សហរដ្ឋ​អាមេរិក

បណ្តាញ​សង្គម ខ្ទប់គណនី​លោក​ត្រាំ ពី​បទសរសេរ​ញុះញង់ឱ្យ​មានអំពើ​ហិង្សា

Twitter ហ្វេសប៊ុក​ខ្ទប់​គណនី​លោកត្រាំ ពី​បទញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា
Twitter ហ្វេសប៊ុក​ខ្ទប់​គណនី​លោកត្រាំ ពី​បទញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា OLIVIER DOULIERY / AFP
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

អំពើហិង្សា​របស់​បាតុករ​នៅ​វិមានកាពីតូល ជា​រូបភាព​អវិជ្ជមាន​សម្រាប់​អាមេរិកនិងពិសេសសម្រាប់​លោក ដូណាល់​ត្រាំ តែម្តង។ ក្រោយ​ហេតុការណ៍ហិង្សានៅវិមានកាពីតូលភ្លាម បណ្តាញសង្គម​មួយ​ចំនួន មានជាអាទិ៍ Twitter Facebook បាន​សម្រេច​បិទខ្ទប់​គណនី​របស់​លោកប្រធានាធិបតី​​ផុត​អាណត្តិ​ មួយ​រយៈ​សិន និង​អាច​រហូត​តែម្តងផង។

ផ្សាយពាណិជ្ជកម្ម

បណ្តាញសង្គម Twitter បាន​លុប​សារ​បី​ ក្នុង​នោះមានមួយ​ជា​សារវីដូអូ​ អំពាវនាវ​ឱ្យ​បាតុករ​ត្រលប់​ទៅផ្ទះ​វិញ តែ​បាន​ស្រែក​ភ្ជាប់​ជាមួយ​ថា​មានការលួច​បន្លំក្នុង​ពេល​បោះឆ្នោត​ថ្ងៃទី​៣​វិច្ឆិកា ២០២០។ នេះ​ជាលើកទី​មួយ​ហើយ​ដែល​បណ្តាញTwitter លុប​សារប្រធានាធិបតី ក្រោមហេតុផល​ផ្សេងក្រៅ​ពី កម្មសិទ្ធិបញ្ញា។ តាមធម្មតា បណ្តាញ​សង្គម​គ្រាន់​តែ​បាំង ឬ​ពាក្យ​ព្រមាន​ថា ព័ត៌មានក្លែងក្លាយ​ឬ​ប៉ះពាល់ដល់​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

ជាពិសេស​នេះ ជា​លើក​ទី​មួយ​ហើយ ដែលបណ្តាញTwitter សម្រេច​ប្លុក​គណនី​ដែល​មាន​អ្នក​តាមដានដល់​ជាង​៨៨​លាននាក់​យ៉ាងដូច្នេះ។ សម្រាប់​ពេលនេះគណនី@realDonaldTrump របស់​លោក​ត្រាំ ត្រូវ​ប្លុក​តែ​រយៈ​ពេល​១២ម៉ោង​មែន ប៉ុន្តែTwitter​បានគំរាម​ថា​អាចនឹងប្លុក​រហូត​តែម្តង ប្រសិន​បើ​ម្ចាស់​គណនី​មិនព្រមលុប​សារ​ញុះញង់​ឱ្យ​មានអំពើ​ហិង្សា​ល្ងាច​មិញ​ដោយ​ខ្លួនឯង។

បន្ទាប់​ពីTwitter ហ្វេសប៊ុក ក៏​បានចាត់​វិធានការ​ដូច​គ្នា ដោយ​សម្រេច​ប្លុក​គណនី​ ហ្វេសប៊ុក និងInstagram​របស់​លោកប្រធានាធិបតី រយៈ​ពេល២៤ម៉ោង។ បណ្តាញ​សង្គម​ហ្វេសប៊ុក យូធូប បានថែម​ទាំង​ដកសារវីដេអូ​​​របស់​លោកត្រាំ​ចេញ​ ដោយអះអាងថា “​ស្ថានភាពបន្ទាន់​ តម្រូវ​ឱ្យ​បណ្តាញ​ចាត់ការ​បន្ទាន់​ដែរឱ្យ​សក្តិសម” ទោះ​បី​សារនោះជា​របស់ប្រធានាធិបតីក៏​ដោយ​ តែ​វា​មានបង្កប់​អត្ថន័យ​ញុះញង់​ឱ្យ​មានអំពើ​ហិង្សា​។

​វីដេអូ​ផ្សាយ​ផ្ទាល់​អំពី​សកម្មភាព​របស់​សម្រុកចូលវិមានកាពីតូលទាំង​ឡាយ​ត្រូវ​បាន​បណ្តាញសង្គម​យូធូប​ឬ​ហ្វេសប៊ុក​ដក​ចេញពី​បណ្តាញ​របស់​ខ្លួន​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ អនុប្រធាន​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​​សម្តែង​ការ​តក់​ស្លុត​ចំពោះ​អំពើនៅវិមានកាពីតូល ហើយ​ក្រុមការងារ​​បាន​ប្រឹង​ស្វែងរក​និង​ដក​ចេញនូវ​រាល់​សារ​ដែល​អាចបញ្ឆេះឱ្យ​ភាពហិង្សា។

ប៉ុន្តែ​ទង្វើរបស់​ក្រុមបណ្តាញសង្គម​ មិន​គ្រប់គ្រាន់​ទេសម្រាប់អង្គការប្រឆាំងនឹងបណ្តាញសង្គម ដោយ​យល់​ថា នេះ​ជា​វិធានការ​ខ្សោយ​តិច និង​យឺត​ជ្រុល។

សូម​បញ្ជាក់ថា នៅក្នុង​ពេល​កើត​ហេតុការណ៍​ហិង្សា​នៅ​វិមានកាពិតូល​ម្សិលមិញ​នេះ មាន​សារ​និង​វីដេអូ​ជាច្រើន​ត្រូវ​បាន​បង្ហោះ​និង​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ តាមប្រព័ន្ធសង្គម។ អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ដែល​​គាំទ្រលោក​ដូណាល់​ត្រាំ​ខ្លះ បាន​បង្ហោះសារលើក​ទឹក​ចិត្តបាតុករ​លើ​បណ្តាញ​សង្គម​បែប​អភិរក្ស​និយម​ផ្សេង​ទៀត ដូច​យ៉ាង Parler៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI