អូតង់-សហរដ្ឋអាមេរិក

អង្គការ​អូតង់ និង​រដ្ឋបាល​​លោក​​ចូ បៃដិន ពិចារណា​​រិះរក​​យុទ្ធសាស្រ្ត​ថ្មី​

រូបថតឯកសារ ទាហានអាមេរិក អង្គុយសម្រាកក្បែរទង់ជាតិអាមេរិក នៅមូលដ្ឋានទ័ព​ខេត្ត Kunar ប្រទេសអាហ្វហ្កានីស្ថាន។ ថ្ងៃទី ១១ កញ្ញា ២០១១
រូបថតឯកសារ ទាហានអាមេរិក អង្គុយសម្រាកក្បែរទង់ជាតិអាមេរិក នៅមូលដ្ឋានទ័ព​ខេត្ត Kunar ប្រទេសអាហ្វហ្កានីស្ថាន។ ថ្ងៃទី ១១ កញ្ញា ២០១១ AP - David Goldman

នៅថ្ងៃពុធទី ១៧កុម្ភៈ អង្គការ​សម្ព័ន្ធមិត្ត​អន្តរអាត្លង់ទិក ហៅកាត់ថាអូតង់ បានបើកការប្រជុំ ដើម្បី​រៀបចំ​គោលនយោបាយ​យុទ្ធសាស្រ្តថ្មី​ បន្ទាប់ពី​​​រដ្ឋបាលអាមេរិកថ្មី ដឹកនាំដោយលោក​ចូ បៃដិន បានចាប់ផ្តើម​ចូលកាន់តំណែង។​ មានសំណុំរឿងធំជាច្រើន ដែលអូតង់ ​ត្រូវ​តែ​ពិចារណា ដូចជា​ ការដកទ័ព​ចេញ ពីអាហ្វហ្កានីស្ថាន បញ្ហា​ហិរញ្ញវត្ថុ និង​បញ្ហាពាក់ព័ន្ធជាមួយ​នឹងតួកគីជាដើម។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំរយៈពេល​២ថ្ងៃ​ ចាប់ពីថ្ងៃពុធទី១៧កុម្ភៈទៅ គឺលោកចូ បៃដិន ព្រមទាំងលោករដ្ឋមន្ត្រី​ការពារជាតិអាេមរិកថ្មី នឹង​ជួប​និយាយគ្នាពីចំងាយ ជាលើកទីមួយ ជាមួយ​នឹងថ្នាក់ដឹកនាំប្រទេស​សមាជិក​អង្គការអូតង់ OTAN / NATO។

នឹងមិនមានការសម្រេច​ណាមួយ​ទេ នៅក្រោយ​កិច្ចប្រជុំនេះ ព្រោះថា​រដ្ឋបាល​ថ្មីរបស់​លោកចូ បៃដិន ត្រូវការពេលវេលា ហើយ​ចង់​ពិនិត្យ​ស្ថានការណ៍​ឲ្យ​បានល្អិតល្អន់។ ការសម្រេច​នានា អាចនឹង​ធ្វើ​ឡើង នៅ​ក្នុងឱកាស វេទិកាកំពូលមួយទៀត នៅក្នុងឆ្នាំនេះ។ នេះបើផ្អែកតាមការលើកឡើង របស់​លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ កាលពីថ្ងៃចន្ទ ទី១៥កុម្ភៈ។

លោកអគ្គលេខាធិការអូតង់ បាន​លើកឡើងថា អូតង់ត្រូវតែប្រឹងប្រែងកសាង ឲ្យ​ប្រទេសសមាជិក​មាន​​ទំនុកចិត្តជាមួយ​ឡើងវិញ។ លោក អត់តូនី ប៊្លីនគិន ប្រមុខការទូតអាមេរិក នឹងបើក​កិច្ចប្រជុំមួយ​ទៀត ជាមួយ​រដ្ឋមន្ត្រីការបរទេសសមាជិកអូតង់ទាំងអស់ នៅថ្ងៃទី​២៣មីនា។​

តែយ៉ាងណា ទាក់ទិននឹងសំណុំរឿងអាហ្វហ្កានីស្ថាន គឺគេមិនអាចបង្អង់ចាំយូរបានទៀតទេ។ បច្ចុប្បន្ន មាន​ទាហានរបស់ប្រទេសសមាជិកអូតង់ទាំង៣៦ ចំនួន​៩៦០០នាក់ កំពុងឈរជើងនៅអាហ្វហ្កានីស្ថាន ក្នុងនោះមាន​២៥០០ជាទាហានអាមេរិក។ យោងតាម​កិច្ច​ព្រមព្រៀង ដែលរដ្ឋបាល​លោកដូណាល់ ត្រាំបានចុះជាមួយ​ក្រុមតាលីបង់ គឺអាមេរិក និងអូតង់ ត្រូវដកទ័ពចេញពីអាហ្វហ្កានីស្ថាន នៅ​ថ្ងៃទី១ខែ​ឧសភា ខាងមុខនេះហើយ។ មួយវិញទៀត ប្រទេសសមាជិក​អូតង់ដែល​បានបញ្ជូនទ័ព​ទៅអាហ្វហ្កានីស្ថាន គឺគ្មាននរណាចង់នៅបន្តទេ គឺចង់រងចាំឲ្យ​តែដល់ថ្ងៃដើម្បីដកទ័ព។ ក៏ប៉ុន្តែ លោក អគ្គលេខាធិការអូតង់ បាន​ថ្លែងការបារម្ភថា ស្ថានការណ៍​នៅអាហ្វហ្កានីស្ថាន នៅ​ផុយស្រួយណាស់ ព្រោះថាក្រុមតាលីបង់ មិនបានទំលាក់អាវុធ ដូចការសន្យាទេ។

មន្ត្រីទូតម្នាក់នៅអឺរ៉ុប បានលើកឡើងថា រដ្ឋបាល​ថ្មីរបស់​លោកចូ បៃដិន និងអង្គការអូតង់ កំពុងស្ថិតក្នុងកាលៈទេសៈមួយ ដែលត្រូវសម្រេចចិត្តជ្រើសរើសដ៏លំបាកបំផុត។ មន្ត្រីទូតនេះអះអាងថា សង្រ្គាមនៅអាហ្វហ្កានីស្ថានជាសង្រ្គាម​ដែលមិនអាចឈ្នះបានទេ តែអ្វីដែល​អូតង់កំពុងព្យាយាមទប់នាពេល​នេះ​ គឺកុំឲ្យ​ចាញ់​ដោយ​អាម៉ាសពេក។ ដកទ័ពឬមិនដក សេចក្តីសម្រេចចិត្តចុងក្រោយ​គឺស្ថិតលើ​លោកចូ បៃដិន។

ក្រៅពីបញ្ហាអាហ្វហ្កានីស្ថាន នៅមានសំណុំរឿងមួយចំនួនទៀត ដែលអូតង់ត្រូវតែស្វែងរកគោលនយោបាយ យុទ្ធសាស្រ្តថ្មី ក្នុងនោះមានបញ្ហាប្រាក់ចំណាយ និង​បញ្ហា​​ជាមួយ​នឹង​តួកគី​ ដែលជាសមាជិកម្នាក់ តែងតែ​បង្កបញ្ហាមិនឈប់ឈរ ប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI