អ.ស.ប.-អាវុធនុយក្លេអ៊ែរ

សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរបានចូលជាធរមាន តែគ្មានវត្តមានក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរ

ទិដ្ឋភាពនៃ​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក
ទិដ្ឋភាពនៃ​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក AFP - SPENCER PLATT
១៦ នាទី

សន្ធិសញ្ញា​ស្តីពី​ការ​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ ទី២២ មករា​នេះ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ គ្មាន​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ណា​មួយ​ក្នុង​ចំណោម​មហាអំណាច​នុយក្លេអ៊ែរ​ទាំង ៩ប្រទេស​បាន​ចូលរួម​នៅ​ក្នុង​សន្ធិសញ្ញា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍ និង​ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​សាទរ​ចំពោះ​ការ​ចូល​ជា​ធរមាន​នូវ​សន្ធិសញ្ញា​អន្តរជាតិ​មួយ​នេះ។

ផ្សាយពាណិជ្ជកម្ម

សន្ធិសញ្ញា​ស្តីពី​ការ​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​អនុម័ត​ដោយ​ជាង ១២០ប្រទេស​កាល​ពី​ឆ្នាំ ២០១៧។ តែ​ដើម្បី​អាច​ឲ្យ​សន្ធិសញ្ញា​មួយ​នេះ​ចូល​ជា​ធរមាន​បាន លុះ​ត្រា​ណា​តែ​មាន ៥០ប្រទេស​យ៉ាង​តិច​ឲ្យ​សច្ចាប័ន។ ប្រទេសទី៥០ បាន​ឲ្យ​សច្ចាប័ន​ក្នុង​ថ្ងៃទី២៤ តុលា ឆ្នាំ ២០២០ តែ​គេ​ត្រូវ​រង់​ចាំ​រយៈពេល ៩០ថ្ងៃ ពោល​ក្នុង​ថ្ងៃទី២២ មករា ឆ្នាំ ២០២១ នេះ​​ទើប​អង្គការ​សហប្រជាជាតិ​ប្រកាស​ចូល​ធរមាន​ជា​ផ្លូវការ។ ចាប់​ពី​ថ្ងៃ​ចូល​ជា​ធរមាន​នេះ​ទៅ ប្រទេស​ដែល​បាន​អនុម័ត​លើ​សន្ធិសញ្ញា​អន្តរជាតិ​មួយ​នេះ​សន្យា​មិន​ផលិត មិន​ធ្វើ​ការ​សាកល្បង មិន​បំពាក់ ឬ​មិន​ស្តុក​ទុក​អាវុធ​នុយក្លេអ៊ែរ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ និង​គួរ​ឲ្យ​សោកស្តាយ គ្មាន​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​៩ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​បាន​ចូលរួម​នៅ​ក្នុង​សន្ធិសញ្ញា​ស្តីពី​ការ​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​នេះ​ទេ។

៩ប្រទេស​នោះ​មាន​សហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង​កូរ៉េខាងជើង។ ក្នុង​ចំណោម ៩ប្រទេស​ដែល​មាន ៥ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នេះ​ហាក់​គ្មាន​ចេតនា​ដើម្បី​បោះបង់​ចោល​នូវ​អាវុធនុយក្លេអ៊ែរ​ឡើយ។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​បញ្ជាក់​ថា​គិត​តាំង​ពី​ជាង ២០ឆ្នាំ​កន្លង​ទៅ សន្ធិសញ្ញា​ស្តីពី​ការ​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​នេះ​ជា​សន្ធិសញ្ញា​ពហុភាគី​ទី១ ដែល​ពិភពលោក​សម្រេច​បាន។ នៅ​ក្នុង​ន័យ​នេះ លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​រួម​គ្នា​ដើម្បី​បង្កើន​សន្តិសុខ និង​សុវត្ថិភាព​សមូហភាព។ សារ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​ដែរ។

សម្តេច​ប៉ាប​ហ្រ្វង់ស័រ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រទេស និង​មនុស្សលោក​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កសាង​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​រួម​សាមគ្គី​គ្នា​ដើម្បី​លើក​ស្ទួយ​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ពហុភាគី​ដែល​មនុស្សជាតិ​កំពុង​ត្រូវ​ការ​ខ្លាំង​ណាស់​នា​ពេល​សព្វថ្ងៃ។ ចំណែក​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​លោក​ភីធ័រ ម៉ូរ៉េ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​យ៉ាង​ដូច្នេះ​ថា « ថ្ងៃ​នេះ​ជា​​ថ្ងៃ​ជ័យជម្នះ​សម្រាប់​មនុស្សជាតិ​ទូទៅ​របស់​យើង។ ចូរ​យើង​ទាំង​អស់​គ្នា​ទទួល​យក​ឱកាស​នេះ និង​ចូលរួម​ជំរុញ​សន្ធិសញ្ញា​នេះ​ឱ្យ​ដល់​គោលដៅ​របស់​វា គឺ​ពិភពលោក​គ្មាន​អាវុធនុយក្លេអ៊ែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI