អាេមរិក-រើសអើងប្រកាន់ពូជសាសន៍

នាយ​នគរបាល​​ដែល​យក​ជង្គត់សង្កត់ក​លោក Georges Floyd ត្រូវ​តុលាការ​កាត់ទោស​ពីបទ​មនុស្សឃាត

ស្ត្រីម្នាក់​ដាក់បាច់ផ្កា នៅកន្លែងដែល​លោក George Floyd ស្លាប់។ ក្រុងមីណេអាប៉ូលីស ថ្ងៃទី ២០ មីនា ២០២១
ស្ត្រីម្នាក់​ដាក់បាច់ផ្កា នៅកន្លែងដែល​លោក George Floyd ស្លាប់។ ក្រុងមីណេអាប៉ូលីស ថ្ងៃទី ២០ មីនា ២០២១ AP - John Minchillo

តុលាការ​ក្រុងមីណេអាប៉ូលីស បានចេញសាលក្រម កាលពីថ្ងៃទី​២០មេសា ដោយបានសម្រេច​ថា សមត្ថកិច្ចនគរបាលឈ្មោះ Dereck Chauvin បាន​ធ្វើអំពើមនុស្ស​ឃាត។ ជនជាប់ចោទត្រូវបានបញ្ជូន​ ទៅមន្ទីរឃុំឃាំង ដើម្បីរងចាំស្តាប់​ការកំណត់ទោស ក្នុងរវាង​៨សប្តាហ៍ទៀត។ សម្រែកត្រេកអរនៅខាងមុខតុលាការ របស់ប្រជាជន និង​សកម្មជន​ទាមទារសិទ្ធិជនស្បែក​ខ្មៅ បានកងរំពងឡើង។

ផ្សាយពាណិជ្ជកម្ម

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក៏បានថ្លែងសារអបអរផងដែរ ថានេះជា​ការបោះជំហានមួយដ៏ធំ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលស្លាប់​ដោយ​អំពើរើសអើងប្រកាន់ពូជសា​សន៍។ តែយ៉ាងណា លោក​បាន​ថ្លែងថា វាមិនទាន់គ្រប់គ្រាន់ទេ សហរដ្ឋអាមេរិក ត្រូវតែបន្តធ្វើការងារនេះតទៅទៀត ដើម្បីកសាងសង្គមមួយ ដែលមនុស្ស​គ្រប់រូប​មានសិទ្ធិស្មើគ្នា និងគ្មានការរើសអើងពណ៌សំបុរ។

សម្រង់ប្រសាសន៍​ របស់​លោក ចូ បៃដិន៖

« សាលក្រម​តុលាការនៅថ្ងៃនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់។ វាអាចជាជំហានដ៏ធំ ក្នុង​វិស័យយុត្តិធម៌នៅសហរដ្ឋអាមេរិក។ គ្មាននរណាម្នាក់ អាចស្ថិតនៅច្បាប់បានទេ។ សាលក្រមតុលាការ​ថ្ងៃនេះ បានផ្ញើសារនេះ តែវានៅមិនទាន់គ្រប់គ្រាន់ទេ។ យើងមិនអាចឈប់ត្រឹមណេះបានទេ។ ការប្រយុទ្ធដើម្បីព្រលឹងរបស់ប្រទេសជាតិមួយនេះ បានបង្កើតឲ្យ​មាន​ការឈឺចាប់ ប្រទាញប្រទង់គ្នា អស់រយៈពេល​២៤០ឆ្នាំមកហើយ។ វាគឺជាទំរង់មួយ​នៃសង្គ្រាម រវាង​គំនិតយល់ឃើញ​ ដែល​ថាមនុស្សយើងគ្រប់គ្នាកើតមកមានតម្លៃនិងសិទ្ធិស្មើៗគ្នា​ និងតថៈភាព​ពិត​ជាក់ស្តែង ពោលគឺការរើសអើងពណ៌សំបុរ ដែលបាន​​ពុះចែក​យើងទាំងអស់គ្នា ជាយូរយារ​ណាស់មកហើយ។

ដូច្នេះ យើងមិនអាចព្រលែងចោលឱកាសនេះ ហើយគិត​ថា ការងារបានចប់សព្វគ្រប់នោះទេ។យើងត្រូវតែបន្ត​ស្តាប់ សម្រែកដង្ហើយ​ដែលថា « ខ្ញុំមិន​អាចដកដង្ហើមបានទេ ខ្ញុំមិនអាចដកដង្ហើមបានទេ » ពាក្យ​ទាំងនេះ​ គឺពាក្យចុងក្រោយ​បំផុត របស់​លោក Georges Floyd​។ យើងមិនអាចបណ្តោយ​ឲ្យពាក្យ​ទាំងនេះ ស្លាប់រលត់បាត់ទៅ​ជាមួយនឹងគាត់ទេ។ យើងត្រូវតែបន្តស្តាប់។ យើងមិនអាចងាកមុខ បែរត្រចៀកចេញ​បានជាដាច់ខាត។ យើងមានឱកាស ដើម្បីកំណត់​គូសវាស នូវ​ការ​ផ្លាស់ប្តូរ នៃមាគ៌ាទាំងឡាយ របស់ប្រទេសនេះ។ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI