សហរដ្ឋអាមេរិក

លោកចូ បៃដិនទាមទារ​ឲ្យ​លោកដូណាល់ ត្រាំ ត្រូវ​​ចុះហត្ថលេខា​លើ​ផែន​ការ ​​បញ្ចេញ​​ថវិកា​ជួយ​​​​សេដ្ឋកិច្ច​​​ជា​​​បន្ទាន់

អ្នកស្ម័គ្រចិត្ត កំពុងចែកចំណីអាហារ ជួយដល់​ប្រជាជនអាមេរិក ក្រីក្រខ្លាំង ដែលបាត់បង់ការងារ ដោយសារតែវិបត្តិកូវីដ​១៩។ ក្រុង Warren រដ្ឋ Michigan ថ្ងៃទី​២១ ធ្នូ ២០២០
អ្នកស្ម័គ្រចិត្ត កំពុងចែកចំណីអាហារ ជួយដល់​ប្រជាជនអាមេរិក ក្រីក្រខ្លាំង ដែលបាត់បង់ការងារ ដោយសារតែវិបត្តិកូវីដ​១៩។ ក្រុង Warren រដ្ឋ Michigan ថ្ងៃទី​២១ ធ្នូ ២០២០ REUTERS - EMILY ELCONIN

សភាខុនហ្ក្រេស បានបោះឆ្នោតសម្រេចកញ្ចប់​ថវិកាប្រមាណ​៩០០ពាន់ដុល្លារ ដើម្បីជួយសេដ្ឋកិច្ចអាមេរិក​។ ក៏ប៉ុន្តែ លោក​ដូណាល់ ត្រាំ បាន​បដិសេធ មិនព្រមចុះហត្ថលេខាយល់ព្រម។ លោកចូ បៃដិន បានអំពាវនាវ កាលពីថ្ងៃសៅរ៍ទី​២៦ធ្នូ​ ឲ្យ​លោកដូណាល់ ត្រាំ ត្រូវតែចុះហត្ថលេខា បញ្ចេញកញ្ចប់ថវិកានេះជាបន្ទាន់ ពុំនោះទេសេដ្ឋកិច្ច និងជីវភាពប្រជាជន​អាមេរិករាប់សិបលាននាក់ នឹងជួប​ការលំបាក។

ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ការចរចា យ៉ាងលំបាកលំបិនជាច្រើនខែ បក្សទាំង២នៅសភាខុសហ្ក្រេស បាន​ព្រមព្រៀងគ្នាសម្រេចកញ្ចប់ថវិកា ដើម្បីជួយ​សេដ្ឋកិច្ច ដែលមានតម្លៃប្រមាណ​ជិត​៩០០ពាន់លានដុល្លារ។ តែទីបំផុត លទ្ធផលនៃ​ការប្រឹងប្រែងទាំងនេះ ត្រូវនៅជាប់គាំង ដោយ​សារតែលោកដូណាល់ ត្រាំ មិនព្រមចុះហត្ថលេខា។

នៅលើទំព័រ Twitter លោកដូណាល់ ត្រាំ បានសរសេរថា លោកមិនចុះហត្ថលេខា ដោយ​សារលោកយល់ថា ប្រាក់៦០០ដុល្លារ ដែលផែនការនេះកំណត់ ផ្តល់ឲ្យ​សាមជិកម្នាក់ៗនៃគ្រួសារអាមេរិកដែលក្រីក្រ គឺវាតិចពេក។ លោកចង់ឲ្យ​បានដល់២០០០ដុល្លារ។

លោក ចូ បៃដិន ដែលមិនទាន់អាចមានសិទ្ធិសម្រេចអ្វីទាំងអស់ មុនថ្ងៃទី​២០មករា បានអំពាវនាវ ឲ្យ​លោកដូណាល់ ត្រាំ ត្រូវតែចុះហត្ថលេខាជាបន្ទាន់ លើផែនការកញ្ចប់ថវិការនេះ។ ប្រជាជនអាមេរិក ដែលអត់ការងារធ្វើ ប្រមាណ​១០លាននាក់ កំពុងរងចាំជំនួយថវិកា។ កាលពីថ្ងៃសៅរ៍ទី​២៦ធ្នូ ប្រាក់បំណាច់​ប្រចាំសប្តាហ៍ សម្រាប់អ្នកអត់ការងារធ្វើត្រូវបាន​ផុតហើយ ហើយនៅសប្តាហ៍ក្រោយ​ បើគ្មានច្បាប់ថ្មី គឺពួកគេមិនអាចបើកប្រាក់បានទេ។ ជាងនេះទៀត សេវារដ្ឋបាល​របស់រដ្ឋ នឹងប្រឈម​នឹងការបិទទ្វារ ចាប់ពីថ្ងៃទី ២៨ធ្នូទៅ ដោយសារតែគ្មានថវិកា។

គួរកត់សំគាល់ថា ការ​កំណត់ប្រាក់ជំនួយ​​ឧបត្ថម្ភ​ ចំនួន​៦០០ដុល្លារ សម្រាប់ប្រជាជនក្រីក្រនេះ តាមពិត ត្រូវបាន​រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់​លោកដូណាល់ ត្រាំ យល់ព្រម​រួចទៅហើយ។ ជាផលវិបាក ការរឹងទទឹងមិនព្រមចុះហត្ថលេខា របស់​លោក​ដូណាល់ ត្រាំ នាពេលនេះ​ គឺបានធ្វើ​ឲ្យ​ផែនការនេះ​ មិនអាចចូលជាធរមានបាន ហើយ​កុំថាឡើយ​ ប្រាក់​២០០០ដុល្លារដែលលោក​ដូណាល់ ត្រាំចង់បាន​ សូម្បីតែ៦០០ដុល្លារ ក៏​ប្រជាជនអាមេរិកក្រីក្រ មិនអាចទទួលបាន​ដែរ។

អ្នកវិភាគខ្លះ បានលើកឡើងថា អាកប្បកិរិយារបស់​លោកដូណាល់ ត្រាំ នាពេលនេះ គឺមិនមែនលោក​មានចិត្ត​​អាណិតពិតប្រាកដ​ ចង់ជួយ​ប្រជាជនក្រីក្រអាមេរិកនោះទេ តែលោកដូណាល់ ត្រាំ​​ចង់ឆក់ឱកាសចុងក្រោយ បង្ហាញថាលោក ចិត្តល្អ ចង់ឲ្យ​ប្រជាជនបាន អាច​ទទួលបាន​​ប្រាក់ជំនួយ​ច្រើនជាងអ្វីដែល បក្សនយោបាយធំៗទាំង២នៅសភា បានអនុម័ត។ ការបដិសេធ មិនព្រមចុះហត្ថលេខា របស់​លោកដូណាល់​ ត្រាំ លើកញ្ចប់ថវិកានេះ នឹងធ្វើឲ្យ​សេដ្ឋកិច្ចអាមេរិក​ជួប​វិបត្តិកាន់តែធ្ងន់ ព្រោះសហគ្រាសធនតូច ភោជនីយដ្ឋាន វិស័យទេសចរណ៍ សណ្ឋាគារ ប្រឈមនឹងការក្ស័យធន បើគ្មានប្រាក់ជំនួយបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI