អាមេរិក អវកាស

ក្រោយការចុះចតប្រកបដោយជោគជ័យ យាន Perserverance អាចចាប់ផ្តើមបេសកកម្មស្វែងរកតម្រុយនៃជីវិតនៅលើភពអង្គារ

ក្រោយការចុះប្រកបដោយជោគជ័យ យាន Perserverance អាចចាប់ផ្តើមបេសកកម្មស្វែងរកតម្រុយនៃជីវិតនៅលើភពអង្គារ
ក្រោយការចុះប្រកបដោយជោគជ័យ យាន Perserverance អាចចាប់ផ្តើមបេសកកម្មស្វែងរកតម្រុយនៃជីវិតនៅលើភពអង្គារ NASA/AFP

នៅ​យប់​ថ្ងៃ​អង្គារ ទី១៨ កុម្ភៈ យាន Perserverance របស់​ក្រុមហ៊ុន​អវកាស​អាមេរិក​ណាសា​បាន​ចុះ​ចត​លើ​ដីភពអង្គារ​ប្រកប​ដោយ​ជោគជ័យ។ គួរ​រម្លឹក​ថា យាន Perserverance ត្រូវ​បាន​ក្រុមហ៊ុន​ណាសា​បាញ់​បញ្ជូន​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០២០ ហើយ​មុន​នឹង​កង់​ទាំង ៦ របស់​វា​បាន​ទម្លាក់​ដល់​ដី​ភពអង្គារ យាន Perserverance បាន​ចំណាយ​ពេល​ធ្វើ​ដំណើរ​ចំនួន ២០៣ថ្ងៃ​នៅ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង ៤៧០លានគីឡូម៉ែត្រ។ ក្រោយ​ការ​ចុះ​ប្រកប​ដោយ​ជោគជ័យ យាន Perserverance អាច​ចាប់​ផ្តើម​បេសកកម្ម​រយៈពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ដើម្បី​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​ភពអង្គារ ពិសេស​ស្វែង​រក​តម្រុយ​នៃ​ជីវិត​នៅ​ភពអង្គារ។

ផ្សាយពាណិជ្ជកម្ម

ការ​ចុះចត​របស់​យាន Perserverance គឺ​ជា​ព្រឹត្តិការណ៍​វិទ្យាសាស្រ្ត​ដ៏​អស្ចារ្យ​មួយ​ដែល​មនុស្សលោក និយាយ​ជា​រួម និង​ពិភពអ្នកវិទ្យាសាស្រ្ត និយាយ​ដោយឡែក​មិន​អាច​មិន​សាទរ​បាន​ឡើយ។ ពិត​ណាស់ រយៈពេល​នៃ​ការ​ធ្វើ​ដំណើរ​ចំនួន ២០៣ថ្ងៃ​នៅ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង ៤៧០លានគីឡូម៉ែត្រ​មុន​នឹង​ទៅ​ដល់​ភពអង្គារ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ​ទៅ​ហើយ។ តែ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ និង​រំភើប​ខ្លាំង​លាយឡំ​នឹង​ក្តីបារម្ភ​ទៀត​នោះ គឺ​រយៈពេល ៧នាទី​នៃ​ការ​ចុះ​ចត​ទៅ​ដល់​ដីភពអង្គារ​របស់​យាន Perserverance ដែល​គេ​ហៅ​ថា « ៧នាទី​ប្រកប​ដោយ​ការ​ភ័យ​ខ្លាច »។

នេះ​ក៏​ដោយសារ​ថា​ក្នុង​រយៈពេល ៧នាទី យាន Perserverance ត្រូវ​ចុះ​ចត​ដោយ​ខ្លួន​ឯង​ដែល​ក្រុម​អ្នក​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន​ណាសា​មិន​អាច​ជួយ​អន្តរាគមន៍​ពី​ផែនដី​បាន​ទេ។ នៅ​ទីបំផុត គឺ​ជា​ការ​ចុះ​ចត​ប្រកប​ដោយ​ជោគជ័យ និង​នៅ​ទីកន្លែង​ដូច​ដែល​ណាសា​ចង់​បាន​ទៀត។ ទីកន្លែង​នោះ​ឈ្មោះ Jezero ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​គិត​ថា​កាល​ពី ៣ ៥០០លានឆ្នាំ​មុន គឺ​ជា​បឹង។ ការ​ចុះចត​ដោយ​ជោគជ័យ​ជា​ប្រវត្តិសាស្រ្ត​នេះ​ត្រូវ​បាន​សាទរ​ភ្លាមៗ​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិ។ សម្រាប់​លោក​បៃដិន នេះ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​អំណាច​វិទ្យាសាស្រ្ត និង​ពី​ភាព​ប៉ិនប្រសប់​របស់​សហរដ្ឋអាមេរិក។

ក្រោយ​ការ​ចុះ​ចត​បាន​ប៉ុន្មាន​នាទី យាន Perserverance ក៏​បាន​បញ្ជូន​រូបថត​ដំបូង​មក​កាន់​ផែនដី​ដែល​ជា​រូបថត​ស ខ្មៅ​បង្ហាញ​នូវ​ផ្ទៃដី​ភពអង្គារ។ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ក្រុម​បុគ្គលិក​របស់​ណាសា​នឹង​ផ្តើម​ត្រួតពិនិត្យ​លើ​ឧបករណ៍​ម្តង​មួយៗ​ដែល​មាន​បំពាក់​លើ​យាន Perserverance ដើម្បី​ផ្ទៀងផ្ទាត់​ថា ឧបករណ៍​ទាំង​អស់​នៅ​ដំណើរការ​ល្អ និង​គ្មាន​ការ​បាក់បែក​អ្វី​ទេ។ចាប់​ពី​រដូវក្តៅ​ខាង​មុខ យាន Perserverance នឹង​ផ្តើម​ខួង​យក​ដីថ្ម​ភពអង្គារ​ដាក់​ក្នុង​បំពង់ទីប​តូចៗ​បិទជិត។ បន្ទាប់​មក ក្រុមហ៊ុន​ណាសា​នឹង​បញ្ជូន​យាន​មួយ​ទៀត​ទៅ​យក​បំពង់ទីបតូច​ដែល​មាន​ដីថ្ម​ភពអង្គារ​ទាំង​នោះ​ដើម្បី​ធ្វើ​ការ​សិក្សា វិភាគ។ តែ​គេ​ត្រូវ​រង់ចាំ​នៅ​រង្វង់​ឆ្នាំ ២០៣០។

គួរ​រម្លឹក​ថា​គិត​តាំង​ពី​ឆ្នាំ ១៩៩៧ យាន Perserverance ជា​ប្រភេទ​រ៉ូវ័រ​ទី៥ ដែល​អាមេរិក​ដែល​បាន​បញ្ជូន​ទៅ​កាន់​ភពអង្គារ។ ក្នុង​ចំណោម​យាន​ប្រភេទ​រ៉ូវ័រ​ទាំង ៥នោះ មាន​យាន​មួយ​ឈ្មោះ Curiosity ដែល​បាន​ទៅ​ដល់​ភពអង្គារ​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១២ និង​កំពុង​បន្ត​មាន​សកម្មភាព​នៅ​លើ​ភពអង្គារ​មក​ដល់​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI