បាតុករគាំទ្រលោកត្រាំ សម្រុកចូលវិមានកាពីតូលរំខានការបញ្ជាក់ជោគជ័យរបស់លោកចូបៃដិន
ចុះផ្សាយនៅថ្ងៃ៖
លោក ចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ ! សមាជិកសភា និងព្រឹទ្ធសភាអាមេរិក ទើបបានប្រកាសជាផ្លូវការអំពីជោគជ័យរបស់លោក ចូបៃដិន នៅថ្ងៃព្រហស្បតិ៍ទី ៧ មករា ២០២១។ មិនមែននៅថ្ងៃទី ៦មករា ដូចការគ្រោងទុក និងទម្លាប់ជាប្រពៃណីអាមេរិកទេ។ មូលហេតុបណ្តាលមកពី ពិធីបញ្ជាក់ជោគជ័យរបស់ប្រធានាធិបតីថ្មី ត្រូវរងការរំខាន ពីសំណាក់ក្រុមបាតុករដែលគាំទ្រលោកដូណាល់ ត្រាំ។ បាតុករបានសម្រុកចូលក្នុងវិមាន រដ្ឋសភា និងព្រឹទ្ធសភា កាពីតូល បង្កឱ្យមានការប៉ះទង្គិច ហិង្សាស្លាប់មនុស្សបួននាក់។ រូបភាពហិង្សានៅមុខ និងក្នុង វិមានកាពីតូល ដែលជានិម្មិត្តរូបនៃលទ្ធិប្រជាធិបតេយ្យអាមេរិក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងពិភពលោក និងដោយគ្មាននរណានឹងស្មានដល់សោះ។
នាថ្ងៃទី ៦មករា ២០២១ ក្នុងពេលដែលសមាជិកសភា និងព្រឹទ្ធសភាអាមេរិក ចាប់ផ្តើមប្រជុំការងារដើម្បីបញ្ជាក់អំពីជ័យជំនះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ ក្រុមបាតុករមួកក្រហម ក៏បានប្រមូលផ្តុំគ្នាដែរនៅមុខសេតវិមាន ដើម្បីសម្តែងការគាំទ្រដល់ប្រធានាធិបតីផុតអាណត្តិ។ គ្រាន់តែចប់សាររបស់លោកដូណាល់ត្រាំ ដែលនៅតែបន្តអះអាងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣វិច្ឆិកា មានការលួចបន្លំភ្លាម ក្រុមបាតុកររាប់ពាននាក់បានតម្រង់ទិសទៅវិមានកាពីតូល និងនាំគ្នាសម្រុកចូលក្នុងវិមានរដ្ឋសភា និងព្រឹទ្ធសភា។
ទោះបីមានការកងកម្លាំងការពារខ្លាំង តែបាតុករនៅតែអាចសម្រុកចូលបាន ដោយខ្លះចូលតាមទ្វារ ខ្លះវាយបំបែកកញ្ចក់បង្អួចចូល។ អង្គប្រជុំ ត្រូវផ្អាក សមាជិកសភានិងព្រឹទ្ធសភាត្រូវជម្លៀសចេញជាបន្ទាន់។ មិនបានប៉ុន្មាននាទីផង ស្នូរផ្ទុះអាវុធបានលាន់ឡើង ក្នុងវិមានរដ្ឋសភាកាពីតូល។ ស្ត្រីអ្នកគាំទ្រលោកត្រាំយ៉ាងមុះមុតម្នាក់ បានត្រូវគ្រាប់កាំភ្លើងរបស់ប៉ូលិស និងស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនរងគ្រោះស្លាប់បីនាក់ផ្សេងទៀតនៅពុំទាន់ដឹងអត្តសញ្ញាណទេ។ តែជាលើកទីមួយ មានដំណាក់ឈាមហូរនៅវិមានកាពីតូល បេះដូងរបស់សហរដ្ឋអាមេរិក។
ហេតុការណ៍ប៉ះទង្គិចហិង្សា និងការចូលកាន់កាប់ក្នុងវិមានរដ្ឋសភា បានបិទបញ្ចប់ ក្រោយពីអាជ្ញាធរវ៉ាស៊ីងតោន បានបញ្ជូនទាហានឆ្មាំជាតិមកជាជំនួយបន្ថែម និងចេញបម្រាមគោចរ ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក។ ក្រោយសេចក្តីថ្លែងការណ៍ របស់លោក ចូ បៃដិន អំពាវនាវឱ្យបាតុករបញ្ឈប់សកម្មភាពបះបោរ លោកត្រាំក៏បានបង្ហោះសារទ្វីត ឱ្យបាតុករត្រលប់ទៅផ្ទះវិញ។ ប៉ូលិសអាចគ្រប់គ្រងស្ថានការណ៍នៅវិមានកាពីតូលបានឡើងនៅជិតបួនម៉ោងក្រោយ និងបានចាប់ខ្លួនមនុស្សជាង៥០នាក់។
សមាជិកសភានិងព្រឹទ្ធសភា អាចត្រលប់ចូលទៅកាន់អង្គប្រជុំវិញ ទាំងយប់ និងទីបំផុត ក៏បានបញ្ជាក់និងប្រកាសជាផ្លូវការជ័យជំនះរបស់លោកចូបៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ នៅព្រលឹមថ្ងៃព្រហស្បតិ៍ទី ៧មករា។ បន្តិចក្រោយមក លោកដូណាល់ ត្រាំ ក៏បានចេញសេចក្តីថ្លែងការណ៍ ទទួលស្គាល់ការបញ្ចប់អាណត្តិរបស់លោក និងសន្យាផ្ទេរអំណាចដោយសន្តិវិធី តែលោកជំទាស់នឹងលទ្ធផលបោះឆ្នោតដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ