សហរដ្ឋ​អាមេរិក

លោក ដូណាល់ ត្រាំ ច្រាន​ចោល​ផែនការសេដ្ឋកិច្ច​ប្រឆាំង​កូវីដ១៩ដែល​អនុម័ត​ដោយសភា

លោកដូណាល់ត្រាំ បដិសេធ​ផែនការ​សេដ្ឋកិច្ច​ដែលអនុម័ត​ដោយសភា
លោកដូណាល់ត្រាំ បដិសេធ​ផែនការ​សេដ្ឋកិច្ច​ដែលអនុម័ត​ដោយសភា JIM WATSON AFP/Archivos

ជាប់​គាំង​អស់​ជា​ច្រើន​ខែ សភា​និង​ព្រឹទ្ធសភា​អាមេរិក ទើប​ព្រមព្រៀង​គ្នា​នៅយប់​ថ្ងៃ​ចន្ទទី ២១​ធ្នូ អនុម័ត​​​ផែនការ​សេដ្ឋកិច្ច​ សម្រាប់យក​ទៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ដែល​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ១៩។ ប៉ុន្តែ​គួរឱ្យ​ភ្ញាក់ផ្អើល លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្រេច​ចិត្ត​មិន​ចុះ​ហត្ថលេខា​លើ​គម្រោង​ច្បាប់​ថវិកា​នេះ​ទេ។ លោកត្រាំ បដិសេធផែនការ​សេដ្ឋកិច្ច​តម្លៃ​៩០០​ពាន់​លានដុល្លារ ដោយ​យល់​ថា​តិច​ពេក។

ផ្សាយពាណិជ្ជកម្ម

ផែនការ​សេដ្ឋកិច្ច​តម្លៃ​៩០០ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​​សភា​ទាំង​ពីរ​របស់​អាមេរិក​ ​បោះឆ្នោតអនុម័ត​ក្នុង​សំឡេង​ភាគ​ច្រើន​លើស​លុប​ ដោយ​មាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក​តែ​៦​រូប​គត់​ប្រឆាំង។ នេះ​ជា​ផែនការ​សង្គ្រោះ​ទី​ពីរ​ដែល​សំដៅ​ស្រោច​ស្រង់​​សេដ្ឋកិច្ច​ពី​​វិបត្តិ​កូវីដ១៩ ដោយ​ក្នុង​នោះ​គ្រួសារអាមេរិក​​ក្រីក្រ​ខ្លាំ​ងនឹង​ទទួល​បាន​​ប្រាក់​ម្នាក់ៗចំនួន ៦០០​ដុល្លារ​ ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ​។

ប៉ុន្តែ​ការ​សន្យា​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​មិន​អាច​សម្រេច​ជារូប​រាង​បាន​ទេ ព្រោះ​លោក​​ប្រធានាធិបតី ​​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​ផ្តល់​សុពលភាពដល់​ផែនការ​សង្គ្រោះ​នេះ​ទេ។ នៅ​ក្នុង​សារវីដេអូ លោក ដូណាល់ ត្រាំ បាន​ទាមទារ​ឱ្យ​ព្រឹទ្ធ​សភា​កែប្រែ​គម្រោង​ច្បាប់ និង​ត្រូវ​បង្កើនប្រាក់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​ ៖ ៦០០​ដុល្លារ​ជា​ចំនួន​​តិច​ជ្រុលណាស់ ត្រូវ​តែ​ដំឡើង​ឱ្យ​ដល់​២ពាន់​ដុល្លារ​ម្នាក់ ឬ​បួន​ពាន់​សម្រាប់​​​គ្រួសារ​មានប្តីប្រពន្ធ។ ​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ ​បាន​ទាមទារ​​ថែមទៀត​ ឱ្យ​ព្រឹទ្ធសភា​លុប​ចោល​ចំណាយ​​គ្មានប្រយោជន៍​និង​​​គ្មាន​ពាក់​ព័ន្ធ​នឹងកញ្ចប់​​ថវិការបស់​រដ្ឋាភិបាល ដែល​លោក​បានរាយរាប់មួយ​ខ្សែវែង។ បើ​គ្មានការ​កែប្រែតាម​សំណើ​របស់លោក​ទេ  ត្រូវ​ទុក​ឱ្យ​រដ្ឋបាល​អាមេរិក​ថ្មី​ ដែល​អាច​ជា​រូប​លោក​ដដែល ជា​អ្នក​សម្រេច​ចុះ។ នេះ​បើ​តាម​ការ​អះអាងរបស់​លោកត្រាំ ដែលនៅ​តែ​​បដិសេធមិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោតប្រធានាធិបតី​ថ្ងៃទី ៣​វិច្ឆិកា២០២០។

លោកស្រី​ Nancy Pelosi ប្រធានព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​បាន​ឆ្លើយ​តប​ភ្លាម​ដោយ​គ្មាន​បង្អង់​ថា​ ព្រឹទ្ធសភា​ត្រៀម​ជា​ស្រេច​នឹង​អនុម័ត​​សំណើ​ដំឡើង​ជំនួយ នៅ​សប្តាហ៍​នេះ​តែម្តង។ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី លោក ចូបៃដិន បាន​អះអាង​តាំង​ពី​ថ្ងៃ​ម្សិលមិញ​មក ថា​ផែនការ​៩០០ពាន់​លាន​ដុល្លារ​មិនគ្រប់គ្រាន់​ទេ ប៉ុន្តែ​ជា​ជំហាន​ទីមួយ រដ្ឋបាល​អាមេរិក​ថ្មី​នឹង​មាន​ផែនការ​សង្គ្រោះ​ថ្មី​បន្ថែម​ទៀត។​

សូមបញ្ជាក់​ថា​គម្រោង​ច្បាប់ ដែល​បដិសេធ​ដោយ​លោក​ដូណាល់ ត្រាំ​នេះ គ្រោង​ទម្លាយ​ មួយ​ផ្នែកថវិកា​៩០០ពាន់​លានដុល្លារ​ សម្រាប់​យក​ទៅ​ជួយ​ពលរដ្ឋ​និង​ក្រុមហ៊ុន​ជួប​ការ​លំបាក​ និង​មួយផ្នែក​ទៀត​ ទំហំ​១៤០០​ពាន់​លានដុល្លារ​ជា​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ក្នុង​រដ្ឋបាល។ ដូច្នេះ​បើ​គ្មាន​ការ​ផ្តល់​សុពលភាព​ពី​ប្រធានាធិបតី​ទេ នោះអាមេរិក​នឹង​អាច​ជួប​ផលវិបាកខ្លាំង ដោយ​​រដ្ឋបាល​អាមេរិក​អាច​នឹង​ត្រូវ​​បិទ​ទ្វារ​​គ្មាន​ថវិកា​ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ២៨​ធ្នូ​ទៅហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI