប់​មុខ ពិសេស​លើ​សំណុំរឿង​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​យុទ្ធការឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​កាល​ពី​ឆ្នាំ ២០១៦។

តែ​នា​ពេល​ថ្មីៗ​កន្លង​ទៅ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​រូប​នេះ​ដដែល​ក៏​បាន​ចេញ​មុខ​ធានា​ថា គ្មាន​ការ​លួចបន្លំ​សន្លឹកឆ្នោត​ក្រោម​ទ្រង់ទ្រាយ​ធំ​ណា​មួយ​នា​ពេល​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា​ទេ។ ការ​ចេញ​មុខ​ធានា​អះអាង​ដូច​នេះ​បាន​ធ្វើ​ឲ្យ​លោក​ត្រាំ​មិន​សប្បាយចិត្ត និង​ដែល​បាន​ធ្វើ​ឲ្យ​លោក Barr គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ចុះ​ចេញ​ពី​កៅអី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI