អាមេរិកនឹងចែករំលែក វ៉ាក់សាំង AstraZeneca ៦០លានដូស ជាមួយប្រទេសដទៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាមេរិកនឹងចែករំលែកវ៉ាក់សាំង AstraZeneca ជាមួយប្រទេសដែលត្រូវការចាំបាច់ខ្លាំងវ៉ាក់សាំង សម្រាប់ប្រឆាំងជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃចន្ទទី ២៦ មេសា ២០២១។ អាមេរិកធ្លាប់រងការរិះគន់ខ្លាំងៗថា បានស្តុកទុក មិនប្រើប្រាស់ វ៉ាក់សាំង AstraZenecaរាប់លានដូស នៅខណៈពេលដែលប្រទេសជាច្រើន ក្នុងពិភពលោក កំពុងខ្វះខាត គ្មានវ៉ាក់សាំងបង្ការកូវីដ សម្រាប់ចាក់ឲ្យប្រជាជន។
សម្ពាធរិះគន់អាមេរិក មានកាន់តែខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងបរិបទ ដែលឥណ្ឌាកំពុងជួបគ្រោះអាសន្នធំ ដោយសារតែករណីឆ្លងរាតត្បាតជំងឺកូវីដ កើនឡើងក្នុងសន្ទុះមួយ ដ៏គួរឲ្យភ័យខ្លាច។
នៅថ្ងៃចន្ទ គឺ ទីប្រឹក្សារបស់សេតវិមាន ទទួលបន្ទុកការប្រយុទ្ធប្រឆាំងជំងឺកូវីដ លោក Andy Slavitt ដែលបានសរសេរសារទ្វីតថា អាមេរិកនឹងបញ្ចេញ វ៉ាក់សាំង AstraZenecaចំនួន ៦០លានដូស ទៅកាន់ប្រទេសដែលត្រូវការចាំបាច់។ ដោយទាត់ចោល ពាក្យរិះគន់ថា អាមេរិកស្តុកទុកវ៉ាក់សាំង AstraZeneca ដែលខ្លួនមិនត្រូវការប្រើផងនោះ ទីប្រឹក្សារបស់សេតវិមានរូបនេះ អះអាងថា បច្ចុប្បន្ននេះ អាមេរិកមានស្តុកវ៉ាក់សាំង AstraZeneca មិនច្រើននោះទេ។
សម្រាប់អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Jen Psaki នៅ ប៉ុន្មានថ្ងៃខាងមុខ រដ្ឋបាលអាមេរិកនឹងប្រកាសលម្អិតវិធានការ ដែលនៅក្នុងនោះ គេនឹងដឹងថា តើប្រទេសណា ដែលត្រូវទទួលបានវ៉ាក់សាំង AstraZeneca។ ទាក់ទងនឹងកាលបរិច្ឆេទ នៃការនាំចេញវ៉ាក់សាំង AstraZeneca អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Psaki បានបន្ថែមថា ដំណាក់កាលចែកចាយវ៉ាក់សាំង ចំនួន១០លានដូស នឹងអាចធ្វើឡើងនៅ ប៉ុន្មានសប្តាហ៍ខាងមុខ ចំណែក វ៉ាក់សាំង ៥០លានដូសផ្សេងទៀតដែលកំពុងស្ថិតក្នុងដំណាក់កាលផលិត នឹងធ្វើឡើង ជាបន្តបន្ទាប់ នៅ ខែ ឧសភា និងខែមិថុនាជាដើម។
តាមអ្នកនាំពាក្យរបស់សេតវិមាន វ៉ាក់សាំង AstraZenecaអាចនាំចេញបានពីទឹកដីអាមេរិក នៅពេលណា ដែលទីភ្នាក់ងារឱសថអាមេរិក អាចបញ្ជាក់ថា វ៉ាក់សាំងមានគុណភាព ឆ្លើយតបតាមគោលកាណ៍កំណត់របស់ទីភ្នាក់ងារឱសថអាមេរិក។
សព្វថ្ងៃនេះ ទីភ្នាក់ងារឱសថអាមេរិកបានផ្តល់ភ្លើងខៀវអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងតែ ៣ប៉ុណ្ណោះ នៅទឹកដីអាមេរិក គឺវ៉ាក់សាំងPfizer Moderna និងJohnson & Johnson។ ចំណែកវ៉ាក់សាំង AstraZenecaដែលផលិតនៅប្រទេសអាមេរិកដែរនោះ គឺនៅមិនទាន់បានការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងទឹកដីអាមេរិកនោះទេ។ នៅត្រង់ចំណុចនេះ ហើយដែលធ្វើឲ្យរដ្ឋបាលលោកចូ បៃដិន រងការរិះគន់ខ្លាំង ព្រោះថា អាមេរិកបានស្តុក បិទខ្ទប់មិនឲ្យគេនាំចេញវ៉ាក់សាំង AstraZeneca ទាំងអាមេរិកខ្លួនឯង មិនត្រូវការប្រើប្រាស់ផងនោះ។
សម្រាប់អ្នកជំនាញ រដ្ឋបាលអាមេរិកសម្រេចបញ្ចេញវ៉ាក់សាំង AstraZenecaនៅពេលនេះ ក៏ព្រោះរដ្ឋបាលមួយនេះ ទំនងប្រាកដក្នុងចិត្តថា អាមេរិក ដែលមានក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុក ដល់ទៅ ៣ គ្មានខ្វះខាតវ៉ាក់សាំង សម្រាប់ចាក់ឲ្យប្រជាជនអាមេរិក។ គេអាចយល់ដែរថា តាមរយៈ ការសន្យា ចែករំលែកវ៉ាក់សាំង AstraZenecaជាច្រើនលានដូសលើកនេះ រដ្ឋបាលអាមេរិកទំនងចង់ប្រើនយោបាយការទូតវ៉ាក់សាំងផងដែរ ដោយមិនឲ្យចាញ់ប្រទេសចិននោះទេ។ នៅ ខែ មុន អាមេរិកធ្លាប់បានចុះកិច្ចព្រមព្រៀងផ្តល់វ៉ាក់សាំង AstraZenecaប្រមាណ ៤លានដូស សម្រាប់ប្រទេសជិតខាង ម៉ិចស៊ិក និងកាណាដា ដែលកំពុងរងគ្រោះខ្លាំង ដោយសារជំងឺឆ្លងរាតត្បាតកូវីដ ១៩។
នៅថ្ងៃចន្ទម្សិលមិញ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឥណ្ឌា ក្រៅតែពី សន្យាជួយឥណ្ឌាក្នុងស្ថានភាព ទុក្ខលំបាក លើកនេះ លោកប្រធានាធិបតី ចូ បៃដិនបានសន្យាផងដែរថា អាមេរិកនឹងផ្គត់ផ្គង់ សំភារៈ វត្ថុធាតុដើម ដើម្បីជួយឥណ្ឌា ឲ្យអាចផលិតវ៉ាក់សាំង សម្រាប់ ការប្រើប្រាស់នៅតំបន់អាស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ