ចោរព័ត៌មានវិទ្យា

ក្រុមហ៊ុន​Microsoft​ចង្អុរមុខ​ចោទប្រកាន់​ក្រុមចោរអ៊ីនធ័រនែត ដែល​គាំទ្រ​ដោយ​រដ្ឋចិន

បុរសម្នាក់ដើរកាត់មុខការិយាល័យរបស់ក្រុមហ៊ុន​Microsoft នៅទីក្រុង​ញូវយ៉ក នៅ​ឆ្នាំ ២០១៦ (រូបបណ្ណាសារ)
បុរសម្នាក់ដើរកាត់មុខការិយាល័យរបស់ក្រុមហ៊ុន​Microsoft នៅទីក្រុង​ញូវយ៉ក នៅ​ឆ្នាំ ២០១៦ (រូបបណ្ណាសារ) AP - Swayne B. Hall

មាន​ស្ថាប័ន​ជាង ៣ម៉ឺន​នៅអាមេរិក ដែល​បាន​រងការវាយប្រហារ​របស់​ចោរ​អ៊ីនធ័នែត នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ។ កាលពី ថ្ងៃ​សុក្រ អ្នកជំនាញ ខាង​សន្តិសុខ​ព័ត៌មានវិទ្យា បាន​លម្អិត​ពី​សកម្មភាព​វាយប្រហារ​របស់​ចោរព័ត៌មានវិទ្យា ដែល​បើតាម​ក្រុមហ៊ុន​Microsoft ផ្ទាល់ ជា​ក្រុមដែល​មានការគាំទ្រពីខាងក្រោយ ដោយ​រដ្ឋអំណាច​ចិន។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្លុក​ឈ្មោះ KrebsonSecurity អ្នកជំនាញ​ខាង​សន្តិសុខ​ព័ត៌មានវិទ្យា លោក Brian Krebs បាន​លម្អិត​ថា ស្ថាប័ន​ជាង ៣ម៉ឺន នៅអាមេរិក ដែល​មាន​ដូចជា ​ក្រុមហ៊ុន​ខ្នាតតូច ទីក្រុង និងអាជ្ញាធរ​ថ្នាក់មូលដ្ឋាន ដែលប្រើ​កម្មវិធី​មែល​របស់​ក្រុមហ៊ុន​ Microsoft បាន​រង​ការវាយប្រហារ ឈ្លានពាន​ពី​សំណាក់​ចោរអ៊ីនធ័រនែត​ចិន។ តាមអ្នកជំនាញ​ខាងលើ ក្រុមចោរអ៊ីនធ័រនែត​ចិន បាន​ឆ្លៀត​ឱកាស យកចំណុចខ្សោយ ផ្នែក​សន្តិសុខ​របស់ក្រុមហ៊ុន​Microsoft ដើម្បីចូល​ទៅលួច​យកទិន្នន័យ ​សារអេឡិចត្រូនិក ឬមែល និង​បង្កប់​កម្មវិធី សម្ងាត់​របស់ខ្លួន ក្នុង​កុំព្យូទ័រ​របស់​អ្នកប្រើប្រាស់ ដើម្បី​អាច​បញ្ជា​ ចូល​ប្រើ​ពីចម្ងាយ។

កាលពី ថ្ងៃ​អង្គារ ក្រុមហ៊ុន Microsoft ធ្លាប់​បាន​ជូនដំណឹង​ពី​ការវាយប្រហារ​ព័ត៌មានវិទ្យា​ ដែល​ជា​ស្នាដៃ​របស់​អង្គភាព​ចិន មួយ ឈ្មោះ Hafnium ដែល​មាន​ទីតាំង​នៅ​ប្រទេស​ចិន ប៉ុន្តែ ដែល​ប្រើ​ម៉ាស៊ីន នៅ​ទឹកដី​អាមេរិក ធ្វើ​សកម្មភាព វាយប្រហារ​អ៊ីនធ័រនែត។ នៅ​ថ្ងៃ​អង្គារ​ដដែល Microsoft បាន​ចេញកម្មវិធី Update ថ្មី និង​បាន​ជំរុញ​ឲ្យ​គេអនុវត្ត​ជាបន្ទាន់ ដើម្បី កែតម្រូវ ចំនុចខ្សោយ របស់​កម្មវិធីមែល Exchange។ ប៉ុន្តែ តាម​អ្នកជំនាញ សន្តិសុខ ព័ត៌មាន​វិទ្យា នៅក្រោយ Microsoft ចេញ​កម្មវិធី​Update ថ្មី នៅ​ថ្ងៃ​អង្គារ ក្រុមចោរ​អ៊ីនធ័រនែត បាន​បង្កើន​សកម្មភាព​របស់ខ្លួន​កាន់តែ​ខ្លាំងក្លា​ជាងមុន​ទៅលើ​កុំព្យូទ័រ ដែល​មិនទាន់ Update កម្មវិធី​របស់​ Microsoft។

នៅ​ថ្ងៃសុក្រ អ្នកនាំពាក្យ​របស់​សេតវិមាន​លោកស្រី Jen Psaki អះអាងថា ការគំរាមកំហែង​របស់​ចោរអ៊ីនធ័រនែត នៅតែ​សកម្មនៅឡើយ។ ដោយ​សង្កត់ធ្ងន់ថា ការវាយប្រហារ​លើកនេះ នឹង​អាច​ជះឥទ្ធិពល​អាក្រក់ និង​អាច​រីករាលដាល កាន់តែខ្លាំង អ្នកនាំពាក្យ​របស់​សេតវិមាន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​នៅអាមេរិក ដែល​រងការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត ប្រញាប់​ចាត់វិធានការ​បន្ទាន់ ដើម្បី​ការពារ​ខ្លួន។

នៅក្នុង​រយៈពេល​តែ ១ឆ្នាំ ក្រុមហ៊ុន Microsoft បាន​លើកឡើង​ពីការវាយប្រហារ​ព័ត៌មានវិទ្យា ដល់​ទៅ ៨លើក ដែល​ជា​ស្នាដៃ​របស់​ក្រុម​ចោរអ៊ីនធ័រនែត ដែល​មាន​រដ្ឋអំណាច ចាំ​ការពារ​គាំទ្រ ពីក្រោយ។ តាម Microsoft នេះជា​លើក​ទី​២ ដែល​ក្រុមចោរអ៊ីនធ័រនែត ចិន ឈ្មោះ Hafnium​វាយប្រហារ​លើ​ស្ថាប័ន​ក្នុង​ទឹកដី​អាមេរិក។ នៅក្នុង​ការវាយប្រហារ​លើកមុន ក្រុមចោរអ៊ីនធ័រនែត​ចិន Hafnium ដែល​ Microsoft ចាត់ទុក​ជា​ក្រុមចោរ​ដ៏ពូកែ ជំនាញខ្លាំង ធ្លាប់​បាន​វាយប្រហារ ក្រុមហ៊ុន ​ស្ថាប័ន ដែលមានទីតាំង​នៅ​ទឹកដី​អាមេរិក ដែលមានតាំង​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺឆ្លង ក្រុមហ៊ុន​ច្បាប់ សកលវិទ្យាល័យ ក្រុមហ៊ុន​ដែលធ្វើការ​ជាមួយ​ក្រសួងការពារ​អាមេរិក ឬ​អង្គការសង្គមស៊ីវិល​ជាដើម។

នៅ​ថ្ងៃ អង្គារ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បាន​បដិសេធ​ជាថ្មីថា រដ្ឋាភិបាល​ចិន មិនមែន​ជាអ្នកនៅពីក្រោយ​ការវាយប្រហារ អ៊ីនធ័រនែត ដូចការលើកឡើង​របស់​ក្រុមហ៊ុន​ Microsoft នោះទេ។ នៅ​ឆ្នាំមុន ចិនបាន​ចោទប្រកាន់​អាមេរិក​ថា បាន​បរិហាកេរ្តិ៍ឈ្មោះ​បន្ទាប់ពី វ៉ាស៊ីនតោន លើកឡើង​ថា ចោរអ៊ីនធ័រនែតចិន​ បាន​ព្យាយាម​ចូលលួច យក​ទិន្នន័យ​នៃ​ការស្រាវជ្រាវស្តីពី​មេរោគកូរ៉ូណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI