សហរដ្ឋ​អាមេរិក

អាមេរិកកំពុងផ្តោត​ចក្ខុ​លើ​ការ​បោះឆ្នោត​ព្រឹទ្ធសភានៅ​រដ្ឋGeorgia​

បេក្ខជនសមាជិកព្រឹទ្ធសភា បក្ស​ប្រជាធិបតេយ្យ​នៅ Géorgia លោក Jon Ossoff (ឆ្) និង​លោក Raphael Warnock (កណ្តាល) ជាមួយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ចូបៃដិន ថ្ងៃទី ៤ មករា​២០២១
បេក្ខជនសមាជិកព្រឹទ្ធសភា បក្ស​ប្រជាធិបតេយ្យ​នៅ Géorgia លោក Jon Ossoff (ឆ្) និង​លោក Raphael Warnock (កណ្តាល) ជាមួយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ចូបៃដិន ថ្ងៃទី ៤ មករា​២០២១ AFP - JIM WATSON

លោក​ប្រធានាធិបតីកំពុង​កាន់អំណាច​ ដូណាល់ត្រាំ និងលោកប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃដិន បានប្រមូលកម្លាំង​ចុះធ្វើ​មិទ្ទិញ​ជា​ថ្មី​ នៅ​រដ្ឋ​Georgia  ដែល​មានសន្ធឹក​ដូច​ការ​ឃោសនា ​​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ពីរ​ខែមុន​​យ៉ាង​ដូច្នោះ។ នៅថ្ងៃអង្គារទី៥​មករានេះ​ ប្រជាពលរដ្ឋGeorgia ត្រូវទៅ​បោះឆ្នោតម្តងទៀត​។ ជាការបោះឆ្នោត​ជ្រើសរើស​តំណាងព្រឹទ្ធសភាតែ​​ពីររូប​ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​ឆ្នោត​មានឥទ្ធិពលខ្លាំងណាស់​លើ​​​អំណាច​​របស់​ប្រធានាធិបតីជាប់​ឆ្នោត​ថ្មី​។

ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​បោះឆ្នោត​ត្រូវ​ចាប់​បើក​ទ្វារ​​នៅម៉ោង​៧ព្រឹក ទទួល​ប្រជាពលរដ្ឋ​ប្រមាណជាង​៧​លាន​នាក់​ឱ្យ​មកបោះឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​បន្ត​ពី​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ដែល​ត្រូវ​ផុត​អាណត្តិ។ ​ជាការ​បោះឆ្នោត​ដែលមានអ្នក​ចូល​រួម​យ៉ាង​ច្រើនបំផុត​មិនធ្លាប់​មាន​ទេ។ ចំនួនបាន​​អ្នក​បោះឆ្នោត​ជា​មុន ដែល​ច្រើន​តែ​ជា​អ្នក​ប្រជាធិបតេយ្យ បាន​ឡើង​ដល់​ទៅ​​ជាង​បី​លាន​នាក់​​ទៅ​ហើយ។ ចំណែកអ្នក​មក​បោះឆ្នោតក្នុង​ថ្ងៃអង្គារទី ៥មករានេះ​ ​ច្រើន​តែ​ជាអ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ។

ជាការបោះឆ្នោត​ដ៏​សំខាន់​បំផុត​ សម្រាប់​អនាគតរដ្ឋបាល​អាមេរិក​ថ្មី​របស់​លោកចូ បៃដិនផង ! និង​ជា​ការ​បោះឆ្នោតដ៏​សំខាន់បំផុត​សម្រាប់​​​​សង្គ្រោះ​អាមេរិកផង ! នេះ​បើ​តាម​ពាក្យ​របស់​​លោក​ដូណាល់ត្រាំ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​និងប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី បានចេញ​ធ្វើ​មិទ្ទិញ​ជាថ្មី​ និ​ងបាន​​ចំណាយ​ថវិកា​ដល់​ទៅ​ជិត​៥០០លាន​ដុល្លារ​ដើម្បី​ឃោសនា​ជួយ​បេក្ខជន​បក្ស​ឱ្យ​បាន​ជាប់​ឆ្នោត​។

ប្រសិនបើបេក្ខជន​សមាជិក​ព្រឹទ្ធសភា​​បក្សប្រជាធិបតេយ្យ​ អាច​យក​ឈ្នះបេក្ខជន​​បក្សសាធារណរដ្ឋ​ដែល​ជា​សមាជិក​ព្រឹទ្ធសភាផុត​អាណត្តិ នោះ​អំណាច​ព្រឹទ្ធសភា​នឹង​ធ្លាក់មកក្នុង​ដៃ​បក្ស​ប្រជាធិបតេយ្យ។ រដ្ឋបាល​លោក​ចូ បៃដិន អាច​រំពឹង​លើ​សមាជិក​ព្រឹទ្ធសភា​និង​សភា​បក្សក្នុង​ការសម្រេច​ផែនការ​ដឹកនាំ​ប្រទេសរបស់​លោក​បាន។

ផ្ទុយទៅ​វិញ បើ​បក្សសាធារណរដ្ឋអាចរក្សា​អាសនៈ​ព្រឹទ្ធសភា​ទាំងពីរ​នេះ​បានដដែល​ នោះ​ព្រឹទ្ធសភា​នឹង​ស្ថិត​ក្រោមអំណាច​របស់​បក្សសាធារណរដ្ឋ ដែល​មាន​អំណាច​រារាំងនូវ​​ផែនការរបស់​​រដ្ឋបាល​ប្រជាធិបតេយ្យ​បាន។

 

ក្នុង​​រដ្ឋអភិរក្សនិយម សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ ទាំងពីរ​រូបនៅ​តែ​មានប្រៀប​ខ្លាំង។ ប៉ុន្តែបក្ស​ប្រជាធិបតេយ្យ​ក៏មានសង្ឃឹម​ខ្លាំងដែរ បន្ទាប់​ពី​ឈ្នះ​ឆ្នោត​​ថ្ងៃទី ៣​វិច្ឆិកា នៅរដ្ឋនេះជា​លើក​ទី​មួយគិត​ចាប់តាំងពី​ឆ្នាំ​១៩៩២មក ដោយ​អាច​រំពឹង​លើ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ក្នុងការប្តូរ​និន្នាការ​ឆ្នោត។ ម្យ៉ាងវិញទៀត ពាក្យ​​ចោទ​ប្រកាន់​រឿង​លួច​បន្លំ​សន្លឹកឆ្នោត​ជាប់​នឹងមាត់របស់​លោកត្រាំ បាន​ធ្វើឱ្យ​​​អ្នកសាធារណរដ្ឋ​និងអ្នក​ឯករាជ្យ​​ខ្លះ​ខកចិត្ត​ លែងចង់មក​បោះឆ្នោត។

យ៉ាងណា​ក៏ដោយ​ ក៏​គេ​ត្រូវ​រង់ចាំ​ជា​ច្រើន​ថ្ងៃ​ទៀត ទម្រាំបាន​ដឹង​​លទ្ធផលបោះឆ្នោតនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI