ចិន-អាមេរិក

រដ្ឋបាល​លោកចូ បៃដិន ​ចាត់ទុក​ចិន​ជា​ « គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​បំផុត »

រូបភាពឯកសារ ថ្ងៃទី ៤ធ្នូ ២០១៣ លោកចូ បៃដិន កាលណោះជាអនុប្រធានាធិបតី ចាប់រលាក់ដៃនឹងលោក​​ស៊ី ជីនពីង ក្នុងពេលធ្វើទស្សនកិច្ច នៅក្រុងប៉េកាំង។  t
រូបភាពឯកសារ ថ្ងៃទី ៤ធ្នូ ២០១៣ លោកចូ បៃដិន កាលណោះជាអនុប្រធានាធិបតី ចាប់រលាក់ដៃនឹងលោក​​ស៊ី ជីនពីង ក្នុងពេលធ្វើទស្សនកិច្ច នៅក្រុងប៉េកាំង។ t AP - Lintao Zhang

សម្រាប់​រដ្ឋបាលថ្មីរបស់​សហរដ្ឋ​អាមេរិក ដឹកនាំដោយ​លោកចូ បៃដិន ចិនគឺជា​គូប្រជែងដ៏គ្រោះថ្នាក់ និង​ដ៏សំខាន់បំផុត នៅក្នុង​វិស័យភូមិសាស្ត្រនយោបាយ ជាមួយ​នឹងសហរដ្ឋអាេមរិក។ នេះគឺជាការលើកឡើង នៅក្នុងឯកសារផ្លូវការមួយ​ កម្រាស់២៤ទំព័រ ដែលបង្ហាញអំពីផែនការ យុទ្ធសាស្ត្រ ជាអាទិភាព ដើម្បីការពារសន្តិសុខជាតិ របស់​រដ្ឋបាល​ លោក ចូ បៃដិន។

ផ្សាយពាណិជ្ជកម្ម

« ចិនគឺជាប្រទេសតែមួយគត់ ដែលអាចមានលទ្ធភាព​ប្រណាំង​ប្រជែង តទល់​​ជាមួយ​សហរដ្ឋអាមេរិក ដោយ​បូកផ្សំ​នូវអំណាចសេដ្ឋកិច្ច អំណាចការទូត យោធា និងបច្ចេកវិទ្យា នៅចំពោះមុខ ប្រព័ន្ធអន្តរជាតិដែលមានស្ថិរភាព​ និងបើកចំហរ។ » នេះគឺជាអ្វីដែលមានសរសេរ នៅក្នុងឯកសារ​សន្តិសុខជាតិ​ របស់រដ្ឋាភិបាល​លោកចូ បៃដិន។

មានសំណុំរឿងជាច្រើន ដែលចិន និង​ សហរដ្ឋអាមេរិក ប្រជែង ប្រឈមមុខដាក់គ្នា ក្នុងនោះមានដូចជា បញ្ហាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របៀបធ្វើជំនួញ​របស់ចិន បញ្ហាហុងកុង បញ្ហាតៃវ៉ាន់ និង​ការ​រំលោភសិទ្ធិមនុស្ស នៅ​តំបន់ស៊ីនជាំងជាដើម។

នៅក្នុង​សន្ទរកថាមួយ ​ថ្លែងនៅក្រសួងការបរទេស​អាមេរិក លោក​ Antony Blinken ប្រមុខការទូតអាមេរិក បានលើកឡើងថា​ ទំនាក់ទំនងរបស់អាមេរិក ជាមួយនឹងចិន គឺថា ពេលណាត្រូវ សហការគឺសហការ ពេលណាត្រូវប្រកួតប្រជែងគឺត្រូវតែប្រកួតប្រជែង ហើយ​ពេល​ចាំបាច់ត្រូវតទល់ប្រឆាំង គឺត្រូវតែប្រឆាំង។ លោក​ប្រមុខការទូតអាមេរិកថ្មីរូបនេះ បន្ថែមថា ការសន្ទនាជាមួយ​ចិន គឺត្រូវតែធ្វើដោយ​ឈរលើ​តម្លៃ នៃមនសិការបស់អាមេរិក ដែលការពារលទ្ធិប្រជាធិបតេយ្យ និង​​សិទ្ធិមនុស្ស ព្រោះថាបើអាមេរិកមិនធ្វើទេ នោះចិននឹងកាន់តែបានដៃ ធ្វើអ្វីតាមចិត្ត​ ដោយគ្មាននរណាហ៊ានចាប់ទោសកំហុសឡើយ​។

គួររំលឹកថា ទាក់ទិនគោលជំហរជាមួយ​នឹងចិន រដ្ឋបាលលោកចូ បៃដិន​ ធ្លាប់បានបញ្ជាក់កន្លងមកហើយ ថា​នឹង​បន្តអនុវត្តបន្ទាត់នយោបាយ ដែល​រដ្ឋបាល​លោកដូណាល់ ត្រាំ បានកំណត់។​ តែយ៉ាងណា លោកចូ បៃដិន បានសន្យាថានឹង​​លប់ចោលនូវ ទ្រឹស្តី America first របស់លោកដូណាល់ ត្រាំ ដោយ​ធ្វើយ៉ាងណា ងាកមក​ផ្តល់តម្លៃ ដល់ទ្រឹស្តីពហុភាគីនិយម ហើយ​សហការឲ្យ​បានច្រើន ជាមួយ​សម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បី​ទប់ទល់ជាមួយ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI