លោកដូណាល់ត្រាំ ប្រារព្វពិធីលាតំណែង និងជូនពររដ្ឋាភិបាលថ្មី តាមសារវីដេអូ
ចុះផ្សាយនៅថ្ងៃ៖
លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកត្រូវបញ្ចប់អាណត្តិ នៅថ្ងៃពុធទី ២០មករា ២០២១ ត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ម៉ោងនៅអាមេរិក។ ពិធីលាចេញពីតំណែងបានប្រព្រឹត្តទៅយ៉ាងអធិកអធម ហើយនៅក្នុងសារលា លោកដូណាល់ ត្រាំ បានជូនពររដ្ឋាភិបាលថ្មី ឱ្យសម្រេច “ជោគជ័យ ក្នុងការរក្សាសន្តិសុខ និង ភាពរុងរឿងរបស់អាមេរិក”។
ពិធីបញ្ចប់តំណែងបានប្រារព្ធធ្វើនៅមូលដ្ឋានទ័ព Andrews ក្នុងរដ្ឋ Maryland ដែលក៏ជាកន្លែងចុះចតយន្តហោះ Air Force One។ យន្តហោះប្រធានាធិបតីដែលលោកដូណាល់ត្រាំ ជិះជាលើកចុងក្រោយ (មុននឹងអស់សិទ្ធិនៅវេលាម៉ោង ១២ថ្ងៃត្រង់) សំដៅទៅលំនៅដ្ឋានរបស់លោកនៅ Floride។ លោកប្រធានាធិបតីផុតអាណត្តិត្រូវចាកចេញពីសេតវិមាននៅព្រឹកថ្ងៃពុធទី ២០មករានេះ ដោយមិននៅជួបធ្វើគារកិច្ច និងចូលរួមក្នុងកម្មវិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី លោក ចូ បៃដិន ដូចទម្លាប់អាមេរិកតាំងពី១៥០ឆ្នាំមកទេ។
ប៉ុន្តែនៅក្នុងសារលា ជាផ្លូវការ លោក ដូណាល់ត្រាំ បានជូនពរនិងបន់ស្រន់ ឱ្យរដ្ឋាភិបាលថ្មីជួបតែនឹងសំណាងល្អ មានជោគជ័យក្នុងការធានាសន្តិសុខនិងភាពរុងរឿងជូនសហរដ្ឋអាមេរិក។ សារវីដេអូ ថតទុកមុន ផ្ញើជូនពលរដ្ឋ មានទម្រង់ជាសុន្ទរកថាទៅកាន់ប្រជាជាតិ សក្តិសមជាប្រធានាធិបតីអាមេរិកណាស់ ប៉ុន្តែជាថ្មីម្តងទៀត លោក ដូណាល់ ត្រាំ នៅតែមិនអបអរជោគជ័យរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី និងមិនបញ្ចេញឈ្មោះលោក ចូ បៃដិន សោះ។
ដោយសាកល្បងបង្ហាញតុល្យការការងារបួនឆ្នាំ លោកប្រធានាធិបតីផុតអាណត្តិបានលើកសរសើរស្នាដៃខ្លួនឯង ថាជាលោកបានធ្វើសេចក្តីសម្រេចចិត្តលំបាកៗ ប្រឈមនឹងសំណុំរឿងស្មុគស្មាញខ្លាំង និងបាននាំពិភពលោកឱ្យតតាំងនឹងមហិច្ឆតាចិនជាងពេលណាៗទាំងអស់ ជាពិសេសលោកគឺជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលមិនបង្កសង្គ្រាមប្រដាប់អាវុធថ្មី។ ចំពោះព្រឹត្តិការណ៍ថ្ងៃទី ៦ មករា នៅវិមានរដ្ឋសភាវិញ លោកដូណាល់ ត្រាំ បានអំពាវនាវឱ្យពលរដ្ឋអាមេរិករួបរួមគ្នាការពារលទ្ធិប្រជាធិបតេយ្យ ដោយមិនអនុគ្រោះដល់អំពើហិង្សាទេ។
នៅក្នុងសុន្ទរកថាលា លោក ដូណាល់ត្រាំ ក៏បានលើកឡើងអំពីជំងឺរាតត្បាតកូវីដ១៩ ថារដ្ឋបាលលោក បានសម្រេចឱ្យមានថ្នាំបង្ការក្នុងរយៈពេលតែ៩ខែ តែបើជារដ្ឋបាលផ្សេងវិញប្រហែលត្រូវប្រើពេលយូរ ពីរបីឆ្នាំឬរហូតដល់១០ផង។
មិនចាំជួបប្រធានាធិបតីថ្មីហើយ សារលារបស់ប្រធានាធិបតីផុតអាណត្តិ ត្រូវបានបង្ហោះផ្សាយនៅរសៀលថ្ងៃអង្គារទី ១៩មករា ម្សិលមិញ ចំពេលដែលប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃដិន មកដល់ក្រុងវ៉ាស៊ីនតោន តាមយន្តហោះឯកជន (មិនមែនយន្តហោះប្រធានាធិបតី ដូចអ្វីដែលលោកបារ៉ាក់អូបាម៉ា ធ្លាប់បានទទួលស្វាគមន៍លោកកាលពីបួនឆ្នាំមុនទេ) ដើម្បីត្រៀមលក្ខណៈចូលកាន់តំណែង។ ប្រធានាធិបតី-អនុប្រធានាធិបតីថ្មី ដែលគ្រាន់មកដល់រដ្ឋធានីភ្លាមបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធជនរងគ្រោះបាត់បង់ជីវិតដោយកូវីដ១៩ ដែលបានឡើងដល់៤សែននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ