អានតួអត្ថបទ
ដូណាល់ ត្រាំ-ក្រុមហ៊ុនឯកជន

ក្រុមហ៊ុនអាមេរិកាំង​ធំៗ​កាត់ផ្តាច់​ចំណង​ហិរញ្ញវត្ថុ​ជាមួយ​លោកដូណាល់ ត្រាំ

នៅក្រោយ ការសម្រុកចូលរបស់​ក្រុមគាំទ្រ​របស់​លោកដូណាល់ ត្រាំ នៅ វិមាន​កាពីតូល​ថ្ងៃទី ៦​មករា ២០២១ ធនាគារ​អាមេរិកាំង JPMorganChase ក៏ដូច​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ផ្អាក​សកម្មភាព​របស់​គណៈកម្មការ​ដើម្បី គណបក្ស​នយោបាយ​ដែល​មាននាទី​ប្រមូល​ថវិកា​ពីបុគ្គលិក​សម្រាប់​ជួយ​គណបក្ស​នយោបាយ​ដែល​ក្រុមហ៊ុន​គាំទ្រ
នៅក្រោយ ការសម្រុកចូលរបស់​ក្រុមគាំទ្រ​របស់​លោកដូណាល់ ត្រាំ នៅ វិមាន​កាពីតូល​ថ្ងៃទី ៦​មករា ២០២១ ធនាគារ​អាមេរិកាំង JPMorganChase ក៏ដូច​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ផ្អាក​សកម្មភាព​របស់​គណៈកម្មការ​ដើម្បី គណបក្ស​នយោបាយ​ដែល​មាននាទី​ប្រមូល​ថវិកា​ពីបុគ្គលិក​សម្រាប់​ជួយ​គណបក្ស​នយោបាយ​ដែល​ក្រុមហ៊ុន​គាំទ្រ ASSOCIATED PRESS - Mark Lennihan
ដោយ៖ ឈាង បុប្ផា
១៧ នាទី

ព្រឹត្តិការណ៍​សម្រុកចូល​វិមានកាពីតូល​ពីសំណាក់​អ្នកគាំទ្រ​របស់​លោកដូណាល់ ត្រាំ ធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ កាន់តែ​ឯកោ ទាំង​ក្នុង​ពិភពលោក​នយោបាយ និង​សេដ្ឋកិច្ច។ បន្ទាប់​ពី មន្រ្តីរដ្ឋាភិបាល​ដើរចេញពី​លោក​ម្តងម្នាក់ៗ និង​ត្រូវ បណ្តាញ សង្គម ដូចជា​Twitter បិទគណនី​ទៀតនោះ លោកដូណាល់ ត្រាំ កំពុង​ត្រូវកំពុង​ក្រុមហ៊ុនអាមេរិកាំងៗ ធំៗ ដោះដៃ លែង​ទាក់ទង​ជាមួយ​តទៅទៀត។ 

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ហេតុការណ៍ សម្រុកចូល​លុកលុយ របស់​ក្រុមគាំទ្រ លោកដូណាល់ ត្រាំ នៅ​វិមានកាពីតូល បញ្ជីឈ្មោះ ក្រុមហ៊ុន អ្នកជំនួញ​ដែល​ប្រកាស​កាត់ផ្តាច់​ស្ពានមេត្រី​ជាមួយ ប្រធានាធិបតី មាន​កាន់តែ​ច្រើនឡើងៗ។

បន្ទាប់ពី ក្រុមហ៊ុន Twitter ផាត់លោក​ដូណាល់ ត្រាំ លែង​ឲ្យ​ប្រើបណ្តាញ​សង្គម​របស់ខ្លួន សហជីព​អ្នកជំនួញ ដ៏មាន​ឥទ្ធិពល AFL-CIO មហាសេដ្ឋី Nelson Peltz ក៏ដូចជា ក្រុមហ៊ុន​Ben & Jerry​បាន​ស្រែក​ទាមទារ​ឲ្យ​លោក​ដូណាល់ ត្រាំ ចុះចេញ​ពីអំណាច​ជាបន្ទាន់។

នៅក្រោយ ក្រុមគាំទ្រ​របស់លោកដូណាល់ ត្រាំ សម្រុកចូល​វិមាន​កាពីតូល ក្រុមហ៊ុន​អាមេរិកាំង​មួយចំនួន​ទៀត​បាន​ចាត់វិធានការ​ជាក់ស្តែង​តែម្តង ដើម្បី កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​លោកដូណាល់ ត្រាំ។ ក្រុមហ៊ុនលក់ទំនិញ​តាមអ៊ីនធ័រនែត Shopify បាន​ដកទំនិញ របស់​ក្រុមហ៊ុន​លោកដូណាល់ ត្រាំ ចេញពី បណ្តាញលក់​របស់ខ្លួន។ ក្រុមហ៊ុនផ្ទេរលុយតាមអ៊ីនធ័នែត ឈ្មោះ​Stripe ​ប្រកាស​ឈប់ គ្រប់គ្រង ការផ្ទេរលុយទៅ គណនី ​របស់ ក្រុមឃោសនា​បោះឆ្នោត របស់​លោកដូណាល់ ត្រាំ តទៅទៀត។

ការដោះដៃ​របស់​ក្រុមហ៊ុន និងអ្នកជំនួញ មិនមែន​សម្រាប់តែ លោកដូណាល់ ត្រាំ ម្នាក់ទេ។ ក្រុមហ៊ុនធំៗ ដូចជា សណ្ឋាគារ Marriott ក្រុមហ៊ុនធានារ៉ាប់រង សុខភាព និង​ធនាគារ American Express ជាដើម បាន​ប្រកាសថា ពួកគេ សម្រេច​ឈប់ ផ្តល់​វិភាគទាន សម្រាប់​អ្នកតំណាងរាស្រ្ត មកពីគណបក្ស​សាធារណរដ្ឋ ដែល​បាន​បោះឆ្នោត ប្រឆាំង ការបញ្ជាក់​ជ័យជំនះ របស់​លោក​ចូ បៃដិន។ តាម​ធនាគារ American Express ក្នុង​ចំណោម​សមាជិក​បក្ស​សាធារណរដ្ឋ ១៣៩​រូប​ដែល​បោះឆ្នោត ប្រឆាំង​លោក​ចូ បៃដិន កាលពី​ថ្ងៃ​ទី ៦​មករា កន្លងទៅ មាន ២២​នាក់​ជាអ្នកតំណាងរាស្រ្ត​ដែល​បាន​ទទួលជំនួយ​ឧបត្ថម្ភ​ថវិកា​ពី ធនាគារ។

សម្រាប់​ក្រុមហ៊ុន​ដទៃទៀត ដូចជា JPMorgan Chase មីក្រូសូហ្វ ហ្វេសប៊ុក ព្រឹត្តិការណ៍​លើកនេះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ដល់​ថ្នាក់​ផ្អាកព្យួរ វិភាគទាន សម្រាប់​គណបក្ស​នយោបាយ​ទាំងស្រុង មិន​ថា គណបក្ស​សាធារណរដ្ឋ ឬ​បក្ស​ប្រជាធិបតេយ្យ។ មីក្រូសូហ្វ និ​ងហ្វេសប៊ុក​បាន​ផ្អាកសកម្មភាព​របស់​គណៈកម្មការ សកម្មភាព​នយោបាយ​របស់​ក្រុមហ៊ុន ដែលមាន​តួនាទី ប្រមូលថវិកា​ពីបុគ្គលិក សម្រាប់​យក​ទៅ​ជួយ​គណបក្ស​ ឬ​អ្នកនយោបាយ ណា ដែល​ក្រុមហ៊ុន​គាំទ្រ។ នៅពេល ហ្វេសប៊ុក ផ្អាក ៣ខែ ធនាគារ JPMorgan Chase ឯណោះវិញ ផ្អាក​វិភាគទាន​របស់​ខ្លួន ទៅ គណបក្ស​នយោបាយ សម្រាប់ រយៈពេល យ៉ាងតិច ៦ខែ។

ការកាត់ផ្តាច់ ផ្អាក​ជំនួយ​ថវិកា​របស់​ក្រុមហ៊ុន​ឯកជន សម្រាប់​អ្នកតំណាងរាស្រ្ត​ដែល​បោះឆ្នោត ប្រឆាំង នឹង​ការបញ្ជាក់​របស់​លោកចូ បៃដិន នៅ​សភា​អ្នកតំណាងរាស្រ្ត កាលពី​ថ្ងៃ​ទី ៦មករា ជា​សារ ច្បាស់​មួយ​ដែល​បញ្ជាក់ថា ការមិនគោរព លទ្ធិប្រជាធិបតេយ្យ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ជារឿងមួយ ដែល​គេ​មិនអាច​អត់ឱន យោគយល់​ឲ្យ​បានទេ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ