សហរដ្ឋអាមេរិក៖ហេតុអ្វីបានជាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩មានភាពយឺតយ៉ាវជាងការរំពឹងទុក?
ចុះផ្សាយនៅថ្ងៃ៖
នៅសហរដ្ឋអាមេរិក គិតតាំងពីថ្ងៃដំបូងមកដល់ថ្ងៃទី១ មករា ឆ្នាំ ២០២១ ចំនួនករណីវិជ្ជមានជំងឺកូវីដ១៩ មានជាង ២០លានករណី។ ចំណែកចំនួនអ្នកស្លាប់ដោយកូវីដ១៩មានជាង ៣៤៧ ៥០០នាក់។ តួលេខនៃចំនួនករណីឆ្លង និងចំនួនអ្នកស្លាប់នេះបានធ្វើឲ្យសហរដ្ឋអាមេរិកបន្តជាប្រទេសដែលកំពុងរងគ្រោះខ្លាំងជាងគេដោយជំងឺកូវីដ១៩។ ដោយឡែក យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលរដ្ឋបាលរបស់លោកដូណាល់ ត្រាំគ្រោងចាក់ពលរដ្ឋអាមេរិកឲ្យបាន ២០លាននាក់ក្នុងខែធ្នូកន្លងទៅមានភាពយឺតយ៉ាវយ៉ាងខ្លាំង។ គិតមកទល់ពេលនេះ មានពលរដ្ឋអាមេរិកតែ ២ ៨០០ ០០០នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង។
នៅសហរដ្ឋអាមេរិកក៏ដូចជានៅក្នុងបណ្តាប្រទេសមួយចំនួនដែរ ក្រុមបុគ្គលិកពេទ្យជាក្រុមមនុស្សអាទិភាពដែលត្រូវទទួលការចាក់វ៉ាក់សាំងមុនគេ។ តែខុសពីក្តីរំពឹងទុករបស់រដ្ឋបាលលោកដូណាល់ ត្រាំ យុទ្ធនាការចាក់វ៉ាក់សាំងនេះហាក់មានភាពយឺតយ៉ាវគួរឲ្យកត់សម្គាល់ទៅវិញ។ មូលហេតុត្រូវបានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងបញ្ជាក់ថា គឺមកពីការចែកចាយវ៉ាក់សាំងនៅតាមរដ្ឋនីមួយៗមានភាពយឺតយ៉ាវ។ ឧទាហរណ៍ជាក់ស្តែងក្នុងខែធ្នូកន្លងទៅ វ៉ាក់សាំងចំនួន ២លានដូសដែលបានប្រគល់ទៅឲ្យមណ្ឌលមនុស្សចាស់ដែលជាប្រភេទមនុស្សអាទិភាព មានមនុស្សតែ ១៧០ ០០០នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា ក្រោយពីទទួលការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបាន ២សប្តាហ៍មក សហរដ្ឋអាមេរិកទទួលបានវ៉ាក់សាំងចំនួន ១៤លានដូសពីមន្ទីរពិសោធន៍ Pfizer និងមន្ទីរពិសោធន៍ Moderna ដើម្បីចាក់ទៅលើក្រុមបុគ្គលិកពេទ្យចំនួន ២៤លាននាក់។ ក្នុងខែមករា រដ្ឋបាលអាមេរិកនឹងទទួលបាន ២០លានដូសបន្ថែមទៀត ហើយគ្រោងស្តុកទុកក្នុងបរិមាណដូចគ្នាសម្រាប់ការចាក់ដូសទី២។ វេជ្ជបណ្ឌិតអង់តូនី ហ្វូស៊ី អ្នកសិក្សារោគរាតត្បាតដែលទទួលបានគោរពខ្លាំងនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា រដ្ឋអំណាចអាចសម្រេច និងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងទៅលើក្រុមមនុស្សអាទិភាពផ្សេងទៀត ដូចជាក្រុមអ្នកពន្លត់អគ្គីភ័យ ឬក្រុមប៉ូលិស។
នៅសហរដ្ឋអាមេរិកដែលជាប្រទេសបានរងគ្រោះខ្លាំងជាងគេដោយជំងឺកូវីដ១៩ ករណីឆ្លងថ្មី និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានកម្រិតខ្ពស់ខ្លាំង។ តាមតួលេខផ្តល់ដោយសាកលវិទ្យាល័យ Johns Hopkins ចំនួនអ្នកស្លាប់ក្នុងថ្ងៃពុធ ទី៣០ ធ្នូមានជាង ៣ ៩០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ