សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖នីតិវិធីចោទប្រកាន់លើលោកដូណាល់ ត្រាំបានបើកជាផ្លូវការ

នៅសហរដ្ឋអាមេរិក នីតិវិធីចោទប្រកាន់លើលោកដូណាល់ ត្រាំបានបើកជាផ្លូវការ
នៅសហរដ្ឋអាមេរិក នីតិវិធីចោទប្រកាន់លើលោកដូណាល់ ត្រាំបានបើកជាផ្លូវការ AP - Melina Mara
១៧ នាទី

នៅ​សហរដ្ឋអាមេរិក បទចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ត្រូវ​បាន​ក្រុម​អ្នកតំណាងរាស្រ្ត​បញ្ជូន​ទៅ​ឲ្យ​ព្រឹទ្ធសភា​ជា​ផ្លូវការ​នា​យប់​ថ្ងៃ​ចន្ទ ទី២៥ មករា។ បន្ទាប់​មក​ក្នុង​ថ្ងៃ​អង្គារ ទី២៦ មករា ក្រុម​សមាជិក​ព្រឹទ្ធសភា​ត្រូវ​ស្បថ​ចូល​កាន់តំណែង​ជា​អ្នកវិនិច្ឆ័យ​នៅ​ក្នុង​នីតិវិធី​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ។ តាម​គម្រោង ព្រឹទ្ធសភា​នឹង​កោះហៅ​លោក​ត្រាំ​ទៅ​សួរ នាំ​នៅ​ថ្ងៃ​ទី៩ កុម្ភៈ​ខាង​មុខ។ គួរ​រម្លឹក​ថា មិន​ដែល​មាន​ទេ​នៅ​ក្នុង​ប្រវត្តិសហរដ្ឋអាមេរិក​ដែល​មាន​ប្រធានាធិបតី​ម្នាក់​បាន​ប្រឈម​នឹង​ការ​ដកតំណែង​ដល់​ទៅ ២ដង។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​បរិយាកាស​ស្ងៀមស្ងាត់​ដែល​សមាជិក​សភា​អ្នក​ប្រជាធិបតេយ្យ​ចំនួន ៩រូប​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចេញ​ពី​វិមាន​កាពីតូល​នាំ​យក​បទចោទ​ប្រកាន់​លើ​លោក​ដូណាល់ ត្រាំ​ទៅ​ឲ្យ​ព្រឹទ្ធសភា​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​កាពីតូល។ ចំណែក​ច្រក​ផ្លូវ​ក្នុង​វិមាន​កាពីតូល​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៀត​សោត គឺ​ច្រក​ផ្លូវ​ដែល​ក្រុម​អ្នកគាំទ្រ​លោក​ត្រាំ​បាន​ចូល​លុកលុយ​វិមាន​កាពីតូល​កាល​ពី​ជិត ៣សប្តាហ៍​មុន។ នៅ​ពេល​ទៅ​ដល់​ព្រឹទ្ធសភា បទចោទប្រកាន់​លើ​លោក​ត្រាំ​ត្រូវ​បាន​អាន​ដោយ​លោក Jamie Raskin ប្រធាន​ក្រុម​សមាជិក​សភា​អ្នក​ប្រជាធិបតេយ្យ​ទាំង ៩រូប​ដែល​ប្រធាន​រដ្ឋសភា​លោកស្រី Nancy Pelosi បាន​តែងតាំង​ជា​រដ្ឋអាជ្ញា​សម្រាប់​សំណុំរឿង​មួយ​នេះ។

នៅ​ក្នុង​បទចោទប្រកាន់ លោក​ត្រាំ​បាន​ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​របស់​សហរដ្ឋអាមេរិក និង​ស្ថាប័ន​របស់​ប្រទេស។ បន្ទាប់​មក សុន្ទរកថា​ដែល​លោក​ត្រាំ​បាន​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នឹង​ក្រុម​សកម្មជន​របស់​លោក​ចូល​លុកលុយ​វិមាន​កាពីតូល និង​ការ​ហៅ​ទូរស័ព្ទ​របស់​លោកត្រាំ​ទៅ​កាន់​ចៅហ្វាយ​រដ្ឋ Georgia ដើម្បី​ឲ្យ​ចៅហ្វាយ​រដ្ឋ​រូប​នេះ​រក​សំឡេង​ឆ្នោត​បន្ថែម​ក៏​មាន​នៅ​ក្នុង​បទចោទ​ប្រកាន់​ដែរ។ ខណៈ​នេះ បាល់​កំពុង​ស្ថិត​ក្នុង​ជើង​ក្រុម​សមាជិក​ព្រឹទ្ធសភា ហើយ​សមាជិក​ព្រឹទ្ធសភា​អ្នក​ប្រជាធិបតេយ្យ​លោក Patrick Leahy ជា​អ្នក​ដឹក​នាំ​នីតិវិធី​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃទី៩ កុម្ភៈ​ខាង​មុខ។

ជម្រើស​យក​ថ្ងៃទី៩ កុម្ភៈ​ជា​ជម្រើស​មួយ​ដែល​ទទួល​បាន​ពី​ការ​ចរចា​ដើម្បី​ទុក​ពេល​ឲ្យ​លោក​ត្រាំ និង​ក្រុម​មេធាវី​របស់​លោក​រៀបចំ​យុទ្ធសាស្រ្ត​ដើម្បី​ការពារ​ខ្លួន។ នីតិវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​ការពារ​សន្តិភាព​ខ្ពស់​បំផុត។ មាន​សមាជិក​សភា​អ្នក​ប្រជាធិបតេយ្យ​ច្រើន​នាក់​បាន​ទទួល​ការ​គំរាម​សម្លាប់ ហើយ FBI បាន​ព្រមាន​ពី​វត្តមាន​ក្បួន​បាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​លោក​ត្រាំ​នា​សប្តាហ៍​ខាង​មុខ។ ក្រុម​ឆ្មាំជាតិ​ជា​ច្រើន​ពាន់នាក់​នឹង​បន្ត​ស្ថិត​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​រហូត​ដល់​ពាក់កណ្តាល​ខែ​មីនា។

គួរ​បញ្ជាក់​ថា នេះ​ជា​លើកទី២ ដែល​លោក​ត្រាំ​បាន​ប្រឈម​នឹង​ការ​ដក​តំណែង ហើយ​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិ​សហរដ្ឋអាមេរិក​ដែល​មាន​ប្រធានាធិបតី​ម្នាក់​បាន​ប្រឈម​នឹង​ការ​ដកតំណែង​ដល់​ទៅ ២ដង។ ពិតណាស់ លោក​ត្រាំ​លែង​មាន​តំណែង​ដើម្បី​ឲ្យ​គេ​ដក​ទៀត​ឡើយ។ តែ​បើ​នីតិវិធី​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ទាំង​ពីរ​មែន នោះ​ជា​ការ​បិទផ្លូវ​លោក​ត្រាំ​មិន​ឲ្យ​ត្រឡប់​ចូល​ឆាកនយោបាយ ពិសេស​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI