ប្រេងកាត

ប្រេង​ឆៅ​ឆាប់​ឡើង​ថ្លៃ​វិញ ជា​លើក​ទី​មួយ ជា​សញ្ញា​ល្អ ?

ប្រេង​ឆៅ​ឡើង​ថ្លៃ​ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​ខែ​មករា​២០២០​មក
ប្រេង​ឆៅ​ឡើង​ថ្លៃ​ជា​លើក​ទីមួយ គិត​ចាប់​តាំង​ពី​ខែ​មករា​២០២០​មក Justin Tallis AFP/Archivos

នៅ​ថ្ងៃចន្ទ​ទី ១៥ កុម្ភៈ ២០២១ ប្រេង​ឆៅ​អាមេរិកWTI​មួយ​ធុង​បារីស ថ្លៃ ៦០,៥៣​ដុល្លារ​អាមេរិក។ នេះ​ជា​តម្លៃ​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន​គេ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ៩មករា ២០២០មក។ តើ​មាន​កត្តា​អ្វី​ខ្លះ​​ដែល​ជំរុញ​ឱ្យ​​ប្រេង​ឡើង​ថ្លៃ​វិញ ? វិបត្តិ​កូវីដ​១៩ កំពុង​ចាប់​អស់​ឥទ្ធិពល​ និង​រ​លើ​តម្លៃ​ប្រេង​ឬ​យ៉ាងណា ?

ផ្សាយពាណិជ្ជកម្ម

នៅវេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ម៉ោង​នៅ​ទីក្រុង​ប៉ារីស​ថ្ងៃ​ចន្ទ​ទី ១៥​កុម្ភៈ តម្លៃ​ប្រេង​ឆៅ​អាមេរិក​​ សម្រាប់ខែ​មីនា​ បាន​ឡើង​​ថ្លៃ​១,៧៨% ​ បើ​ប្រៀប​ទៅនឹង​តម្លៃ​ប្រេង​កាល​ពី​ថ្ងៃ​សុក្រ។ នៅ​ទីក្រុង​ឡុងដ៍ ​ប្រេង​ឆៅ​សមុទ្ទ​ខាង​ជើងរបស់​ក្រុមហ៊ុន​Brent ​ដែលនឹង​ដឹក​មក​លក់​សម្រាប់​ខែ​មេសា​ ក៏​បាន​ឡើង​ថ្លៃ​១,២៧% ដែរ។ BP បាន​ឡើង​ថ្លៃ​២,៩៦% Shell ឡើង៣,៨៤%។ ​តាំង​ពី​ថ្ងៃ​ចន្ទ​មុនមក តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អាស៊ី​បាន​ឡើង​ថ្លៃ​ជាង​៦០​ដុល្លារ​ក្នុង​មួយ​ធុង​បារីលជា​ស្រេច​ហើយ។ នេះ​ជា​លើក​ទី​មួយ​គិត​ចាប់​តាំង​ពី​​មករា​២០២០​មក ដែល​ទីផ្សារ​ប្រេង​ឆៅ​ចាប់​តម្លៃ​ឡើង​វិញ​ដូច្នេះ។

បើ​តាម​អ្នក​វិភាគActivtrades​ ទីផ្សារ​ប្រេង​ចាប់​កំរើក​ឡើង​វិញ ទស្សនវិស័យ​សេដ្ឋកិច្ច​ចាប់​មានសុទិដ្ឋនិយម​ឡើង​វិញ បន្ទាប់​ពី​ពិភពលោក​ផ្តើម​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ និង​​ការ​ចាក់​សាច់​លុយ​​របស់​ធនាគារ​កណ្តាល​ ដើម្បី​ផ្តល់សន្ទុះ​សេដ្ឋកិច្ច​​ផង។ ​ក្តី​សង្ឃឹម​កាន់​តែ​មាន​​ខ្លាំង​នៅ​ពេល​ឃើញ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ចដ៏​មហា​សាល​របស់​​អាមេរិក។ យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​បា​ន​ចាប់​ផ្តើម​ជា​ទូទៅ ជា​សញ្ញា​បញ្ជាក់​ថា​ការ​ចម្លង​រាតត្បាត​មុខ​ជា​នឹង​​ចាប់​បន្ថយ​ល្បឿន មនុស្ស​ម្នា​​អាច​នឹង​វិល​ត្រលប់មក​រស់​នៅ​តាម​បែប​​​ធម្មតា​ឡើង​វិញ ដូច្នេះ​សេចក្តី​ត្រូវ​ការក៏​​នឹង​កើន​ឡើង​វិញ​​ដែរ។

អ្នក​សង្កេត​ការណ៍​​​ បាន​បន្ថែម​ហេតុផល​មួយ​ទៀត​ដែ​លនាំ​ឱ្យ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ដែរ គឺ​ការ​ប្រកាស​របស់​អារ៉ាប៊ីសាអូឌីត ដែល​អាច​ផ្ចាញ់​និ​ងកម្ចាត់​បាន​ទាន់​ពេល​វេលា​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន។

ស្ថានភាព​អាកាសធាតុ​ត្រជាក់​ខ្លាំង​ពិសេស​នៅ​សហរដ្ឋ​អាមេរិក​ ក៏​ជា​ប្រភព​ជ្រោង​ស្ទួយ​តម្លៃ​ប្រេង​ឆៅ​ឱ្យ​ឡើង​ដែរ។ ដោយ​ហេតុ​តែសីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​ពេក អណ្តូង​ប្រេង​ជា​ច្រើន​នៅរដ្ឋ​​តិច​សាស់ត្រូវ​​​ផ្អាក​សកម្មភាព​​បូម​ប្រេងផង មាន​ករណី​ដាច់​ភ្លើងច្រើន​​ផង និង​ចរាចរណ៍​រអាក់​រអួលទៀត ទើប​ទីផ្សារ​ប្រេងរងការ​​​អង្រួង​បំប៉ោង​គ្រប់​យ៉ាង​ ដោយយល់​ថា​ ​ សេចក្តីត្រូវ​ការ​មាន​ច្រើន​ តែ​ទីផ្សារ​មាន​​កំរិត។

ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​របស់​Commerzbank តម្លៃ​ប្រេង​ឡើង​​នា​ពេល​នេះ ដូច​ជា​លឿន​ជ្រុល​និងហួស​ហេតុ​បន្តិច​ហើយ។ ​ហានិភ័យ​នៅ​ខ្ពស់​នៅ​ឡើយ ពុំ​ទាន់​មាន​សេចក្តី​ត្រូវ​ការ​ផ្នែក​ប្រេង​ពិត​ប្រាកដ​ទេ ហើយ​ម្យ៉ាង​ទៀត ក្រុមប្រទេស​​អ្នក​ផលិត​ប្រេងOPEP+​ ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក មាន​សមត្ថភាព​អាច​បង្កើន​ផលិត​ផល​​បាន​យ៉ាងច្រើន​និង​ឆាប់​រហ័ស​​ជាង​ការ​គ្រោង​ទុក​ឆ្ងាយណាស់។

ភ្នាក់ងារ​ថាមពលអន្តរជាតិ​ និង​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ បាន​បង្ហាញ​ទស្សនវិស័យ​​ប្រុង​ប្រយ័ត្ន​ខ្លាំង​ដូច​គ្នា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ប្រេង​បាន​ថ្លៃ ពិត​ជា​លើក​ទឹក​ចិត្ត​ប្រទេស​ អ្នក​ផលិត​ឱ្យបង្កើន ​​ផលិត​កម្ម​របស់​ខ្លួន​ភ្លាម​ដែរហើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI