លោកដូណាល់ ត្រាំ គ្រោងលើកលែងទោសមនុស្សចំនួនជាង១០០នាក់ មុននឹងចាកចេញពីសេតវិមាន
ចុះផ្សាយនៅថ្ងៃ៖
នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ លោកដូណាល់ ត្រាំ នឹងត្រូវបញ្ចប់អាណត្តិប្រធានាធិបតី ហើយចាកចេញពីសេតវិមាន។ យោងតាមបណ្តាញព័ត៌មានធំនៅសហរដ្ឋអាមេរិក បានចុះផ្សាយថា លោកដូណាល់ ត្រាំ មានគម្រោងចេញលិខិតប្រកាសលើកលែងទោស មនុស្សប្រមាណជាង១០០នាក់ មុននឹងអស់អំណាចជាប្រធានាធិបតី។ ក្នុងចំណោមមនុស្សដែលលោកដូណាល់ ត្រាំ គ្រោងនឹងលើកលែងទោស គឺអាចមាន សមាជិកក្រុមគ្រួសារ និងមិត្តភ័ក្តរបស់លោក ព្រមទាំង អ្នកគាំទ្រលោកផងដែរ។
មុននឹងចាកចេញពីសេតវិមាន លោកដូណាល់ ត្រាំ មានគំរោងលើកលែងទោស មនុស្សជាច្រើននាក់ ដែលត្រូវបានតុលាការចោទប្រកាន់ ឬសម្រេចផ្តន្ទាទោស។ ពាក្យចចាមអារ៉ាម កាលពីប៉ុន្មានសប្តាហ៍មុន បានលើកឡើងថា លោកដូណាល់ ត្រាំ ប្រហែលជាចង់លើកលែងទោស ឲ្យខ្លួនឯងផ្ទាល់ និងចំពោះសមាជិកគ្រួសារខ្លួនថែមទៀតផង។ លោកស្រី Nancy Pelosi បានថ្លែងបារម្ភថា លោកត្រាំ អាចនឹងលើកលែងទោស ឲ្យក្រុមមនុស្សដែលជាប់ចោទ ក្នុងសំណុំរឿងហិង្សាសម្រុកចូលក្នុងវិមានកាពីតូល។ នៅលើកញ្ចក់ទូរទស្សន៍ Fox News លោក Lindsey Graham សមាជិកព្រឹទ្ធសភា និងជាអ្នកជិតដិតនឹងលោកត្រាំ បានអះអាងថា បើលោកត្រាំធ្វើបែបនោះមែន គឺវាជារឿងមិនល្អទេ។
យ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានអាេមរិក នៅថ្ងៃចន្ទទី១៨មករា ដោយស្រង់ប្រភពពីមនុស្ស២នាក់ ដែលស្និទ្ធនឹងសេតវិមាន បានឲ្យដឹងក្រុមអ្នកទីប្រឹក្សាលោកដូណាល់ ត្រាំ ជាច្រើននាក់ បាននិយាយពន្យល់ កុំឲ្យលោកដូណាល់ ត្រាំ លើកលែងទោសឲ្យខ្លួនឯង និងសមាជិកគ្រួសាររបស់លោកឲ្យសោះ ព្រោះជារឿងមិនសមរម្យ និងអាចចោទជាចំណោទគតិយុត្តិ។ ប្រភពខាងលើបញ្ជាក់ថា លោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួន របស់លោកដូណាល់ត្រាំ និងលោក Steve Bannon ដែលជាមិត្តនិងជាអតីតទីប្រឹក្សាពិសេសរបស់លោកត្រាំ មិនមានឈ្មោះនៅក្នុងចំណោមអ្នកដែលលោកត្រាំ គ្រោងលើកលែងទោសទេ។
ប្រភពដដែលអះអាងថា ក្នុងចំណោមមនុស្សជាង១០០នាក់ ដែលលោកដូណាល់ ត្រាំ គ្រោងនឹងលើកលែងទោសនោះ គឺអាចមានអ្នកចំរៀងរែបម្នាក់ ឈ្មោះ Lil Wayne ដែលកំពុងប្រឈមទោសជាប់ពន្ធនាគារ១០ឆ្នាំ ពីបទប្រើប្រាស់អាវុធខុសច្បាប់។ អ្នកចំរៀងស្បែកខ្មៅរូបនេះ ធ្លាប់ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រលោកដូណាល់ ត្រាំ កាលពីអំឡុងពេលបោះឆ្នោតឆ្នាំ២០១៦។ ចំណែកប្រភពខ្លះទៀត លើកឡើងថា លោក Julian Assange ស្ថាបនិក Wikileaks ក៏ប្រហែលជាមានឈ្មោះក្នុងនោះដែរ។
កាសែត New York Times ចុះផ្សាយថា លោកដូណាល់ ត្រាំនឹងលើកលែងទោសឲ្យលោក Sheldon Silver អតីតប្រធានសភាជាន់ទាបនៅរដ្ឋញូយ៉ក ដែលត្រូវបានផ្តន្ទាទោសពីបទពុករលួយ កាលពីឆ្នាំ២០១៥។ មានអាយុ៧៦ឆ្នាំ លោកម្នាក់នេះគឺជាមិត្តស្និទ្ធស្នាល នឹងលោកដូណាល់ ត្រាំ។
គួររំលឹកថា ប៉ុន្មានខែចុងក្រោយនេះ លោកដូណាល់ ត្រាំ បានចេញលិខិតលើកលែងទោសមនុស្សជាច្រើននាក់ ដែលសុទ្ធតែជាមិត្តភ័ក្ត អ្នកគាំទ្រ ឬអ្នកធ្លាប់ធ្វើការឲ្យលោក។ ជាក់ស្តែង កាលពីខែវិច្ឆិកា លោកត្រាំ បានលើកលែងទោសឲ្យលោក Michael Flynn អតីតទីប្រឹក្សាផ្នែកសន្តិសុខផ្ទៃក្នុង ដែលជាប់ទោសពីបទកុហក FBI ក្នុងសំណុំរឿងរុស្ស៊ីលូកដៃក្នុងការបោះឆ្នោតឆ្នាំ២០១៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ