សហរដ្ឋ​អាមេរិក-ទាសភាព

អាមេរិកគ្រោងសងជំងឺចិត្តជាលុយកាក់ដល់គ្រួសារទាសករស្បែក​ខ្មៅ

អាមេរិកគ្រោងសងជំងឺចិត្តជាលុយកាក់ដល់គ្រួសារទាសករអាហ្វ្រិក
អាមេរិកគ្រោងសងជំងឺចិត្តជាលុយកាក់ដល់គ្រួសារទាសករអាហ្វ្រិក Getty Images/Juanmonino

សភាអាមេរិក​នឹង​ផ្តើម​ពិនិត្យ និង​ជជែក​ដេញដោល​លើ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពីការ​សងជំងឺ​ចិត្ត​ជា​លុយកាក់ដល់​ក្រុមគ្រួសារទាសករអាហ្រ្វិក​​ដែល​ត្រូវ​បានរដ្ឋបាល​អាមេរិក ចាប់​យក​ពី​​អាហ្រ្វិក​ដោយ​បង្ខំក្នុង​ចន្លោះ​ឆ្នាំ ១៦១៩ និង ១៨៦៥។ សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មការ​កិច្ចការ​តុលាការ របស់​សភា​អាមេរិក​ អនុម័ត រួច​ហើយ​ នៅ​ក្នុង​ថ្ងៃពុធ ទី១៤ មេសា។ ជា​ការ​បោះឆ្នោត​អនុម័ត​ជា​ប្រវត្តិសាស្ត្រ​សម្រាប់ប្រទេស​ដែល​នៅ​​ប្រកាន់និង​រើសអើង​​ពូជសាសន៍​ខ្លាំងនៅ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

បើ​តាមគម្រោង​​សេចក្តីព្រាង​ច្បាប់​ អាមេរិក​នឹង​បង្កើត​គណៈកម្មការជំនាញ​មាន​សមាជិក​១៣​រូប ទទួល​បន្ទុកលើក​​​សំណើ​ជាចំនួន​ទឹក​ប្រាក់​សំណង​ ទៅ​ឱ្យពលរដ្ឋ​ស្បែ​កខ្មៅ​​ចំនួន​ប្រមាណ​ ៤លាន​នាក់ ជា​កូន​ចៅ​​ជំនាន់​ក្រោយ​របស់​​​ទាសករ​​ដែល​អាមេរិក​ចាប់​យក​មក​ដោយ​បង្ខំ នៅ​រវាង​ពី​ឆ្នាំ​១៦១៩ដល់​ឆ្នាំ១៨៦៥។ ពលរដ្ឋ​ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ អាច​ទទួល​បាន​ប្រាក់​សំណង​ដល់​ទៅ ២៥០០០​ដុល្លារម្នាក់ សម្រាប់​ទៅ​បង់​រំលោះ​ទិញ​ផ្ទះ ឬ​ជួសជុលលំនៅដ្ឋាន។

សេចក្តី​ព្រាង​ច្បាប់​នេះ ជា​តំណាង​នៃការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ ភាព​អយុត្តិធម៌ ឃោរឃៅ ព្រៃផ្សៃ និង ​​អមនុស្សធម៌​ ក្នុង​សម័យ​ទាសករផង និង​ដើម្បី​គាស់​រំលើង​វិសមភាពនិងការ​បន្ត​​រើសអើងជា​ប្រព័ន្ធ​​ចំពោះ​អាមេរិក​​​​ស្បែក​ខ្មៅ នាពេល​បច្ចុប្បន្ននេះ​ផង។ ​ហេតុ​ដូច្នេះ ហើយ​បាន​ជា​គេ​ចាត់​ទុក​ការ​បោះឆ្នោត​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​របស់​គណៈកម្មការ​សភា ម្សិលមិញ​នេះ ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ បើ​ទោះ​បី​ជា​សេចក្តី​ព្រាង​ច្បាប់​ត្រូវបន្ត​ដំណើរ​វែងឆ្ងាយ​ទៀត មុននឹងអាច​ចេញជា​ច្បាប់​បាន​ក៏​ដោយ។ សេចក្តី​ព្រាង​ច្បាប់​ត្រូវ​ឆ្លង​កាត់​ការ​បោះឆ្នោតនៅ​​សភាដែល​ទំនង​ជា​អាច​ចេញ​រួច​ដោយ​សម្រួល តែ​នៅ​ពេល​​ឡើង​ដល់​​​ព្រឹទ្ធសភា ត្រូវ​​ជួប​ការ​លំបាកខ្លាំង។ បើ​ទោះ​បី​ជា​ទទួល​ស្គាល់​អំពី​ទង្វើ​ឃោរឃៅ​ក្នុង​សម័យ​ទាសករ​ក៏​ដោយ ក៏សមាជិកសភា​បក្ស​សាធារណរដ្ឋ​មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ទាសករ​នេះ​ដែរ។

សូមបញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​សង​ជំងឺចិត្ត​ដល់គ្រួសារ​​ទាសករ​នេះ ត្រូវ​បានតាក់តែង​សរសេរ​ឡើង​តាំង​ពី​ជិត​៣០​ឆ្នាំមក​ហើយ ហើយ​ទើប​ត្រូវ​បាន​ផុស​ឡើង​មកវិញ ក្រោយ​មាន​ហេតុការណ៍​ប៉ូលិស​ស្បែកស​បាញ់​សម្លាប់​ពលរដ្ឋ​ស្បែក​ខ្មៅ ជា​ច្រើន​ករណី​កន្លង​មកថ្មីៗនេះ​ទេ។ អាមេរិក​បាន​បញ្ចប់​ទាសភាព​នៅ​ឆ្នាំ១៨៦៥ និង​បើទោះ​បី​ជា​កា​រ​ប្រយុទ្ធ​ប្រឆាំង​ដើម្បីសិទ្ធិសេរីភាព​ស្មើ​គ្នា​ចាប់​​ជឿនលឿន​ខ្លាំង​តាំង​ពី​ឆ្នាំ​១៩៦០មក​ក្តី ក៏ជនជាតិ​​​អាមេរិក​ស្បែក​ខ្មៅ នៅ​តែ​ពលរដ្ឋដែល​បាន​ទទួល​ការសិក្សា​ទាប​ជាង​គេ មិន​សូវ​មាន​សញ្ញាប័ត្រ​ខ្ពស់ និង​មានអាយុ​ខ្លី​ជាង​ពលរដ្ឋ​ស្បែកខ្មៅ។ បើតាម​ស្ថិតិ​ផ្លូវការ​ ​គ្រួសារ​ស្បែកខ្មៅ មានប្រាក់​ចំណូលប្រចាំ​ឆ្នាំ​​ជា​មធ្យម៤៣៧៧១ដុល្លារ​ទល់​នឹង​៧១៦៦៤ដុល្លារ​សម្រាប់​គ្រួសារ​ស្បែកស។​

មុនសេចក្តី​សម្រេច​ថ្នាក់​ជាតិ មាន​រដ្ឋ​ខ្លះ​បាន​ធ្វើ​សេចក្តី​សម្រេច​ថ្នាក់​មូលដ្ឋាន​ផ្តល់​សំណង​ដល់​គ្រួសារ​ទាសករ​ខ្លះ​រួច​មក​ហើយ។ ក្រុង​Evanston ជិត​Chicago បានក្លាយ​ជា​ក្រុង​ដំបូង​គេ ដែល​ចំណាយ​ប្រាក់​១០​លាន​សម្រាប់​ព្រមផ្តល់​សំណង​ជំងឺចិត្ត​ដល់​គ្រួសារ​ស្បែក​ខ្មៅ ក្នុង​​១០ឆ្នាំ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI