IMF-សេដ្ឋកិច្ច

IMF៖ប្រាក់ចំណូលធ្លាក់ចុះ និងចំណីអាហារឡើងថ្លៃនឹងរុញមនុស្ស ៦២លាននាក់ឲ្យធ្លាក់ក្នុងភាពអត់ឃ្លាន

លោកស្រី Kristalina Georgieva អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
លោកស្រី Kristalina Georgieva អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ AP - Jose Luis Magana

នៅ​ថ្ងៃ​អង្គារ ទី៦ មេសា អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់ IMF បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ចក្ខុវិស័យ​នៃ​សេដ្ឋកិច្ច​សកល។ របាយការណ៍​បាន​ទាញ​សញ្ញាអាសន្ន​ថា ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ក្នុង​ឆ្នាំ ២០២០ និង​ការ​ឡើង​ថ្លៃ​តម្លៃ​ចំណីអាហារ​ជា​មូលដ្ឋាន​ដោយសារ​វិបត្តិ​កូវីដ១៩ នឹង​រុញ​មនុស្ស​ចំនួន ៦២លាននាក់​ឲ្យ​ធ្លាក់​ក្នុង​ភាព​អត់ឃ្លាន ពោល​មាន​ការ​កើន​ឡើង​ចំនួន ៤លាននាក់​បន្ថែម​ទៀត។

ផ្សាយពាណិជ្ជកម្ម

ទាក់ទង​នឹង​តម្លៃ​វត្ថុធាតុដើម​ទូទៅ របាយការណ៍​របស់ IMF បាន​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​ចំនួន ២៩% នៅ​ចន្លោះ​ខែ​សីហា ឆ្នាំ ២០២០ និង​ខែ​កុម្ភៈ​ឆ្នាំ ២០២១។ ការ​ឡើង​ថ្លៃ​វត្តុធាតុដើម​ទូទៅ​នេះ ពិសេស​ប្រេងឆៅ បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ការ​ប្រកាស​ពី​ផលិតកម្ម​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​បង្ការ​នឹង​កូវីដ១៩ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២០។ បន្ទាប់​មក ការ​ឡើង​ថ្លៃ​នេះ​បាន​បន្ត​មាន​នា​ខែ​មករា ឆ្នាំ ២០២១ ជា​បន្ត​ទៀត ទោះ​បី​ជា​មាន​វិធានការ​រឹតបន្តឹង​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ១៩ ដែល​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​សកម្មភាព​សេដ្ឋកិច្ច និង​ការ​ធ្លាក់​ចុះ​នូវ​តម្រូវការ​ប្រេងឆៅ​ក៏​ដោយ។ ជាក់ស្តែង តម្លៃ​ប្រេងឆៅ​បាន​ឡើង​ថ្លៃ​ចំនួន ៣៩% នៅ​ចន្លោះ​ខែ​សីហា ឆ្នាំ ២០២០ និង​ខែ​កុម្ភៈ​ឆ្នាំ ២០២១។

និយាយ​ពី​តម្លៃ​លោហធាតុ​ជា​មូលដ្ឋាន ដូច​ជា​ស្ពាន់ ឬ​រ៉ែដែក​វិញ តម្លៃ​របស់​វា​បាន​ឡើង​ថ្លៃ​ចំនួន ៣០%។ នេះ​ដោយសារ​តែ​សកម្មភាព​ឧស្សាហកម្ម​នៅ​ចិន​បាន​ផ្តើម​ដំណើរការ​ឡើង​វិញ និង​ភាព​សុទិដ្ឋនិយម​កើត​ចេញ​ពី​ផែនការ​ផ្តល់​សន្ទុះ​របស់​រដ្ឋបាល​អាមេរិក​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ១ ៩០០ ០០០លានដុល្លារ។ បើ​តាម​របាយការណ៍​របស់ IMF តម្លៃ​លោហធាតុ​ជា​មូលដ្ឋាន​នេះ​ត្រូវ​ឡើង​ថ្លៃ ៣២,១% ក្នុង​ឆ្នាំ ២០២១ នេះ មុន​នឹង​ធ្លាក់​ចុះ ៤,៥% នៅ​ឆ្នាំ ២០២២។ ទាក់ទង​នឹង​តម្លៃ​ផលិតផល​ចំណីអាហារ​ជា​មូលដ្ឋាន​ត្រូវ​បាន IMF បញ្ជាក់​ថា មាន​ការ​ឡើង​ថ្លៃ​ចំនួន ២០% ក្នុង​ចន្លោះ​ខែ​សីហា ឆ្នាំ ២០២០ និង​ខែ​កុម្ភៈ​ឆ្នាំ ២០២១។

ផលិតផល​ដែល​ឡើង​ថ្លៃ​ខ្លាំង​ជាង​គេ​រួម​មាន ប្រេងឆា​បាន​ឡើង​ថ្លៃ​ចំនួន ៤៥% គ្រាប់ធុញ្ញជាតិ​បាន​ឡើង​ថ្លៃ​ចំនួន ៤១%។ នេះ​ដោយ​មិន​បាន​រាប់​ចូល​នូវ​តម្លៃ​សណ្តែកសៀង និង​គ្រាប់ពោត​ដែល​បាន​ស្ទុះ​ឡើង​ដល់​ទៅ ៥០% និង​ស្រូវសាឡី​ឡើង​ថ្លៃ​ចំនួន ៣៨%។ ប្រឈម​នឹង​កំណើន​តម្លៃ​ចំណីអាហារ​ជា​មូលដ្ឋាន និង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដោយសារ​វិបត្តិ​កូវីដ១៩ IMF បារម្ភ​ពី​ផលវិបាក​ក្នុង​ការ​ទទួល​បាន​ស្បៀងអាហារ​នៅ​តាម​តំបន់​ខ្លះ​ក្នុង​លោក និង​សម្រាប់​ក្រុម​ប្រភេទ​​មនុស្ស​មួយ​ចំនួន។ IMF យល់​ថា ជំងឺ​កូវីដ១៩ កំពុង​បំផ្លាញ​លើ​សមិទ្ធិផល​ដែល​សម្រេច​បាន​ជា​ច្រើន​ទសវត្ស​ក្នុង​ការ​ប្រឆាំង​នឹង​កង្វះអាហារូបត្ថម្ភ​នៅ​លើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI