សហរដ្ឋ​អាមេរិក-ថវិកាការពារជាតិ

លោកដូណាល់​ត្រាំ ផ្គើន​ព្រឹទ្ធសភា​ ដោយ​ប្រើ​វេតូប្រឆាំង​នឹង​ច្បាប់​ថវិកាការពារ​ជាតិ​

លោក ដូណាល់ ត្រាំដាក់​វេតូ​ប្រឆាំងនឹង​ច្បាប់​ថវិកា​ការពារ​ជាតិ
លោក ដូណាល់ ត្រាំដាក់​វេតូ​ប្រឆាំងនឹង​ច្បាប់​ថវិកា​ការពារ​ជាតិ AP - Patrick Semansky

បន្ទាប់​ពី​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​គម្រោង​ច្បាប់ថវិកា​ជាតិ​ និង​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​ពី​វិបត្តិកូវីដ១៩មក នៅ​ថ្ងៃពុធ​ទី ២៣​ធ្នូ​២០២០ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រើ​វេតូ ប្រឆាំង​នឹង​ច្បាប់​ថវិកា​ការពារ​ជាតិ​ទៀត។ ច្បាប់​ថវិកាការពារ​ជាតិ ទំហំ ៧៤០ពាន់​លានដុល្លារ​​កន្លះ ត្រូវ​បាន​​សភា​ និង​ព្រឹទ្ធសភា​អាមេរិក​​បោះឆ្នោត​អនុម័ត​ ក្នុង​សំឡេង​ភាគ​ច្រើន​លើ​ស​លុប កាលពីពីរ​សប្តាហ៍​មុន។

ផ្សាយពាណិជ្ជកម្ម

“ច្បាប់​ថវិកា​ការពារ​ជាតិ​នេះ មិន​បានចាត់​​បញ្ចូល​អំពី​វិធានការ​ដ៏សំខាន់​​សម្រាប់​សន្តិសុខ​ជាតិ​ទេ និង​មាន​ទិសដៅ​ផ្ទុយ​ពី​រដ្ឋាភិបាលរបស់​លោក​ ដែលតែង​តែ​​គិត​ពី​ប្រយោជន៍​អាមេរិក​ ​ក្នុង​វិស័យ​សន្តិសុខ​ជាតិ​និង​នយោបាយការបរទេស ​មុន​គេ”។ នេះ​ជា​សារ​ផ្លូវការ​របស់​​លោក​ដូណាល់ ត្រាំ ទៅ​កាន់​ព្រឹទ្ធសភា​ ដោយ​រំលើក​ថា​ច្បាប់​ថវិកានេះ​ជា​កាដូសម្រាប់​ចិន​និង​រុស្ស៊ី។

ច្បាប់​ថវិកាការពារ​ជាតិ​ដែល​លោក​ត្រាំ បាន​បញ្ជូន​ត្រលប់​ទៅ​ព្រឹទ្ធសភាវិញ នៅ​ថ្ងៃពុធ​ទី ២៣​ធ្នូ​ម្សិលមិញ គ្រោង​​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​យោធា​ចំនួន ៣% ប៉ុន្តែ​​លោក​ប្រធានាធិបតី ជិត​ផុត​អាណត្តិ បាន​ប្រើ​វេតូ​ប្រឆាំង ព្រោះ​ច្បាប់​នេះ មិនបាន​បញ្ចូលការ​រំលាយ​ មាត្រា២៣០ ស្តី​ពី​លក្ខន្តិកៈច្បាប់​នៃ​បណ្តាញ​សង្គម ដែល​លោក​យល់​ថាលម្អៀង​​ប្រឆាំង​នឹង​លោក។

បើតាម​លោកប្រធានាធិបតី មាត្រា​២៣០ សម្រួល​ការ​រីករាលដាលនៃ​ព័ត៌មានអន្តរជាតិ​ក្លែងក្លាយ​តាមអនឡាញ ដែល​ជា​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ និង​សុចរិតភាព​នៃ​ការ​បោះឆ្នោត​យ៉ាងធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ ច្បាប់​ថវិកាការពារ​ជាតិ​គ្រោងប្តូរ​ឈ្មោះ​​មូលដ្ឋានកងទ័ព​ដើម្បី​លើក​កិត្តិយស​ដល់​ឧត្តមសេនីយ៍​ដែល​ការពារ​ទាសភាព តែ​មូលដ្ឋាន​ទ័ព​នោះ​ជា​អ្នក​ជួយ​អាមេរិក​ឱ្យ​បាន​ឈ្នះ​សង្គ្រាមលោក​ទាំង​ពីរ។ ម្យ៉ាង​វិញ​ទៀត ​វិធានការ​ចែងក្នុង​ច្បាប់​ផ្ទុយ​ពី​ឆន្ទៈ​និង​ការខិត​ខំ​របស់​លោក ក្នុង​ការនាំ​​ទាហាន​អាមេរិក នៅ​អាហ្វហ្កានីស្ថាន នៅ​អាល្លឺម៉ង់ និង​នៅកូរ៉េខាងត្បូង ឱ្យ​ត្រលប់​ចូល​ស្រុក​វិញ។ ទាំង​នេះ​ជា​មូលហេតុ​​ ដែលជំរុញ​ឱ្យ​​​​លោកត្រាំ​ប្រឆាំងនឹង​ច្បាប់​ថវិកាការពារ​ជាតិ។

ក្រៅ​អំពី​ការ​ប្រតិកម្ម​របស់​គណបក្ស​ប្រជាធិបតេយ្យ​​ ​បរិហារ​ទង្វើ​​របស់​លោក​ប្រធានាធិបតី​ថា​គ្មានទំនួល​ខុស​ត្រូវ និងបានបង្កភាព​វឹកវរ វេតូ​របស់​លោកត្រាំ​ក៏​បាន​ធ្វើ​គណបក្ស​សាធារណរដ្ឋរបស់​លោក​ធ្លាក់​ក្នុងភាពទើស​ទ័ល​យ៉ាងខ្លាំង។ ប្រធាន​គណៈកម្មការ​ការពារ​ជាតិ​នៃគណបក្ស​សាធារណរដ្ឋ នៅ​ព្រឹទ្ធសភា លោក Jim Inhofe ​បាន​លើក​ឡើងអំពីស្នាដៃ​សម្រេច​បាន​របស់លោកត្រាំ តែ​បាន​បញ្ជាក់​គាំទ្រ​ជា​ថ្មី​ ច្បាប់​ថវិកា​ការពារ​ជាតិ​ថា ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​សន្តិសុខ​ជាតិ​ និង​នាយ​ទាហាន​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI