អាមេរិកដាក់ទណ្ឌកម្មជាថ្មីប្រឆាំងចិន ក្រោយការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យហុងកុង
ចុះផ្សាយនៅថ្ងៃ៖
នៅ៥ថ្ងៃមុនបញ្ចប់អាណត្តិ រដ្ឋបាលលោកដូណាល់ ត្រាំបានមិនបន្ធូរដៃទេ។ សហរដ្ឋអាមេរិកបានប្រកាស នៅថ្ងៃសុក្រទី ១៥មករា ២០២១ ដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកទទួលខុសត្រូវចិន និងហុងកុង ចំនួន ៦នាក់។ ជាទណ្ឌកម្មឆ្លើយតបទៅនឹងហេតុការណ៍ចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ និងអតីតតំណាងរាស្ត្របក្សប្រជាធិបតេយ្យនៅហុងកុង ជាង៥០នាក់ កាលពីសប្តាហ៍មុន។
អ្នកទទួលខុសត្រូវចិនឬហុងកុង៦នាក់ដែលជាប់ទណ្ឌកម្មថ្មីរបស់អាមេរិកនេះ មានអាទិ៍ លោក Tam Yiu-Chung តាំម យៀវជុង តំណាងតែម្នាក់គត់របស់ហុងកុងអតីតដែនដីក្រោមអាណានិគមអង់គ្លេស នៅក្នុងគណៈកម្មការអចិន្ត្រៃយ៍សភាចិន និងអ្នកទទួលខុសត្រូវផ្សេង នៅក្នុងជួរប៉ូលិសហុងកុង ផ្នែកសន្តិសុខជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ប៉ុមប៉េអូ បានអំពាវនាវឱ្យប៉េកាំង និងហុងកុង ដោះលែងជាបន្ទាន់ នូវរាល់ជនដែលដោយគ្រាន់តែប្រើសិទ្ធិ និងសេរីភាពរបស់ខ្លួនបែរជាត្រូវរងការចាប់ខ្លួន តាមរយៈច្បាប់សន្តិសុខជាតិ ឬច្បាប់ផ្សេងទៀត។ នៅ៥ថ្ងៃមុនផុតអាណត្តិ លោកប្រមុខការទូតអាមេរិក បានថ្កោលទោសទង្វើរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលចង់ចិញ្ចាំសេរីភាពនិងដំណើរការប្រជាធិបតេយ្យនៅហុងកុង និងបានសន្យាប្រើគ្រប់មធ្យោបាយដែលអាមេរិកមានដើម្បីព្រមានចិន។
ដោយគ្មានបង្អង់ រដ្ឋាភិបាលហុងកុង បានចេញសេចក្តីថ្លែងការណ៍រិះគន់វិញ ដោយចាត់ទុកទណ្ឌកម្មអាមេរិកថា ល្ងង់ គួរឱ្យអៀនខ្មាស និងបែបមើលងាយ។ រដ្ឋាភិបាលហុងកុងបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង និងបានបរិហារថាអាមេរិកកំពុងប្រើវិធានការបង្ខំដែលជាការប៉ុនប៉ងជាលើកចុងក្រោយ លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
សូមបញ្ជាក់ថា ទណ្ឌកម្មរបស់អាមេរិកនេះ ជាចម្លើយតបទៅនឹងយុទ្ធនាការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ និងអតីតអ្នកតំណាងរាស្ត្រហុងកុង ជាង៥០នាក់ ក្នុងនោះមានម្នាក់ជាមេធាវីជាតិអាមេរិកផង កាលពីថ្ងៃទី ៦ មករា ២០២១ ស្របតាមច្បាប់សន្តិសុខជាតិហុងកុងថ្មី។ ក្រោយប្រតិបត្តិការចាប់ខ្លួន មានសកម្មជនប្រជាធិបតេយ្យ៥នាក់រត់គេចខ្លួនរួចទៅដល់សហសរដ្ឋអាមេរិក នៅសប្តាហ៍នេះ និងបានសុំសិទ្ធិជ្រកកោននយោបាយនៅទីនោះ។
ច្បាប់សន្តិសុខជាតិហុងកុង ដែលតាក់តែងឡើងដោយប៉េកាំង ត្រូវបានក្រុមបស្ចិមលោកចាត់ទុកបញ្ចប់ស្វយ័ភាពហុងកុង និងបានធ្វើឱ្យសម្ពាធតានតឹងស្រាប់រវាងអាមេរិកនិងចិន ធ្លាក់ដុនដាបកាន់តែខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ