វ៉ាក់សាំងកូវីដ១៩

Moderna អះអាងថា វ៉ាក់សាំង​ខ្លួន​​នៅតែ​មាន​ប្រសិទ្ធិភាព​​ លើ​​​កូវីដ​១៩​​ទំរង់​បំប្លែង​ខ្លួន​​​អង់គ្លេស

ប្រអប់ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់​មន្ទីរពិសោធន៍ Moderna ។ ទីក្រុងនីស ថ្ងៃទី​ ១៤ មករា ២០២១
ប្រអប់ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់​មន្ទីរពិសោធន៍ Moderna ។ ទីក្រុងនីស ថ្ងៃទី​ ១៤ មករា ២០២១ REUTERS - ERIC GAILLARD
ដោយ៖ ម៉ម ពិសី
១៥ នាទី

ការលេចឡើងនូវ កូវីដ១៩ទម្រង់បំប្លែងខ្លួនថ្មី ជាច្រើនទម្រង់ កំពុងធ្វើឲ្យ​មាន​ការព្រួយ​បារម្ភ ទាក់ទិននឹង​ ​ប្រសិទ្ធិភាព​នៃវ៉ាក់សាំង។ យ៉ាងណាក៏ដោយ មន្ទីរពិសោធន៍​ Moderna បានអះអាងថា វ៉ាក់សាំងខ្លួន នៅតែមានប្រសិទ្ធិភាព​ល្អ ទប់ទល់ជាមួយ​កូវីដ១៩ ទម្រង់បំប្លែងខ្លួនថ្មី ដែលមានប្រភព​ពីប្រទេសអង់គ្លេស។ ដោយ​ឡែក សម្រាប់​​ទម្រង់បំប្លែងខ្លួន មាន​ប្រភព​មកពី​អាហ្វ្រិកខាងត្បូងវិញ​ គឺប្រសិទ្ធិភាព​មានការចុះថយបន្តិច។​ មន្ទីរពិសោធន៍អាមេរិកនេះ កំពុងតែធ្វើ​ការ​ស្រាវជ្រាវសាកល្បង បន្ថែមប្រសិទ្ធិភាព តាមរយៈការចាក់បន្ថែមនូវដូសទី៣។

ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ការស្រាវជ្រាវសាកល្បង ទៅលើ​ឈាមមនុស្សចំនួន​៨នាក់ ព្រមទាំងសត្វស្វា២ក្បាល​ផង ដែលផ្ទុកកូវីដ​១៩ទម្រង់បំប្លែងខ្លួនថ្មី មានប្រភព​មកពីអង់គ្លេស មន្ទីរពិសោធន៍ Moderna បានអះអាងថា ថ្នាំវ៉ាក់សាំងរបស់ខ្លួន នៅតែអាច​រក្សាប្រសិទ្ធិភាពបាន​ មិនខុសពីមេរោគទម្រង់​ដើមឡើយ។ នេះបើផ្អែកតាមរបាយការណ៍ ចេញដោយ​មន្ទីរពិសោធន៍អាមេរិកនេះ កាលពីថ្ងៃទី​២៥មករា។ តែយ៉ាងណា របាយការណ៍សិក្សានេះ មិនបានបញ្ជាក់លំអិត ពីចំនួនកម្រិតនៃអង់ទីក័រ ដែល​មានតួនាទីប្រឆាំងមេរោគឡើយ។

ដោយឡែក ទាក់ទិននឹង កូវីដ១៩ទម្រង់បំប្លែងខ្លួនមួយទៀត ដែលមានប្រភព​មកពីប្រទេសអាហ្វ្រិកខាងត្បូងវិញ ឆ្លងកាត់ការស្រាវជ្រាវ គឺកម្រិត​អង់ទីក័រ មានការថយចុះ ប្រមាណ​ជា៦ដង។ តែយ៉ាង មន្ទីរពិសោធន៍ Moderna អះអាងថា ទោះបើថយចុះមែន តែអង់ទីក័រនៅតែមានចំនួន​ច្រើនល្មម លើសពីចំនួន​អប្បបរមា ដែលអាចមានកម្លាំងប្រឆាំងមេរោគ។

លោក Stéphane Bancel នាយកមន្ទីរពិសោធន៍ Moderna បានលើកឡើងថា លទ្ធផលស្រាវជ្រាវនេះ បាន​មកបន្ថែមផ្តល់ការទុកចិត្ត។ តែទន្ទឹមនឹងនេះ ដើម្បី​ជា​ការបង្ការទុក មន្ទីរពិសោធន៍ បានសម្រេចធ្វើការសិក្សាស្រាវជ្រាវ ទៅលើវ៉ាក់សាំងថ្មីមួយទៀត សម្រាប់មេរោគកូវីដ​​១៩ ទម្រង់បំប្លែងខ្លួនមានប្រភពមកពីអាហ្វ្រិកខាងត្បូង។ មន្ទីរពិសោធន៍នេះ ក៏កំពុងស្រាវជ្រាវសាកល្បង ចាក់បន្ថែម​មួយដូសទៀត ពោលគឺសរុប៣ដូស ដើម្បីបន្ថែម​ប្រសិទ្ធិភាព។

ផ្ទុយទៅវិញ លោក Lawrence Young សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Warwick បានលើកឡើងថា របាយការណ៍របស់​មន្ទីរពិសោធន៍ Moderna មានខ្លឹមសារមិនច្បាស់លំអិតសោះ។ លោកថា ក្នុងករណី​កូវីដ​១៩ទម្រង់បំប្លែងខ្លួនអាហ្វ្រិកខាងត្បូង កម្រិតចំនួន​អង់ទីក័រចុះថយដល់ទៅ​៦ដង នៅក្រោយពេលចាក់វ៉ាក់សាំង ដែលនេះមានន័យថា វាអាចធ្វើឲ្យ​ខូចប្រសិទ្ធិភាពនៃវ៉ាក់សាំង​។ យ៉ាងណា​ក៏ដោយ លោក Akiko Iwasaki សាស្ត្រាចារ្យជំនាញ​មេរោគឆ្លងនៅសកល​វិទ្យាល័យ Yale បាន​អបអរចំពោះលទ្ធផលសិក្សាស្រាវជ្រាវ របស់​មន្ទីរពិសោធន៍ Moderna ហើយថា លោកចង់ឃើញមន្ទីរពិសោធន៍ផ្សេងៗទៀត ចាប់ផ្តើមពិចារណា​ ផ្សំគំរូវ៉ាក់សាំងថ្មី​ ដើម្បីទប់ជាមួយ​កូវីដ​១៩​ទម្រង់បំប្លែងខ្លួន មកពី​អាហ្វ្រិកខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI