Pfizer/BioNTech សុំសិទ្ធិចាក់ថ្នាំបង្ការឱ្យក្មេងអាយុ១២-១៥ឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
មន្ទីរពិសោធន៍ឱសថអាមេរិក-អាល្លឺម៉ង់ បានដាក់ពាក្យ នៅថ្ងៃ សុក្រទី ៩ មេសា ២០២១ សុំពង្រីកសិទ្ធិចាក់ថ្នាំបង្ការ ប្រឆាំងនឹងកូវីដ១៩ ដល់ក្មេងជំទង់ អាយុពី ១២ទៅ ១៥ឆ្នាំ តាមរយៈសំណុំបែបបទពិសេសបន្ទាន់ ទៅភ្នាក់ងារឱសថអាមេរិក។ ប្រសិនបើអាជ្ញាធរអាមេរិកយល់ព្រម នោះយុទ្ធនាការចាក់ថ្នាំបង្ការនៅអាមេរិក នឹងឈានចូលដំណាក់កាលថ្មីមួយទៀតដ៏សំខាន់ ឆ្ពោះទៅរកភាពស៊ាំរួម ទល់នឹងជំងឺកូវីដ១៩។
សម្ព័ន្ធក្រុមហ៊ុនPfizer/BioNtech គ្រោងនឹងរៀបចំសំណុំបែបបទសុំការអនុញ្ញាត ពីអាជ្ញាធរឱសថនៃបណ្តាប្រទេសផ្សេងៗទៅលើពិភពលោក ដើម្បីចាក់ថ្នាំបង្ការប្រឆាំងជំងឺកូវីដ១៩ លើក្មេងជំទង់អាយុពី ១២ទៅ១៥ឆ្នាំ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំងពីរ។
សំណើសុំពង្រីកសិទ្ធិប្រើថ្នាំបង្ការដែលក្រុមហ៊ុនបានដាក់ពាក្យរួចហើយកាលពីថ្ងៃសុក្រម្សិលមិញ ទៅកាន់ទីភ្នាក់ងារឱសថអាមេរិក (FDA) បានឡើងក្រោយពីការសាកល្បងដំណាក់កាលទីបី បានទទួលលទ្ធផលគួរជាទីគាប់ចិត្ត។ ក្មេងជំទង់អាយុពី ១២ទៅ ១៥ឆ្នាំ អាចការពារខ្លួនបាន១០០%ពីមេរោគបង្កជំងឺកូវីដ១៩ ដោយបង្កើតបានអង់ទីក័រយ៉ាងរឹងមាំទៀត ក្រោយការចាក់ថ្នាំបង្ការទាំងពីរដូសរួច។ ថ្នាំបង្ការក៏មានប្រសិទ្ធភាពខ្ពស់ចំពោះក្មេង អាយុពី ១៦ ទៅ ២៥ឆ្នាំ ដោយពុំបង្កឱ្យមានផលរំខានធ្ងន់ធ្ងរលើសពីអ្វីដែលគេសង្កេតនិងព្យាករទុកទេ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនPfizer/BioNTech ដដែល។
កុមារឬក្មេង មិនសូវប្រឈមនឹងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយកូវីដ១៩ទេ។ ការចាក់ថ្នាំបង្ការលើក្មេងតូចនិងក្មេងជំទង់ក៏មិនមែនជាអាទិភាពដែរ។ ប៉ុន្តែដើម្បីទប់ស្កាត់ការចម្លងរបស់វីរុស ក្មេងដែលមានចំនួនច្រើនដែរ ត្រូវតែទទួលថ្នាំបង្ការដែរ ដើម្បីប្រទេសឆាប់មានភាពស៊ាំរួមនឹងវីរុស។ បើតាមលោក Antony Faucy អ្នកជំនាញអាមេរិកដ៏ល្បីល្បាញនោះ ដើម្បីមានភាពស៊ាំរួម ដរាបណាអាមេរិកចាក់បង្ការជូនប្រជាពលរដ្ឋបានពី ៧០ ទៅ ៨០%។ កាលពីខែកុម្ភៈ លោកបានអះអាងថា ក្មេងអាមេរិកក្រោម១២ឆ្នាំនឹងអាចទទួលថ្នាំបង្ការកូវីដចាប់ពីដើមឆ្នាំ២០២២ទៅ។ ប្រសិនបើក្មេងជំទង់អាមេរិកអាចទទួលថ្នាំបង្ការបានទៀត នោះក្រុមគ្រួសារនិងឪពុកម្តាយជាច្រើននឹងបានធូរស្បើយបន្ទុកច្រើន ពីការឃុំគ្រងកូនដែលបង្ខំចិត្តត្រូវរៀនពីផ្ទះតាមអនឡាញ។
ក្រៅពីថ្នាំបង្ការPfizer/BioNTech ក្រុមហ៊ុនModerna ក៏បានប្រកាសធ្វើការសាកល្បងលើក្មេងអាយុពី ៦ទៅ ១១ឆ្នាំ។ ចំណែក Johnson Johnson ដែលជាថ្នាំវ៉ាក់សាំងទីបីនៅសហរដ្ឋអាមេរិក ក៏កំពុងសាកល្បងលើក្មេងជំទង់ពីអាយុ១២-១៧ឆ្នាំដែរ។
សម្រាប់ពេលនេះ សហរដ្ឋអាមេរិកផ្តល់ការចាក់ថ្នាំបង្ការ ឱ្យតែពលរដ្ឋចាប់ពីអាយុ១៦ឆ្នាំឡើងទៅប៉ុណ្ណោះ។ មួយសប្តាហ៍កន្លងមកនេះអាមេរិកបានបង្កើនល្បឿនយុទ្ធនាការចាក់ថ្នាំបង្ការយ៉ាងខ្លាំង ដោយចាក់ជូនពលរដ្ឋជាមធ្យម ៣លាននាក់ក្នុងថ្ងៃៗ។ ជាសរុបមានពលរដ្ឋអាមេរិក ១១២លាននាក់បានចាក់ថ្នាំបង្ការរួចយ៉ាងហោចមួយដូស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ