ប៉េរូ-វ៉ាក់សាំងកូវីដ

រដ្ឋមន្ត្រី​​​ប៉េរូ ​ចុះ​ពី​តំណែង​ជា​បន្ត​បន្ទាប់​ ក្រោយ​ធ្លាយ​​រឿង​អាស្រូវ​លួច​​ចាក់​ថ្នាំបង្ការ​កូវីដ

មាន​រដ្ឋមន្ត្រី​ប៉េរូ​យ៉ាង​ហោច​២​នាក់​បាន​លាលែង​ចេញ​តំណែង​ដោយ​ជាប់​រឿង​អាស្រូវ​ចាក់​ថ្នាំ​បង្ការ​កូវីដ​មុន​
មាន​រដ្ឋមន្ត្រី​ប៉េរូ​យ៉ាង​ហោច​២​នាក់​បាន​លាលែង​ចេញ​តំណែង​ដោយ​ជាប់​រឿង​អាស្រូវ​ចាក់​ថ្នាំ​បង្ការ​កូវីដ​មុន​ REUTERS - SEBASTIAN CASTANEDA

ប៉េរូ​រង​ការ​រាតត្បាត​កូវីដ​១៩​ខ្លាំងណាស់។ ក្នុង​ពេល​ដែល​​ស្ថានភាព​សុខាភិបាល​​កំពុង​ដុនដាប​និងរងគ្រោះ​​ខ្លាំង មាន​យ៉ាង​ហោច​រដ្ឋមន្ត្រី​ពីរ​រូប​​ បាន​សារភាព​ថា​បាន​លួច​​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ​១៩ ទាំង​ខ្លួនពុំ​មាន​អាទិភាពសោះ និង​មុខ​ការ​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជា​សាធារណៈ​ទៅទៀត។ រឿង​អាស្រូវ​នេះ​ទើប​បាន​បែក​ធ្លាយ​ជា​​សាធារណៈ និង​រាល​ដាល​កាន់​តែ​ធំ ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ទម្លាយ​ថា​អតីត​ប្រធានាធិបតី​ក៏​បាន​លួច​ចាក់​ថ្នាំ​បង្ការ​កូវីដ​​ ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ដែរ កាលពី​ខែ​តុលា ២០២០​។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉េរូ លោកស្រី Elizabeth Astete បាន​ប្រកាស​សុំ​លាលែង​ចេញ​ពី​តំណែង​នៅ ល្ងាច​ថ្ងៃ​អាទិត្យ​ទី ១៤​កុម្ភៈ បន្ទាប់​ពី​បានទទួល​សារភាព​ថា​លោកស្រី​បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ គឺ​បាន​​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ កាលពី​ខែ​មករា ២០២១ មុន​យុទ្ធនាការ​ចាក់​ថ្នាំប​ង្ការ​កូវីដ​ចាប់​ផ្តើម​ទៅ​ទៀត។ ជាមួយ​នឹង​ការយល់​​ព្រមភ្លាម​​ឱ្យ​រដ្ឋមន្ត្រី​រូប​នេះ​ចុះ​ចេញ​ពី​តំណែង លោក​ប្រធានាធិបតី​​ប៉េរូ Francisco Sagasti បាន​សម្តែង​ការ​ខឹង​សម្បារ​និង​ការ​អៀន​ខ្មាស​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​ថ្នាក់​ដឹកនាំ​ប៉េរ៉ូ។

លោកស្រី​ប្រមុខ​ការ​ទូត​បេរ៉ូ ជាមន្ត្រី​ទីពីរ​បន្ទាប់​ពី​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​ដែល​បាន​លាលែង​ចេញ​ពី​តំណែង កាលពី​ថ្ងៃ​សុក្រ​ទី ១២​កុម្ភៈដោយ​ហេតុ​រឿង​អាស្រូវលួច​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩​​។

តាមការ​ពិត រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​លួច​ចាក់​ថ្នាំ​បង្ការ​ ដែល​គេ​ប្រសិទ្ធនាម​ថា  « Vacuna Gate » ត្រូវ​បានសារព័ត៌មាន​ក្នុង​ស្រុកមួយចុះ​ផ្សាយ​ នៅ​ថ្ងៃព្រហស្បតិ៍​ទី ១១​កុម្ភៈ។ បើ​តាម​សារព័ត៌មាន​នោះ អតីត​ប្រធានាធិបតី​ប៉េរូ (ពី​ឆ្នាំ​២០១៨-២០២០) លោក Martin Vizcarra បាន​លួច​​​ចាក់​ថ្នាំ​បង្ការ​ដោយ​ស្ងាត់ៗ កាលពី​ខែ​តុលា​២០២០ កាល​លោក​នៅ​មាន​តួនាទី​ប្រមុខ​រដ្ឋ​ ពោល​គឺ​ពីរ​បី​សប្តាហ៍​មុន​​​សភា​ដក​ហូត​ទំនុក​ចិត្ត​ពី​លោក។ អតីត​ប្រធានាធិបតី​រូប​នេះ បានឆ្លើយ​ដោះសារការពារ​ខ្លួន​ថា ជា​ចាក់​ថ្នាំ បង្ការ​របស់​ក្រុមហ៊ុន​ចិនSinopharm ក្នុង​ក្របខ័ណ្ឌ​​នៃការ​ធ្វើ​តេស្ត​សាកល្បង​។ ប៉ុន្តែ​សកលវិទ្យាល័យ​​ទទួល​បន្ទុក​ផ្នែក​សាកល្បង​ថ្នាំ​បង្ការ​បាន​បដិសេធ។

សារព័ត៌មាន​ប៉េរូ​ដដែល​បាន​អះអាង​ទៀត​ថា ក្រៅ​ពី​​អតីត​ប្រមុខ​រដ្ឋ ទំនង​ជា​មាន​​បណ្តា​មន្ត្រី​ជាន់​ខ្ពស់​និង​ក្រុមគ្រួសារ ជាច្រើន​ផ្សេង​ទៀត​ បានលួច​​ចាក់​ថ្នាំ​បង្ការ​ ដែល​ក្រុមហ៊ុន​ចិន Sinopharm ​បាន​ផ្តល់ឱ្យ​ចំនួន ២ពាន់​ដូស​សម្រាប់​ចាក់​ជូន​បុគ្គលិក​​​ទទួល​បន្ទុក​ផ្នែក​សាកល្បង​ថ្នាំ។

ប្រឈម​នឹង​ការ​ធ្លាយ​រឿង​អាស្រូវ​បែបនេះ ឥស្សរជន​នយោបាយ​ប៉េរូ​ជា​ច្រើន​បាន​ចេញ​មុខ​បដិសេធ​ជា​សាធារណៈ។ ហើយ​ដើម្បី​បំភ្លឺ​និង​ដាក់​ទណ្ឌកម្ម​ដល់​មន្ត្រី​ដែល​យក​ប្រយោជន៍​រួម​​មក​បំរើ​ប្រយោជន៍​បុគ្គល​ផ្ទាល់​ខ្លួន ប្រធាន​សភា​ប៉េរូ​បាន​បញ្ជា​ឱ្យ​បើក​អង្កេត​មួយ​។ ប្រធានាធិបតី​​បាន​សន្យា​ថា​នឹង​ដក​តំណែង​ពី​រាល់​គ្រប់​មន្ត្រី​ណា​ដែល​មាន​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ។

យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ នៅ​ប៉េរូ ទើប​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃអង្គារ​ទី ៩​កុម្ភៈ ដោយ​មាន​រូប​លោក​ប្រធានាធិបតី​ Sagasti អាយុ​៧៦​ឆ្នាំ​ ទទួល​ថ្នាំ​បង្ការ​ជា​សាធារណៈ​ ដើម្បី​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ព្រម​ចាក់​ថ្នាំបង្ការ។ តែ​ប៉េរូ​ពុំ​ទាន់​បាន​កំណត់​ពេល​វេលា​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ទេ។ មក​ទល់​នឹង​​ពេល​នេះ ប៉េរូ​បាន​ទទួល​ថ្នាំ​បង្ការ​ពី​ចិន​ ចំនួន ១​លាន​ដូស​​តែ​ប៉ុណ្ណោះ។

ប៉េរូ​រាប់​មាន​អ្នក​ស្លាប់​ដោយ​កូវីដ​១៩​ចំនួន ៤៣៧០៣​នាក់ និង​អ្នក​ឆ្លង​ជាង​១​លាន​២សែន​នាក់។ ប្រព័ន្ធ​សុខាភិបាល​និង​មន្ទីរ​ពេទ្យ​កំពុង​ចាល់​ខ្លាំង​ណាស់ ព្រោះ​មាន​អ្នក​ជំងឺ​ដល់​ទៅ​ជាង​១៤២៣០នាក់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដែល​កំពុង​ខ្វះ​ខាត​ខ្យល់​អុកស៊ីហ្សែន​យ៉ាង​ខ្លាំង។ អ្នក​ជំងឺ​រាប់​រយ​នាក់​កំពុង​​បន្ត​​កន្ទុយ​រង់​ចាំ​ទទួលការ​ព្យាបាល៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI