UN-អាកាសធាតុ

អ.ស.ប​ ព្រមាន​ថា​ពេល​កាន់​តែ​ខើច​ខ្លាំង​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​អាកាសធាតុ

លោកប្រធានអង្គការសហប្រជាជាតិអង់តូនីញ៉ូ ហ្គូទែរស៍ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២១ នេះ គឺជាឆ្នាំដែលគេចាំបាច់ត្រូវតែបញ្ចេញសកម្មភាពពិតជាក់ស្តែង ដើម្បីការពារប្រជាជនប្រឆាំងទល់នឹងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
លោកប្រធានអង្គការសហប្រជាជាតិអង់តូនីញ៉ូ ហ្គូទែរស៍ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២១ នេះ គឺជាឆ្នាំដែលគេចាំបាច់ត្រូវតែបញ្ចេញសកម្មភាពពិតជាក់ស្តែង ដើម្បីការពារប្រជាជនប្រឆាំងទល់នឹងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ Eskinder DEBEBE UN Photo/AFP

ប្រឈម​នឹង​វិបត្តិ​អាកាសធាតុ​ធ្ងន់ធ្ងរ​ ឆ្នាំ​ ២០២១នេះ​ ត្រូវតែ​ជាឆ្នាំដែល​មេដឹកនាំ​ពិភពលោក​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ការពារ​ប្រជាជន​ប្រឆាំងទល់នឹង​ផល​ប៉ះពាល់​បណ្តាល​មកពី​ការ​ប្រែប្រួល​អាកាសធាតុ​។ នេះ​ គឺជាការ​លើកឡើង​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃចន្ទ​ ១៩ មេសា​ម្សិលមិញ​ នៅមុន​កិច្ច​ប្រជុំពូល​ស្តីអំពី​អាកាសធាតុ​ដែល​រៀបចំ​ឡើង​ដោយ​សហរដ្ឋអាមេរិក​។

ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិបាន​ចេញមុខព្រមានថា​ពិភពលោក​សល់ពេល​ខើចខ្លីខ្លាំង​ណាស់​ ដើម្បី​ដោះស្រាយ​វិបត្តិអាកាសធាតុ​។ ភពផែនដី​នៅតែ​បន្តឡើងកម្តៅ​ឥតឈប់​ ទប់​ហ្វ្រាំង​​មិនជាប់ឡើយ​ បើទោះបីជា​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ជាច្រើន​ត្រូវ​បានអាក់ខាន​ដោយសារ​វិបត្តិ​កូវីដក៏ដោយ​។

ការ​ព្រមាន​ខាងលើនេះ​ធ្លាក់មក​ស្របជាមួយ​នឹង​របាយការណ៍​ដ៏សំខាន់មួយ​ នៅមុន​កិច្ចប្រជុំ​កំពូលស្តីអំពី​អាកាសធាតុរយៈពេលពីរថ្ងៃ​របស់​លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ ដែលនឹងចាប់ផ្តើម​រៀបចំ​នៅថ្ងៃ​ព្រហស្បតិ៍ ទី២២ មេសាខាងមុខនេះ​ ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​នៃ​ភពផែនដីដែរ​។

មេដឹកនាំ​ពិភពលោកចំនួន​ ៤០ រូប​ ត្រូវបាន​អញ្ជើញឲ្យ​ចូលរួមក្នុង​កិច្ច​ពិភាក្សា​តាម​អនឡាញ​របស់លោកបៃដិន​ ដែល​មាន​គោល​បំណង​ជំរុញ​កិច្ចខិតខំប្រឹងប្រែង​របស់​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ ឲ្យងាកមក​ពួតដៃគ្នា​ទប់ស្កាត់​ការកើនឡើង​កំដៅផែនដី​។

“យើង​កំពុង​ឈរ​នៅក្បែរ​រណ្តៅនៃ​គ្រោះថ្នាក់​”។ នេះ​គឺជា​ប្រសាសន៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គូទែរស៍​ នៅក្នុង​សន្និសីទសារព័ត៌មាន​មួយ​ និង​បាន​បង្ហាញ​ផងដែរ​ស្តី​ពី​របាយការណ៍ស្តីអំពី​ស្ថានភាព​អាកាសធាតុ​ពិភពលោ​ក្នុងឆ្នាំ​ ២០២០ របស់​អង្គការ​ឧតុនិយម​ពិភពលោក​ (WMO)​។

របាយការណ៍​បាន​ពិពណ៌នាថា​ឆ្នាំ​ ២០២០​ គឺជាឆ្នាំ​ដែល​ក្តៅបំផុតមួយ​ក្នុងកំណត់ត្រា​។ ការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់កើនឡើង​ បើទោះបីជា​មាន​ការ​ថយចុះ​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក ដោយសារតែវិបត្តិកូវីដក្តី​។ ដូច្នោះហើយ​ទើប ​អង្គការ​សហប្រជាជាតិ​ ចេញ​មុខ​ក្រើនរំឭកថា​ ពិភពលោក​បច្ចុប្បន្ន​ លែងសល់ពេលច្រើនទៀតហើយ​ ពេល​ពិតជា​នៅសល់​ខើចខ្លីណាស់​។

លោក​ប្រធានអង្គការ​សហប្រជាជាតិវ័យ​ ៧១ ឆ្នាំ​រូបនេះបាន​សង្កត់ធ្ងន់ថា​ ឆ្នាំ២០២១​ នេះ​ គឺជាឆ្នាំ​ដែលគេ​ចាំបាច់​ត្រូវ​តែ​បញ្ចេញ​សកម្មភាពពិតជាក់ស្តែង​ចំពោះបុព្វហេតុអាកាសធាតុ​។ បណ្តា​ប្រទេស​នៅទូទាំង​សកលលោក​ ត្រូវតែប្តេជ្ញាចិត្ត​សម្រេចឲ្យបាន​នូវ​កម្មវត្ថុ​អព្យាក្រិត្យ​កាបោននៅ​ឆ្នាំ​២០៥០​ ដើម្បី​ការពារប្រជាជន​ពីគ្រោះមហន្តរាយ​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​។ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បញ្ជាក់ជាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI