សហរដ្ឋអាមេរិក-កូវីដ១៩

សភាអាមេរិក​ទាំង២​ត្រូវរ៉ូវគ្នា ​សម្រេច​​កញ្ចប់​ថវិកា​ជួយ​សេដ្ឋកិច្ច ជិត​៩០០ពាន់​លាន​ដុល្លារ

វិមានកាពីតូល ក្រុងវ៉ាស៊ីនតោន ទីតាំងសភាទាំង២ របស់សហរដ្ឋអាមេរិក
វិមានកាពីតូល ក្រុងវ៉ាស៊ីនតោន ទីតាំងសភាទាំង២ របស់សហរដ្ឋអាមេរិក REUTERS/Joshua Roberts

តំណាងបក្សទាំង២ សភាជាន់ទាប និងព្រឹទ្ធសភាអាេមរិក បាននិយាយ​​ត្រូវរ៉ូវគ្នា ក្នុងការសម្រេច​ផែនការជួយ​សេដ្ឋកិច្ច និងជីវភាពប្រជាជន​ នៅក្នុងខណៈដែលសេដ្ឋកិច្ចអាេមរិកទាំងមូល កំពុងរងវិបត្តិខ្លាំង ដោយ​កូវីដ១៩។ ផែនការជួយសេដ្ឋកិច្ច​ជាលើកទី២នេះ គិតជាទឹកប្រាក់ គឺប្រមាណ​ជិត​៩០០ពាន់លានដុល្លារ។ បើគ្មានឧបសគ្គអ្វីនៅនាទីចុងក្រោយទេ ផែនការនេះ នឹង​ត្រូវអនុម័តដោយសភាទាំង២នៅ​ថ្ងៃ​ចន្ទ ទី​២១ធ្នូ។

ផ្សាយពាណិជ្ជកម្ម

តំណាងគណបក្សធំៗទាំង២ នៃសភាខុសហ្គ្រេសអាមេរិក បានបញ្ជាក់ ឲ្យដឹងកាលពីថ្ងៃអាទិត្យទី​២០ធ្នូថា គេបាន​និយាយត្រូវរ៉ូវគ្នា ដើម្បីសម្រេចកញ្ចប់ថវិកា ចំនួន​ជិត​៩០០ពាន់លានដុល្លារ ដើម្បីជួយសេដ្ឋកិច្ចអាមេរិក ដែលដុនដាបខ្លាំង ដោយសារវិបត្តិកូវីដ​១៩។

យោងតាមការបញ្ជាក់ របស់លោកស្រី Nancy Pelosi ប្រធានសភាតំណាង ផែនការជួយ​សេដ្ឋកិច្ចលើកនេះ គឺមានជាអាទិ៖ ការផ្តល់ប្រាក់ចំនួន​៦០០ដុល្លារ សម្រាប់សមាជិកម្នាក់ៗទាំងក្មេងទាំងចាស់ ក្នុងគ្រួ​សារដែលមានជីវភាពក្រីក្រខ្លាំង ២៥ពាន់លានដុល្លារសម្រាប់ជួយដល់ប្រជាជន ដើម្បីកុំឲ្យ​គេបណ្តេញចេញពី​ផ្ទះជួល និងប្រមាណជិត១០០ពាន់លានដុល្លារ សម្រាប់ជួយ​ដល់សាលារៀន និងទីតាំងទារកដ្ឋាន ឲ្យ​បន្តដំណើរការបើកទ្វារ។ បន្ថែមពីនេះ គេបាន​កំណត់​ប្រាក់​ជំនួយ​សម្រាប់អ្នកបាត់បង់ការងារ គឺ៣០០ដុល្លារ ក្នុងមួយ​សប្តាហ៍។

សូមបញ្ជាក់ថា នេះគឺជាផែនការ​បញ្ចេញទឹកប្រាក់ជួយសេដ្ឋកិច្ច ជាលើកទី២ របស់សភាអាមេរិក បន្ទាប់ពី​ប្រទេសមហាអំណាចសេដ្ឋកិច្ចនេះ ត្រូវរងផល​ប៉ះពាល់យ៉ាងខ្លាំងដោយ​វិបត្តិកូវីដ១៩។ ផែនការលើកទីមួយ​ ត្រូវបាន​អនុម័ត កាលពី​ខែ​មីនា ដោយ​មានទឹកប្រាក់សរុប ចំនួន​២២០ម៉ឺន​លានដុល្លារ។

ជាច្រើនខែមកហើយ ដែល​អ្នកជំនាញសេដ្ឋកិច្ចបាន​រន្ធាន់ ឲ្យ​សភាអាេមរិកទាំង២ ត្រូវអនុម័ត​ផែនការជួយ​សេដ្ឋកិច្ចម្តងទៀត ក៏ប៉ុន្តែការចរចាគ្នាបានជាប់គាំង រវាងសភាទាំង២ ដែលមួយបក្សប្រជាធិបតេយ្យជាអ្នកមានសម្លេងភាគច្រើន និងមួយទៀតបក្ស​សាធារណៈរដ្ឋមានសម្លេងភាគច្រើន។ 

បក្សប្រជាធិបតេយ្យ បានទាមទារ​ការចំណាយ​ឲ្យ​បានខ្ពស់បំផុត ប្រហាក់ប្រហែលនឹងផែនការលើកទី១ និងជាពិសេស គឺត្រូវជួយ​ជាប្រាក់ដោយ​ផ្ទាល់ ទៅប្រជាជនម្នាក់ៗយ៉ាងហោច ១២០០ដុល្លារ សម្រាប់ប្រជាជនម្នាក់។ តែសំណើរនេះ ត្រូវបាន​សមាជិកសភា បក្សសាធារណៈរដ្ឋបដិសេធ​។ លោក Mitt Romney សមាជិកព្រឹទ្ធសភាបក្ស​សាធារណៈរដ្ឋ បានលើកឡើងថា អ្វីដែល​សំខាន់ និងចាំបាប់បំផុត គឺជួយ​សហគ្រាសធនតូច នឹងមធ្យម កុំឲ្យ​បិទទ្វារ ឬបណ្តេញបុគ្គលិក។ ធ្វើបែប​នេះ គឺដើម្បី កុំឲ្យ​បុគ្គលិកបាត់បង់ការងារ និងប្រាក់ខែ។

គួរកត់សំគាល់ថា ប្រមាណ​២សប្តាហ៍ចុងក្រោយនេះ ការឆ្លងរាលដាលកូវីដ១៩ នៅសហរដ្ឋអាមេរិក មានស្ថានភាពកាន់តែដុនដាបខ្លាំងឡើង។ អត្រាអ្នកអត់ការងារធ្វើ ក៏កាន់តែឡើង។ យោងតាមតួលេខរបស់​ក្រសួងហិរញ្ញវត្ថុអាមេរិក នៅឆ្នាំ២០២០នេះ អត្រាអ្នកអត់ការងារធ្វើ អាចឡើងដល់ ៦.៧%។ ចាប់តាំងពីឈ្នះឆ្នោតភា្លម លោកចូ បៃដិន បានអំពាវនាវ ឲ្យ​សភាទាំង២ ស្វែងរកការត្រូវរ៉ូវគ្នា ដើម្បី​អនុម័តផែនការជួយ​ជាបន្ទាន់ ដល់សេដ្ឋកិច្ច និងជីវភាពប្រជាជនអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI