កាណាដា-ចិន-សិទ្ធិមនុស្ស

សេចក្តីថ្លែងការណ៍​​​​ប្រឆាំងនឹង​ការ​​ឃុំខ្លួន​​​​មនុស្ស​​​​ក្រៅ​​​​ប្រព័ន្ធ​​ច្បាប់ ផ្តួចផ្តើម​​ដោយ​​​កាណាដា

បុរសម្នាក់ កាន់បដា ទាមទារឲ្យ​អាជ្ញាធរចិន ដោះលែង​ពលរដ្ឋកាណាដា​២នាក់​ ឈ្មោះ Michael Kovrig និង Michael Spavor ខណៈដែល​តុលាការ​កំពូល​ខេត្ត  British Columbia Supreme បើកសវនាកាសំណុំរឿងលោកស្រី ម៉េង វ៉ាន់ចូវ ​នាយក​ហិរញ្ញវត្ថុរបស់​ Huawei។ ក្រុង Vancouver ថ្ងៃ ២១ មករា ២០២០
បុរសម្នាក់ កាន់បដា ទាមទារឲ្យ​អាជ្ញាធរចិន ដោះលែង​ពលរដ្ឋកាណាដា​២នាក់​ ឈ្មោះ Michael Kovrig និង Michael Spavor ខណៈដែល​តុលាការ​កំពូល​ខេត្ត British Columbia Supreme បើកសវនាកាសំណុំរឿងលោកស្រី ម៉េង វ៉ាន់ចូវ ​នាយក​ហិរញ្ញវត្ថុរបស់​ Huawei។ ក្រុង Vancouver ថ្ងៃ ២១ មករា ២០២០ AP - DARRYL DYCK

ប្រទេសកាណាដា​ បានផ្តួចផ្តើមគំនិត ធ្វើសេចក្តី​ថ្លែងការណ៍​អន្តរជាតិមួយ ដើម្បី​ប្រឆាំងនឹង​ការ​ចាប់ឃុំ​ខ្លួន​​មនុស្ស​​ក្រៅ​ប្រព័ន្ធច្បាប់ ក្នុងកម្មវត្ថុ​ដាក់សំពាធការទូត ទៅលើ​ប្រទេសណាមួយ​។ សេចក្តីថ្លែង​ការណ៍​ ​ដែល​មាន​ការចុះហត្ថលេខា​គាំទ្រ ពីសំណាក់​ប្រទេស​​ជាង​៦០ប្រទេសនេះ ត្រូវបាន​គេមើលឃើញថា គឺកាណាដា​បាន​ស្រង់បទពិសោធន៍ នូវអ្វីដែលខ្លួនបានឆ្លងកាត់​ បន្ទាប់ពី​អាជ្ញាធរចិន បាន​ចាប់ខ្លួន​ពលរដ្ឋកាណាដា២នាក់  ដើម្បី​ដាក់សំពាធការទូតលើ​កាណាដា កាលពីចុងឆ្នាំ​២០១៨។

ផ្សាយពាណិជ្ជកម្ម

« ការចាប់ខ្លួន​​ពលរដ្ឋនៃប្រទេសណាមួយ ក្រៅប្រព័ន្ធច្បាប់ ដើម្បីដាក់សំពាធការទូតទៅលើ​ប្រទេសនោះ​ វាគឺជាអំពើ​ ខុសច្បាប់ គ្មានមនសិកា ហើយ​ត្រូវ​តែ​បញ្ឈប់ជាបន្ទាន់ »។ នេះគឺជាការលើកឡើង របស់​លោក Marc Garneau រដ្ឋមន្ត្រី​ការបរទេសកាណាដា នៅក្នុងឱកាសបង្ហាញ សេចក្តីថ្លែងការណ៍អន្តរជាតិប្រឆាំងនឹង​ការចាប់ខ្លួន​មនុស្ស​ក្រៅប្រព័ន្ធច្បាប់ នៅថ្ងៃអង្គារទី​១៦កុម្ភៈ។

បើ​ទោះបីជា​សេចក្តីថ្លែងការណ៍នេះ ពុំមាន​ខ្លឹមសារ​ដាក់កំហិតចាប់បង្ខំក៏ដោយ តែ​លោក​រដ្ឋមន្ត្រី​ការបរទេសកាណាដា បាន​លើកឡើងថា វានឹង​ផ្តល់សន្ទុះដល់សហគមអន្តរជាតិ រួមគ្នាថ្កោលទោស​អំពើនេះ ហើយ​ឈាន​ទៅ​បញ្ឈប់វាឲ្យ​បាន​។ លោក​បានពន្យល់ថា អំពើចាប់ឃុំខ្លួនពលរដ្ឋប្រទេសមួយ​ ពីសំណាក់​អាជ្ញាធរប្រទេសមួយទៀត ដើម្បីជាថ្នូរ និងការចង់បាន​សម្បទានការទូតណាមួយ វាគឺជាអំពើប្រាសចាកសិលធម៌។ ហើយជាងនេះទៀត អំពើ​បែប​ល្បែង​ការទូតនេះ ​នឹង​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋទាំងអស់ ប្រឈមនឹងគ្រោះថ្នាក់ ជាពិសេសពលរដ្ឋបរទេស ឬអ្នកមាន​សញ្ជាតិ២ ដែលទៅរស់នៅ ធ្វើការ ឬធ្វើដំណើរទៅប្រទេសមួយ​នោះ។

គួរកត់សំគាល់ថា សេចក្តី​ថ្លែងការណ៍អន្តរជាតិនេះ មិនសំដៅលើ​ប្រទេសណាមួយ ដោយចំពោះនោះទេ។ តែយ៉ាងណា គេអាចកាត់យល់បាន​ ថាកាណាដា ផ្តួចផ្តើម​ធ្វើ​សេចក្តីថ្លែងការណ៍នេះ បន្ទាប់ពី​ខ្លួន​ បាន​ឆ្លងកាត់​បទពិសោធន៍ជាមួយ​ចិន។ នៅខែធ្នូឆ្នាំ​២០១៨ អាជ្ញាធរចិន បានចាប់ឃុំខ្លួន​ ពលរដ្ឋកាណាដា២នាក់ ដែលកាណាដាអះអាងថា ជាអំពើឃុំខ្លួន​ក្រៅប្រព័ន្ធច្បាប់ ដែលអាជ្ញាធរចិនធ្វើឡើង ដើម្បីដាក់សំពាធឲ្យ​អាជ្ញាធរកាណាដា ដោះលែងលោកស្រី ម៉េង វ៉ាន់ចូវ ​ ​​នាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន​​​Huawei។ លោកស្រី ម៉េង វ៉ាន់ចូវ ដែលត្រូវបាន​សមត្ថកិច្ចកាណាដា​ចាប់ខ្លួន ដោយ​ផ្អែកលើ​បទចោទប្រកាន់​ របស់​ចៅក្រម​អាមេរិក។

សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ ត្រូវបាន​ប្រទេសចំនួនជាង​៦០ ចុះហត្ថលេខារួចហើយ ហើយ​បើកទទួលការ​ចុះហត្ថលេខាគាំទ្រ ពីសំណាក់​ប្រទេសទាំងអស់។ ប្រទេសមួយ​ចំនួនទៀត ដូចជា សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស អូស្ត្រាលី និងអ៊ីស្រាអែល កំពុងតែ​អានពិនិត្យ​សេចក្តីថ្លែង​ការណ៍នេះ ដើម្បី​ឈានទៅចុះហត្ថលេខាគាំទ្រដែរ។ លោក អង់តូនី ប្លីងគីន រដ្ឋមន្ត្រីការបរទេស​អាមេរិក បានទទួលស្គាល់ថា​ អំពើចាប់ឃុំខ្លួន​ពលរដ្ឋបរទេស ដើម្បី​ជំរិត ដាក់សំពាធ ចង់បា​នអ្វីមួយ ​ពីរដ្ឋាភិ​បាល​នៃប្រទេសរបស់​បុគ្គលនោះ វាគឺជាអំពើព្រហើនកោងកាច ហើយ​វាជាការ​រំលោភបំពាន ដ៏ធ្ងន់ធ្ងរ​បំផុត ទៅលើ​​សិទ្ធិ​របស់​បុគ្គល​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI