ក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតី លោក ចូ បៃដិន ប្ដេជ្ញាបង្រួបបង្រួមសហរដ្ឋអាមេរិកឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិកទី៤៦ជាផ្លូវការហើយ បន្ទាប់ពីបានស្បថចូលកាន់តំណែងនៅថ្ងៃពុធទី២០មករាម្សិលមិញ។ នៅក្នុងសុន្ទរកថាដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្ដេជ្ញាបង្រួបបង្រួមប្រជាជននិងប្រជាជាតិអាមេរិកដែលប្រេះឆាឡើងវិញ។ សម្រាប់លោក ចូ បៃដិន ឯកភាពជាតិគឺជាមាគ៌ាឆ្ពោះទៅមុខ ដើម្បីជំនះនូវបញ្ហាប្រឈមនិងវិបត្តិទាំងឡាយដែលនៅចំពោះមុខសហរដ្ឋអាមេរិក។
ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន បានប្រព្រឹត្តទៅតាមការគ្រោងទុក នៅថ្ងៃពុធទី២០មករា នៅរានហាលនៃវិមានកាពីតូល កណ្ដាលក្រុងវ៉ាស៊ីនតោន។ ក្រោមវត្តមានភ្ញៀវកិត្តិយសដែលជាមន្ដ្រីជាន់ខ្ពស់ និងសមាជិកសភានៃសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើសច្ចាប្រណិធាននៅចំពោះមុខប្រធានតុលាការកំពូលថា នឹងគោរពតាមរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក ព្រមទាំងប្ដេជ្ញាការពារសហរដ្ឋអាមេរិកពីសត្រូវទាំងក្នុងនិងក្រៅប្រទេស។
ក្រោយបញ្ចប់ការធ្វើសច្ចាប្រណិធាន ប្រធានាធិបតីទី៤៦របស់អាមេរិក លោក ចូ បៃដិន បានថ្លែងសុន្ទរកថាដំបូងរបស់ខ្លួន ដោយសង្កត់ធ្ងន់អំពីលទ្ធិប្រជាធិបតេយ្យ។ លោកថា លទ្ធិប្រជាធិបតេយ្យមានតម្លៃ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យក៏មានភាពផុយស្រួយផងដែរ។ យ៉ាងណាក៏ដោយ នៅវេលានេះ លទ្ធិប្រជាធិបតេយ្យទទួលបានជ័យជំនះហើយ។ លោក ចូ បៃដិន ចាត់ទុកថ្ងៃឡើងកាន់តំណែងជាប្រធានាធិបតី ថ្ងៃទី២០មករា ថាជាថ្ងៃនៃលទ្ធិប្រជាធិបតេយ្យ ជាថ្ងៃប្រវត្តិសាស្ត្រនិងក្ដីសង្ឃឹម។ លោកបានប្ដេជ្ញាបង្រួបបង្រួមប្រជាជននិងប្រជាជាតិអាមេរិកដែលប្រេះឆាឡើងវិញ ព្រោះសម្រាប់លោក ចូ បៃដិន ឯកភាពជាតិគឺជាមាគ៌ាឆ្ពោះទៅមុខ ដើម្បីជំនះនូវបញ្ហាប្រឈមនិងវិបត្តិទាំងឡាយដែលនៅចំពោះមុខសហរដ្ឋអាមេរិក។
ជាការកត់សម្គាល់ ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នាថ្ងៃទី២០មករា ដ្បិតតែមិនមានការចូលរួមពីលោកប្រធានាធិបតីផុតអាណត្តិ ដូណាល់ ត្រាំ ក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញមានវត្តមានអតីតប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន៣រូបចូលរួម គឺលោក Barack Obama លោក George W. Bush និងលោក Bill Clinton។ យ៉ាងណាក៏ដោយ លោក បៃដិន បានបង្ហើបឲ្យដឹងថា លោក ដូណាល់ ត្រាំ បានបន្សល់ទុកនូវលិខិតមួយច្បាប់ជូនរូបលោកនៅឯសេតវិមាន។
គួរជម្រាបដែរថា ភ្លាមៗក្រោយពិធីស្បថចូលកាន់តំណែងបិទបញ្ចប់ លោក ចូ បៃដិន បានចាប់ផ្ដើមធ្វើការភ្លាមៗ ដោយចុះហត្ថលេខាលើក្រឹត្យច្បាប់និងបទបញ្ជាក្នុងសំណុំរឿងសំខាន់ៗជាច្រើន ក្នុងនោះរួមមានការនាំសហរដ្ឋអាមេរិកត្រឡប់ចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ បញ្ហាអន្តោប្រវេសន៍ និងបញ្ហាជំងឺឆ្លងកូវីដ១៩ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ