យន្តការCovax របស់WHOនៅតែគ្មានវ៉ាក់សាំងសូម្បីមួយដូសសម្រាប់ចែកទៅប្រទេសក្រីក្រ
ចុះផ្សាយនៅថ្ងៃ៖
អាមេរិកក្រោមអាណត្តិដឹកនាំរបស់លោកប្រធានាធិបតីចូ បៃដិន បានត្រលប់មកចូលរួមសាជាថ្មី ជាមួយ អង្គការសុខភាពពិភពលោក បន្ទាប់ពីដកខ្លួន ក្រោមអំណាចរបស់រដ្ឋបាលចាស់ របស់លោកដូណាល់ ត្រាំ។ ការវិលត្រលប់របស់អាមេរិក មានន័យពិសេស នាំយកហិរញ្ញវត្ថុសម្រាប់ស្ថាប័នសុខភាពរបស់អង្គការសហប្រជាជាតិ។ ថ្វីបើមានកម្លាំងជំរុញពីអាមេរិក ប៉ុន្តែ អង្គការសុខភាព ពិភពលោកនៅតែប្រឈមនឹងឧបសគ្គរាប់ជំពូក នៅក្នុងបេសកកម្មចែកចាយវ៉ាក់សាំង បង្ការកូវីដ ១៩ នៅទូទាំងពិភពលោក តាមរយៈ យន្តការCovax។
នៅមួយថ្ងៃក្រោយ លោកចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតី អាមេរិក លោកAnthony Fauci ប្រធានក្រុមប្រឹក្សាសុខភាពរបស់ប្រធានាធិបតី បានជូនដំណឹងភ្លាម ទៅអគ្គនាយករបស់អង្គការសុខភាពពិភពលោកថា អាមេរិកវិលត្រលប់ មកចូលជាសមាជិក សាជាថ្មី។ នេះជាដំណឹងល្អបំផុតសម្រាប់អង្គការសុខភាពពិភពលោក ទាំងខាងផ្នែកហិរញ្ញវត្ថុ ហើយនិងមុខមាត់ បន្ទាប់ពីត្រូវលោកដូណាល់ ត្រាំ ប្រមាថមើលងាយ ជិត១ឆ្នាំមកនេះ។
អាមេរិកត្រលប់មកចូលជាសមាជិក ឡើងវិញ នឹងធ្វើឲ្យអង្គការសុខភាពពិភពលោក លែងសូវបារម្ភពីការខ្វះថវិកា ដូចមុន ប៉ុន្តែ វានៅតែមិនទាន់ជួយដោះស្រាយបញ្ហា ធំចំបង ដែលអង្គការសុខភាពពិភពលោកកំពុងជួបប្រឈមនោះទេ។
នយោបាយជាតិនិយម ដូចជា ការសម្រុកទិញវ៉ាក់សាំងរបស់ក្រុមប្រទេសអ្នកមាន សម្រាប់ចាក់ឲ្យតែប្រជាជនរបស់ខ្លួន ហើយនិងដំណើរការយឺតយ៉ាវរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង បានធ្វើឲ្យយន្តការ Covax របស់អង្គការសុខភាពពិភពលោក នៅជាប់គាំងមិនដំណើរការ។
នៅចុងឆ្នាំមុន អគ្គនាយករបស់អង្គការសុខភាពពិភពលោកធ្លាប់បានអះអាងថា យន្តការCovax ដែលបង្កើតឡើងនៅ រដូវក្តៅ ឆ្នាំមុន សម្រាប់ការទទួលបានវ៉ាក់សាំង ស្មើភាពគ្នា នៅក្នុងពិភពលោក មានគោលដៅ ចែកចាយវ៉ាក់សាំងបង្ការកូវីដ សម្រាប់បណ្តាប្រទេសក្រីក្រ ចាប់ពីខែ មករានេះតទៅ។ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ យន្តការCovax គ្មានវ៉ាក់សាំង សូម្បី មួយដូស ព្រោះថា ក្រុមប្រទេសអ្នកមានបាន ចរចាទិញវ៉ាក់សាំងផ្តាច់មុខ ពីក្រុមហ៊ុនវ៉ាក់សាំងធំៗ ដូចជា Pfizer ឬ Moderna រួចអស់ហើយ ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយចំនួន ផ្សេងទៀត ដែលអង្គការសុខភាពពិភពលោកបានចរចាទិញ សម្រាប់យន្តការCovaxដែរនោះ គឺនៅមិនទាន់បញ្ចប់ដំណើរការសាកល្បង នៅឡើយ ដូចជា Sanofi Johnson Johnsonជាដើម។
រហូតមកដល់ពេលនេះ មានតែក្រុមហ៊ុនធំៗ៤ ឬ ៥ប៉ុណ្ណោះ ដែលមានវ៉ាក់សាំងរបស់ខ្លួនបានទទួលការអនុញ្ញាតិ ថ្នាក់ជាតិ ដូចជា Pfizer Moderna AstraZeneca Sinovac Biotech របស់ចិន ឬវ៉ាក់សាំងរុស្ស៊ី Sputnik។ ប៉ុន្តែ ក្នុងចំណោមនោះមានតែវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer ដែលលក់ចាយចាយក្នុងទ្រង់ទ្រាយធំ ជាងគេ។
នៅ ថ្ងៃចន្ទ អគ្គនាយក អង្គការសុខភាពពិភពលោកធ្លាប់បានអំពាវនាវសុំឲ្យក្រុមប្រទេសអ្នកមាន ឈប់ចរចា ទ្វេភាគី ដើម្បី ទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗដូចជា Pfizer AstraZeneca ដើម្បី ផ្តល់អាទិភាព ទុកឱកាស ឲ្យយន្តការCovax អាច ទិញ វ៉ាក់សាំងក្នុងតម្លៃសមរម្យ សម្រាប់យកទៅ ជួយបណ្តាប្រទេសក្រីក្រ។
អង្គការសុខភាពពិភពលោកបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ប្រមាណ ២ពាន់លានដូស ពីក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងទី ៣ប៉ុន្តែ ដែលបានសន្យាផ្គត់ផ្គង់វ៉ាក់សាំង ប្រមាណ ១ពាន់លានដូស សម្រាប់ឆ្នាំ ២០២១នេះ។
អង្គការសុខភាពពិភពលោកបានចរចាទិញវ៉ាក់សាំងពី ក្រុមហ៊ុនPfizer និងModerna ដែលបានទទួលការអនុញ្ញាតថ្នាក់ជាតិ រួចហើយនោះ សម្រាប់ចែកចាយ នៅខែកុម្ភៈខាងមុខ ទៅ កាន់ប្រទេសសមាជិក ចំនួន ៩២ ដែលក្រីក្រ គ្មានសមត្ថភាពទិញវ៉ាក់សាំង។ ប៉ុន្តែ គម្រោងការរបស់អង្គការសុខភាពពិភពលោកនឹងអាចបរាជ័យធ្លាក់ទឹកម្តងទៀត ព្រោះថា ក្រុមហ៊ុនអាមេរិកាំងPfizer ជាដើម កំពុងរងការដាក់សម្ពាធ ខ្លាំងពីក្រុមប្រទេសអ្នកមាន នៅអឺរ៉ុបដែលទាមទារចង់បានវ៉ាក់សាំង នៅក្នុងកាលៈទេសៈ ដែលខ្លួនកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ