វ៉ាក់សាំងកូវីដ១៩

អគ្គនាយក Pfizer៖តម្រូវការចាក់ដូសទី៣ និងមួយដូសនៅរៀងរាល់ឆ្នាំប្រហែលជាចាំបាច់

អគ្គនាយកមន្ទីរពិសោធន៍ Pfizer លោកអាល់ប៊ែរ បួរឡា។
អគ្គនាយកមន្ទីរពិសោធន៍ Pfizer លោកអាល់ប៊ែរ បួរឡា។ AP - Pablo Martinez Monsivais

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ មេសា អគ្គនាយក​មន្ទីរពិសោធន៍ Pfizer លោក​អាល់ប៊ែរ បួរឡា​បាន​បញ្ជាក់​ថា ក្រុម​អ្នក​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវី១៩ Pfizer រួច​ហើយ​ប្រហែល​ជា​ចាំ​បាច់​ត្រូវ​ការ​ចាក់​ដូសទី៣ ទៀត ហើយ​បន្ទាប់​មក​ក៏​ប្រហែល​ជា​ត្រូវ​ការ​ចាក់​មួយ​ដូស​នៅ​រៀងរាល់​ឆ្នាំ។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​របស់​លោក​បួរឡា​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​កាណាល់​ទូទស្សន៍ CNBC។ គួរ​រម្លឹក​ថា ខុស​ពី​វ់ាក់សាំង​ផ្សេង វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍ Pfizer ឬ​មន្ទីរពិសោធន៍ Moderna បាន​ប្រើ​បច្ចេកវិទ្យា​ថ្មី​ដែល​គេ​ហៅ​ថា ARN Messager។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​អគ្គនាយក​មន្ទីរពិសោធន៍ Pfizer លោក​អាល់ប៊ែរ បួរឡា​បាន​លើក​ឡើង​នៅ​ជា​សម្មតិកម្ម​មែន តែ​ប្រហែល​ជា​ចាំ​បាច់​មិន​អាច​ខ្វះ​បាន។ តាម​លោក​បួរឡា ក្រុម​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer ទាំង ២ដូស​រួច​ហើយ​ប្រហែល​ជា​ត្រូវ​ការ​ចាក់​ដូសទី៣​ទៀត​នៅ ៦ខែ ឬ ១២ខែ​ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ចាក់​ដូសទី២ រួច។ បន្ទាប់​មក ប្រហែល​ជា​ត្រូវ​រម្លឹក​ចាក់ ១ដូស​នៅ​រៀងរាល់​ឆ្នាំ។ លោក​បួរឡា​បាន​បញ្ជាក់​ថា វីរុសកូវី១៩ បំប្លែង​ខ្លួន​កំពុង​ដើរ​តួនាទី​គន្លឹះ ហើយ​វា​ជា​រឿង​ចាំ​បាច់​ខ្លាំង​ណាស់​ដែល​គេ​ត្រូវ​កាត់បន្ថយ​អតិបរមា​នូវ​ចំនួន​មនុស្ស​ដែល​ងាយ​រងគ្រោះ​នឹង​វីរុស។

តាម​អគ្គនាយក​មន្ទីរពិសោធន៍ Pfizer រូប​នេះ​ដដែល សម្មតិកម្ម​ទាំង​នេះ​នឹង​ត្រូវ​បញ្ជាក់​នា​ពេល​ខាង​មុខ។ ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ សម្ព័ន្ធ​មន្ទីរពិសោធន៍ Pfizer-BioNTech ធ្លាប់​បាន​ប្រកាស​ពី​ការ​សិក្សា​លើ​លទ្ធផល​បាន​ពី​ការ​ចាក់​ដូសទី៣ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ទប់​នឹង​វីរុសកូវីដ១៩ បំប្លែងខ្លួន។ គួរ​រម្លឹក​ថា មន្ទីរពិសោធន៍ Pfizer-BioNTech ក៏​ដូច​មន្ទីរពិសោធន៍ Moderna បាន​ផលិត​វ៉ាក់សាំង​បង្ការ​កូវី១៩ ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​ដែល​គេ​ហៅ​ថា ARN Messager។ បើ​ធៀប​នឹង​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍​ផ្សេង​ដែល​បាន​ផលិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ប្រពៃណី វ៉ាក់សាំង Pfizer BioNTech និង Moderna មាន​ប្រសិទ្ធិភាព​ខ្ពស់​ជាង​គេ។ ៩៥% សម្រាប់​វ៉ាក់សាំង Pfizer-BioNTech និង ៩៤,១% សម្រាប់​វ៉ាក់សាំង Moderna។

ចំណែក​ការ​ដឹកជញ្ជូន និង​ការ​ទុកដាក់​ក៏​ខុស​ពី​វ៉ាក់សាំង​ផ្សេង​ដែរ ពោល​ត្រូវ​រក្សា​ទុក​រហូត​ដល់ ៧០អង្សារ​ក្រោម​សូន្យ។ បន្ទាប់​មក វ៉ាក់សាំង Pfizer-BioNTech និង​វ៉ាក់សាំង Moderna ក៏​មាន​តម្លៃ​ថ្លៃ​ជាង​វ៉ាក់សាំង​ផ្សេង​ដែរ។ បើ​តាម​នាយករដ្ឋមន្រ្តី​ប៊ុលហ្ការី Pfizer បាន​លក់​វ៉ាក់សាំង​ឲ្យ​អឺរ៉ុប​ក្នុង​តម្លៃ​ខ្ពស់​រហូត ២៣អឺរ៉ូ​ក្នុង​មួយ​ដូស​ទល់​នឹង​តម្លៃ​ធម្មតា​តែ ១២អឺរ៉ូ។ លោក​អាល់ប៊ែរ បួរឡា​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ទេ តែ​ទទួល​ស្គាល់​ថា ការ​លក់​ឲ្យ​អឺរ៉ុប ឬ​អាមេរិក​ពិត​ជា​មាន​តម្លៃ​ខ្ពស់​ជាង។ តែ​តម្លៃ​នឹង​ប្រែប្រួល​ដោយ​ផ្អែក​លើ​ស្ថានភាព​របស់​ប្រទេស​នីមួយៗ​ដោយ​លោក​បញ្ជាក់​ថា ចុះ​ថ្លែ​ពាក់កណ្តាល​សម្រាប់​ក្រុម​ប្រទេស​ដែល​មាន​ចំណូល​មធ្យម និង​ចុះ​ថ្លៃ​លើស​ជាង​ពាក់​កណ្តាល​សម្រាប់​ក្រុម​ប្រទេស​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI