សហរដ្ឋអាមេរិក ៖ រដ្ឋបាលបៃដិន មានបទពិសោធន៍ ចម្រុះពណ៌និងមានសមភាព
ចុះផ្សាយនៅថ្ងៃ៖
ក្លាយជាប្រធានាធិបតីអាមេរិកថ្មី និងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០មករា ២០២១នេះ លោក ចូ បៃដិន បានសន្យាចាប់ផ្តើមការងារភ្លាម ដោយមានអាទិភាពដំបូងគេគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងផ្តល់សន្ទុះដល់សេដ្ឋកិច្ច។ ដើម្បីអាចសម្រេចកម្មវត្ថុនេះបាន លោកបានបង្កើតរដ្ឋាភិបាល ដែលផ្តុំទៅដោយឥស្សរជនមានបទពិសោធន៍ខ្ពស់ស្រាប់ផង មានសមាសភាពចម្រុះពណ៌សម្បុរជាតិសាសន៍ផង និងមានសមភាពរវាងស្ត្រីនិងបុរសទៀត។
ក្រៅអំពី លោកស្រី កាម៉ាឡា ហារី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិកដំបូង គេបង្អស់ដែលមានភេទស្រី ស្បែកខ្មៅកាត់លឿង សមាសភាពរដ្ឋាភិបាលរបស់ លោក ចូ បៃដិន មានស្ត្រី ជាច្រើនរូបផ្សេង។ ក្នុងចំណោមសមាសភាពរដ្ឋាភិបាល២៤រូប ដែលកំពុងរង់ចាំការអនុម័តផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា ពាក់កណ្តាលជាស្ត្រី។
តួនាទីដឹកនាំសំខាន់ៗលើផ្នែកសេដ្ឋកិច្ច ត្រូវប្រគល់ទៅស្ត្រីស្ទើរទាំងអស់ ៖ លោកស្រី ចានែត យេលែន Janet Yellen អាយុ៧៤ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ លោកស្រីមានបទពិសោធន៍ការងារខ្ពស់ព្រោះធ្លាប់ជាអតីតប្រធានធនាគារកណ្តាលអាមេរិក ត្រូវបានទទួលទំនុកចិត្តពីលោក ចូបៃដិន ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិដែលកំពុងធ្លាក់ដុនដាបខ្លាំងមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៣០មក។ ក្រសួងពាណិជ្ជកម្មត្រូវប្រគល់ទៅឱ្យលោកស្រី ជីណា រេម៉ុនដូ Gina Remondo និងលោកស្រី Isabel Guzman ទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុនខ្នាតតូច ។
ជានិម្មិត្តខ្លាំងមួយទៀត គឺការជ្រើសរើសតែងតាំងលោកស្រី ដិប ហាលែនដ៍ Deb Haalandអាយុ៦០ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកស្រីជាជនជាតិដើមអាមេរិកស្បែកក្រហម ដំបូងគេដែលបានឡើងកាន់តំណែងក្នុងរដ្ឋាភិបាល។ កន្លងមកលោកស្រី ជាតំណាងម៉ិចស៊ិកនៅក្នុងព្រឹទ្ធសភា។ នាយិកាផ្នែកចារកិច្ចក៏ជាស្ត្រី គឺលោកស្រី អាវ្រីល ហេនស៍ Avril Haines អតីតអនុប្រធានភ្នាក់ងារចារកិច្ច CIA និងជាអតីតអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិសម័យលោកអូបាម៉ា។
ជាចុងក្រោយ លោកប្រធានាធិបតីចូ បៃដិន បានជ្រើសរើសតាំងលោកស្រី លីនដា ថូម៉ាស់គ្រីនហ្វៀលដ៍ ដើមកំណើតអាហ្វ្រិក ដែលមានបទពិសោធន៍ការទូតជាច្រើនឆ្នាំមកហើយ ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
ក្រៅអំពីសមភាពស្ត្រីនិងបុរស រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលថ្មីរបស់លោកចូ បៃដិន សុទ្ធសឹងជាឥស្សរជនដែលមានបទពិសោធន៍ និងធ្លាប់កាន់តួនាទីដឹកនាំរដ្ឋាភិបាលកន្លងមក មានជាអាទិ៍ លោក ចន ឃែរី ឬលោក អង់តូនី ប្ល៊ីងកិន (Antony Blinken) រដ្ឋមន្ត្រីក្រសួងការបរទេសជាដើម។ល។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ