អាមេរិក-អឺរ៉ុប-សង្រ្គាម​ពាណិជ្ជកម្ម

សង្រ្គាមពាណិជ្ជកម្ម៖ រដ្ឋាភិបាល​​លោកដូណាល់ត្រាំ សម្រេចដំឡើងពន្ធ​លើទំនិញ​អឺរ៉ុប​​បន្ថែម​ទៀត

ហាងស្រាមួយ​កន្លែង​ នៅសង្កាត់ Brooklyn ក្រុងញូយ៉ក ដែលមានលក់ភាគច្រើន សុទ្ធតែស្រាបារាំង។ ញូយ៉ក ថ្ងៃទី​២០ មីនា ២០២០
ហាងស្រាមួយ​កន្លែង​ នៅសង្កាត់ Brooklyn ក្រុងញូយ៉ក ដែលមានលក់ភាគច្រើន សុទ្ធតែស្រាបារាំង។ ញូយ៉ក ថ្ងៃទី​២០ មីនា ២០២០ AFP - ANGELA WEISS
ដោយ៖ ម៉ម ពិសី
១៦ នាទី

រដ្ឋាភិបាល​លោកដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធ​នាំចូល លើទំនិញអឺរ៉ុបមួយ​ចំនួន ដែលក្នុងនោះគឺ​មានទំនិញស្រាទំពាំងបាយជូរ និង​គ្រឿងបន្លាស់យន្តហោះជាដើម។ គណកម្មការអឺរ៉ុប បាន​ប្រតិកម្ម​ថា ការសម្រេច​ដំឡើងពន្ធដោយ​ឯកច្ឆ័ន ពីសំណាក់រដ្ឋាភិបាល​លោកដូណាល់​ ត្រាំនេះ គឺជាទង្វើមិនសមរម្យ ហើយ​វានឹងរំខាន់ដល់ដំណើរការ​ចរចា ដោះស្រាយវិវាទរវាងក្រុម​ហ៊ុន​ផលិត​យន្តហោះអឺរ៉ុប Airbus និងក្រុម​ហ៊ុន​អាមេរិក Boeing។

ផ្សាយពាណិជ្ជកម្ម

៣សប្តាហ៍មុនចប់អាណត្តិ លោកដូណាល់ ត្រាំ បានសម្រេច​ដំឡើងពន្ធលើទំនិញអឺរ៉ុប ដែលក្នុងនោះគឺ​ភាគច្រើនសំដៅលើទំនិញអាល្លឺម៉ង់ និង​ទំនិញបារាំង។ យោងតា​មលិខិតប្រកាស របស់​តំណាង​កិច្ចការពាណិជ្ជកម្មអាេមរិក ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍ទី៣១ធ្នូ តារាង​អត្រាពន្ធនាំចូលថ្មីនេះ នឹងចូលជាធរមាន​ ចាប់ពីថ្ងៃទី​១២មករា ឆ្នាំ​២០២១។ ទំនិញ ដែល​ត្រូវដំឡើងពន្ធ ២៥% គឺមានដូចជា ស្រាទំពាំងបាយ​ជូរ ប្រភេទគ្មានហ្កាស សាច់ទំពាំងបាយ​ជូរផ្អាប់ ស្រាកូញ៉ាក់។ ចំណែក​ទំនិញដែល​នឹងត្រូវដំឡើងពន្ធចំនួនន​ ១៥% គឺជាទំនិញគ្រឿងបន្លាស់យន្តហោះ។

គួររំលឹកថា អត្រាដំឡើងពន្ធថ្មី ដែលរដ្ឋាភិបាល​លោកដូណាល់ ត្រាំ បានសម្រេចនេះ គឺវាមកបន្ថែមពីលើ​ការដំឡើងរួចម្តងហើយ កាលពី​ឆ្នាំ​២០១៩ ទៅលើទំនិញអឺរ៉ុប ដូចជាស្រាទំពាំងបាយជូរ ហ្រ្វូម៉ាហ្ស ប្រេងអូលីវ ស្រាវីស្គី និងយន្តហោះ។

ភ្លាមៗក្រោយទទួលបានដំណឹង នៃការដំឡើងបន្ថែមពន្ធជាថ្មីនេះ គណកម្មការអឺរ៉ុប បានមានប្រតិកម្មថា រដ្ឋាភិបាល​របស់​ដូណាល់ ត្រាំ ធ្វើ​នេះមិនសមរម្យទាល់តែសោះ។ ការដំឡើងពន្ធនេះ មានទំរង់ជាការសងសិក គំរាមសំឡុតមកដល់ភាគីអឺរ៉ុប។ គណកម្មការអឺរ៉ុបលើកឡើងថា បញ្ហានេះ វានឹងធ្វើ​ឲ្យប៉ះពាល់ ដល់ការចរចាបញ្ចប់វិវាទ រវាងក្រុមហ៊ុនAirbus និងក្រុម​ហ៊ុន​Boeing។ គណកម្មការអឺរ៉ុបអះអាងថា សហភាពអឺរ៉ុប និង​ចរចានិយាយជាមួយ​រដ្ឋាភិបាល​ថ្មី ដែលដឹកនាំដោយ​លោក ចូ បៃដិន ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។

តំណាងសហព័ន្ធអ្នកនាំចេញស្រាទំពាំងបាយជូរ និង​ភេសជ្ជៈអាល់​កុលខ្លាំង របស់បារាំងបានលើកឡើងថា ការកំហិតអត្រាពន្ធថ្មីនេះ នឹងធ្វើ​ឲ្យអ្នក​រកស៊ី​ក្នុងវិស័យនេះ ​ខាតបង់ប្រាក់ប្រមាណជាសរុប អាចលើសពី​១ពាន់លានអឺរ៉ូ។ ដោយឡែក តំណាងក្រុមហ៊ុន Airbus បានលើកឡើងថា ខ្លួនសោកស្តាយណាស់ មិនគួររដ្ឋាភិបាល​លោកដូណាល់​ ត្រាំ យកបញ្ហាវិវាទរវាង​ Airbus និង Boeing យកមកធ្វើ​ជា​កម្មវត្ថុសងសឹង ដំឡើងពន្ធលើទំនិញអឺរ៉ុបបែបនេះឡើុយ។

គួររំលឹកថា វិវាទរវាងអាណាចក្រផលិត​យន្តហោះធំៗទាំង២ គឺ Airbus និង Boeing បានចាប់ផ្តើមកាលពី​ឆ្នាំ​២០០៤ ទាក់ទិននឹងជំនួយ​ហិរញ្ញវត្ថុសាធារណៈ ដែលក្រុមហ៊ុន​ទាំងនេះបានទទួល​ ហើយ​ដែល​គេចោទគ្នាទៅវិញទៅមក ថាខុសច្បាប់ និងផ្ទុយពីលក្ខខណ្ឌនៃ​ការប្រកួតប្រជែង។​ រហូតបច្ចុប្បន្ន ចៅក្រម​របស់​អង្គការពាណិជ្ជកម្មពិភព​លោក នៅមិនទាន់ដោះស្រាយ​បាន​ចប់សព្វគ្រប់ទេ ដោយ​បញ្ហានេះបានក្លាយ​ជារងើក បញ្ឆេះសង្រ្គាម​ពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងរដ្ឋាភិបាល​អាេមរិក ដឹកនាំដោយ​លោកដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI