សហរដ្ឋ​អាមេរិក

លោក​ត្រាំគិតខុស​ពី​គេ​ថា​ការ​វាយប្រហារ​អ៊ីនធ័រនែត ជា​ព័ត៌មាន​ក្លែងក្លាយ​របស់​សារព័ត៌មាន

លោកប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ និង​ប្រមុខ​ការ​ទូត​អាមេរិក លោក ប៉ុមប៉េអូ
លោកប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ និង​ប្រមុខ​ការ​ទូត​អាមេរិក លោក ប៉ុមប៉េអូ MANDEL NGAN AFP/Archivos

នៅ​សហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​ បាន​បញ្ចេញ​ប្រតិកម្ម​លើសំណុំ​​រឿងវាយប្រហារ​របស់ចោរអ៊ីនធ័រនែតទៅលើក្រសួង ស្ថាប័ន​សំខាន់ៗ​​របស់​រដ្ឋបាលអាមេរិក រួមទាំង​ក្រុមហ៊ុន​ឯកជនគ្រាក់​មួយ​ចំនួន។ តែ​ខុស​ពី​ការ​លើក​ឡើង​របស់​អ្នកទទួលខុសត្រូវ​អាមេរិក​ផ្សេង​ទៀតដែលចង្អុល​មុខ​ប្រទេស​រុស្ស៊ី លោក​ត្រាំបែរ​ជា​បាន​ចាត់​ទុក​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ​របស់​សារព័ត៌មាន​ទៅ​វិញ។

ផ្សាយពាណិជ្ជកម្ម

ក្រៅ​អំពី​បាន​ចាត់​ទុក​​ការ​វាយប្រហារ​អ៊ីនធ័រនែត​ដ៏​សម្បើម​​លើ​ក្រសួង​ស្ថាប័ន​រដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​អាមេរិកគ្រាក់​ជា​ច្រើន​ ថា​មាន​ទម្រង់​ជា​ព័ត៌មាន​ក្លែងក្លាយ​របស់​សារព័ត៌មានខ្លាំង​ជាង​ការ​ពិត​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​បង្ហាញជំហរ​ការពារ​រុស្ស៊ី​ទៀត។ សម្រាប់​លោក​ត្រាំ រុស្ស៊ី​បា​ន​ក្លាយ​ជា​ស្លាក​សញ្ញាអាទិភាព​សម្រាប់​គេ​ចង្អុល​មុខ នៅ​ពេល​មាន​រឿង​អ្វីកើត​ឡើង បើ​ទោះ​បី​ជា​រឿង​នោះអាច​មាន​ប្រភព​មក​ពី​ចិន​ក៏​ដោយ (អាច​ជា​ស្នាដៃចិន)!

មិនតែ​ប៉ុណ្ណោះ លោក​ប្រធានាធិបតី​ផុត​អាណត្តិ​ដែល​នៅ​តែ​មិន​ទាន់​ស្គាល់​បរាជ័យ​របស់​ខ្លួន​ បាន​ឆ្លៀត​ឱកាស​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​​ជា​ថ្មី ថា​ការ​វាយប្រហារ​អ៊ីនធ័រនែត​នេះ​អាច​មាន​ប៉ះពាល់​ដល់ម៉ាស៊ីនបោះឆ្នោត​ ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ថ្ងៃទី ៣ វិច្ឆិកាដែល​លោក​អាច​យក​ឈ្នះ​បានយ៉ាង​ងាយ។ ពិត​ជាការ​អាម៉ាស​ខ្លាំង​ណាស់​សម្រាប់​សហរដ្ឋ​អាមេរិក។ នេះ​ជា​សារ​បន្ថែម​របស់​លោក​ដូណាល់ត្រាំ។

អាមេរិករងការវាយប្រហារ​របស់ចោរព័ត៌មានវិទ្យា ក្នុងទ្រង់ទ្រាយដ៏ធំ មិនធ្លាប់មាន

ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​សន្តិសុខ​ព័ត៌មាន​វិទ្យា ក៏​ដូច​ជា​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ក្នុង​រដ្ឋបាល​លោក​ត្រាំ សុទ្ធ​តែសង្ស័យ​លើ​រុស្ស៊ី​ទាំង​អស់​គ្នា។ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ប៉ុមប៉េអូ ក៏​ទើប​បាន​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃសុក្រ​ទី ១៨​ធ្នូ ថា​ការ​វាយប្រហារ​អ៊ីនធ័រនែត​ដ៏​ធ្ងន់ធ្ងរ​លើកនេះ​ជាទង្វើ​​របស់ក្រុមចោរ​​រុស្ស៊ី​។ ជាការ​វាយប្រហារ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ​ផលប៉ះពាល់​និង​ការ​ខូចខាត​ត្រូវ​បាន​រក​ឃើញ​កាន់​តែ​ច្រើនឡើងៗ​។ តែ​​បេសកកម្មសម្ងាត់ៗ​រស៊ើបៗ​ ទាក់ទងជាអាទិ៍​​នឹងបញ្ហា​​សន្តិសុខ​នុយក្លេអ៊ែរ​​ មិន​ត្រូវ​បានចោរ​ហែក​បានទេ។ ចំណែក​​រុស្ស៊ី​បាន​ចេញ​មុខ​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​​ថា​ពុំ​បាន​បញ្ចេញ​សកម្មភាព​នេះទេ។

សូម​បញ្ជាក់​ថា ហេតុការណ៍​នេះ​បានធ្លាក់​មក​ជួន​ចំពេល​ដែលរដ្ឋបាល​លោក​ដូណាល់ ត្រាំ បាន​សម្រេច​បិទ​ស្ថាន​កុងស៊ុល​អាមេរិក ​ចំនួន​ពីរចុងក្រោយ​នៅរុស្ស៊ី ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ។ ​ក្រសួងការបរទេស​អាមេរិក បាន​ជូន​ដំណឹង​ដល់​ព្រឹទ្ធសភា​សុំ​បិទ​ស្ថានកុងស៊ុល​នេះ​ កាលពី​ប៉ុន្មាន​ថ្ងៃមុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI