អាមេរិកនឹងត្រលប់មកចូលរួម ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិវិញ
ចុះផ្សាយនៅថ្ងៃ៖
សហរដ្ឋអាេមរិក នឹងត្រលប់មកចូលរួម ឲ្យបានសកម្មបំផុត នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ។ នេះបើផ្អែកតាមលិខិតប្រកាស របស់លោករដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលអាមេរិកថ្មី របស់លោកចូ បៃដិន កាលពីថ្ងៃទី៨កុម្ភៈ។ លិខិតនេះ លើកឡើងថា ការដែលរដ្ឋាភិបាលអាេមរិកមុន បានដកខ្លួនចេញពីក្រុមប្រឹក្សានេះ គឺបានធ្វើឲ្យក្រុមប្រឹក្សានេះចុះខ្សោយ ហើយប្រទេសមួយចំនួនឆ្លៀតឱកាស រំលោភបំពានសិទ្ធិមនុស្សកាន់តែខ្លាំង។
លោកអង់តូនី ប្ល៊ីងកិន រដ្ឋមន្ត្រីការបរទេសអាេមរិក បានផ្ញើលិខិតមួយ ទៅកាន់អង្គប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដោយបានសរសេរលើកឡើងថា លោកប្រធានាធិបតីចូ បៃដិន បានចេញបញ្ជា ឲ្យក្រសួងការបរទេសអាេមរិក ត្រូវត្រលប់មកចូលរួម ឲ្យបានសកម្ម និងឆាប់បំផុត នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។
លោកប្រមុខការទូតអាេមរិក សរសេរបញ្ជាក់ថា សហរដ្ឋអាេមរិកដឹងយ៉ាងច្បាស់ ថាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ មានចំណុចខ្វះខាតច្រើនណាស់។ ស្ថាប័ននេះ ត្រូវទទួលបាននូវការធ្វើកំណែទម្រង់ ទៅលើកម្មវិធីនយោបាយ ការកំណត់គោលការណ៍គ្រិះ ការរៀបចំសមាសភាព និងអាទិភាពធំៗជាដើម ។ល។ ដូច្នេះ ដើម្បីចូលរួមធ្វើការទាំងនេះ ឲ្យបានជោគជ័យ សហរដ្ឋអាេមរិក នឹងត្រលប់មកចូលរួម ក្នុងតុប្រជុំវិញ។
លោក អង់តូនី ប្ល៊ីងកិន បានសង្កត់បន្ថែមថា អវត្តមានរបស់សហរដ្ឋអាេមរិកកន្លងមក គឺបានធ្វើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ចុះខ្សោយកាន់តែខ្លាំង ហើយជាងនេះទៀត គឺបានទុកឲ្យប្រទេសមួយចំនួនដែលជំនាញខាងផ្តាច់ការ រំលោភសិទ្ធិមនុស្ស អាចធ្វើអ្វីបានតាមចិត្ត។ ទោះប្រមុខការទូតអាមេរិក មិននិយាយឲ្យចំ តែគ្រប់គ្នា អាចកាត់យល់បាន ថាលោកសំដៅទៅដល់ ចិន និង រុស្ស៊ី។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ មានសមាជិកចំនួន៤៧ប្រទេស គឺជាវេទិកាកំពូល ដែលមានតួនាទី លើកកំពស់ការគោរពសិទ្ធិមនុស្ស ព្រមទាំងចេញអនុសាសន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស។ តែយ៉ាងណា គឺប្រទេសសមាជិកមួយចំនួន នៃក្រុមប្រឹក្សានេះឯង ដែលត្រូវបានគេចោទជាញឹកញាប់ ថាបានធ្វើសកម្មភាពបំពានសិទ្ធិមនុស្ស។
រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានសម្រេចដកខ្លួនឈប់ចូលរួមក្នុងក្រុមប្រឹក្សានេះ នៅខែមិថុនា ឆ្នាំ២០១៨ ដោយចោទក្រុមប្រឹក្សានេះ ថាជាស្ថាប័នពុតត្បុត បោកប្រាស់ ការពារក្រុមមនុស្ស ឬរបបដែលរំលោភសិទ្ធិមនុស្ស។
បើតាមការបញ្ជាក់ពីលោក អង់តូនី ប្ល៊ីងកិន សហរដ្ឋអាេមរិក នឹងត្រលប់មកចូលរួម ក្នុងក្រុមប្រឹក្សានេះវិញ ដោយចាប់ផ្តើម ពីការធ្វើជាប្រទេសសង្កេតការណ៍។ លក្ខខន្តិកៈនេះ នឹងផ្តល់ឱកាសឲ្យអាមេរិក អាចនិយាយទៅកាន់ក្រុមប្រឹក្សាទាំងមូល ចូលរួមជាមួយការចរចាផ្សេងៗ និងលើកជាអនុសាសន៍នានា។ លោកបានសម្តែងសុទិដ្ឋិនិយមថា វត្តមានរបស់អាមេរិក នឹងចូលរួមក្នុងន័យស្ថាបនា សហការជាមួយប្រទេសដៃគូទាំងអស់ ដើម្បីពង្រឹងតួនាទី ការងាររបស់ក្រុមប្រឹក្សានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ