អវកាស

អវកាសយានិក​៤រូប​បានធ្វើដំណើរ​ត្រលប់មកផែនដីវិញ​​ដោយ​សុវត្ថិភាព

យានCrew Dragon របស់ក្រុមហ៊ុនអាមេរិកាំង SpaceXដែលដឹកអវកាសយានិក៤នាក់ មកផែនដីវិញ នៅថ្ងៃអាទិត្យ​ទី ២​ឧសភា២០២១
យានCrew Dragon របស់ក្រុមហ៊ុនអាមេរិកាំង SpaceXដែលដឹកអវកាសយានិក៤នាក់ មកផែនដីវិញ នៅថ្ងៃអាទិត្យ​ទី ២​ឧសភា២០២១ . NASA/AFP

យាន Crew Dragon របស់​ក្រុមហ៊ុន​SpaceX ដែលដឹកអវកាសយានិក ៤រូប បាន​ធ្វើដំណើរ​មកដល់​ផែនដី​វិញ ដោយ​សុវត្ថិភាព នៅ​ថ្ងៃ​អាទិត្យនេះ។ តាម​ទីភ្នាក់ងារ​NASA យានCrew Dragon បាន​ធ្លាក់​ចុះ​ក្នុង​ឈូង​សមុទ្រ ម៉ិចស៊ិក ក្បែរ​ឆ្នេររដ្ឋ​Florida នៅ​យប់​ម៉ោង ២ និង​៥៦នាទី ត្រូវ​នឹង​ម៉ោង​៦ និង៥៦នាទី ម៉ោង​សកល។ អវកាសយានិក​ទាំង ៤រូប ដែល​បាន​បិទបញ្ចប់​បេសកកម្ម​រយៈពេល ៦ខែ នៅ​ស្ថានីយ៍​យានអវកាស​អន្តរជាតិ  មាន ៣រូប​ជា​ជនជាតិ​អាមេរិកាំង និង​មួយរូប​ជា​ជនជាតិ​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​បំពេញ​បេសកកម្ម អស់ ៦ខែ នៅ ស្ថានីយ៍​យានអវកាស​អន្តរជាតិ អវកាសយានិក ៤ រូប​បាន​ធ្វើដំណើរ​តាម​យាន​Crew Dragon របស់​ក្រុមហ៊ុន SpaceX ត្រលប់មក​ផែនដី​វិញ នៅថ្ងៃអាទិត្យនេះ។ តាមទីភ្នាក់ងារ​អាមេរិក NASA នៅក្រោយ​ផ្តាច់ខ្លួន​ចេញ​ពី ស្ថានីយ៍​អវកាស​អន្តរជាតិ​នៅ​ម៉ោង ៨កន្លះយប់ ម៉ោង​នៅអាមេរិក និង ចំណាយពេល អស់ ហោះអស់ ៦ម៉ោងកន្លះ យាន​ដឹក​អវកាសយានិក អាមេរិក និង​ជប៉ុន បាន​ធ្លាក់​ចុះ​ទឹកសមុទ្រ ក្បែរ​រដ្ឋ​Florida។

ត្រលប់​មក​ផែនដី​លើកនេះ អវកាសយានិក​បាន​នាំ​យកមកជាមួយ ធុងកក ដែល​មាន​ដាក់គំរូ ពិសោធន៍​ផ្នែកវិទ្យាសាស្រ្ត ដែល​គេ​បាន​សិក្សា​ធ្វើ នៅ​ស្ថានីយ៍អវកាស កន្លែង​គ្មានទំនាញ​ផែនដី។

នៅ​ទីស្ថានីយ៍អវកាស​អន្តរជាតិ ចាប់ពីថ្ងៃ​អាទិត្យនេះ នឹង​មាន​អវកាសយានិក​៧នាក់​ប៉ុណ្ណោះ ដែល​កំពុង​ធ្វើការ សិក្សា​ស្រាវជ្រាវ ដែលនៅក្នុង​នោះ មាន ជនជាតិ រុស្ស៊ី ២នាក់ ជប៉ុន ១នាក់ បារាំង ១នាក់ និង អាមេរិកាំង ៣នាក់។

អវកាសយានិក ទាំង​៤រូប ដែល​វិលត្រលប់​មក​ផែនដី នៅថ្ងៃនេះ គឺ​ជាក្រុមអវកាសយានិក​លើកដំបូង ដែល​ធ្វើដំណើរ ទៅស្ថានីយ៍អវកាស តាមរយៈ​យាន​Crew Dragon របស់​ក្រុមហ៊ុន ឯកជន​SpaceX។ ពួកគេ​បាន​ត្រលប់មកផែនដី​វិញ ជាមួយ ​យាន​ដែល​បាន​ដឹក​ពួកគេ ទៅកាន់ ស្ថានីយ៍​អវកាស កាលពីខែ វិច្ឆិកា​ឆ្នាំមុន។

នៅមុនបាញ់បង្ហោះ​នៅ​ខែ​វិច្ឆិកា ក្រុមហ៊ុន​បានសាកល្បង​ដោយ​ជោគជ័យ បញ្ជូន អវកាសយានិក​អាមេរិក​២នាក់ ទៅ​កាន់​ស្ថានីយ៍​អវកាស អន្តរជាតិ។ ចាប់តាំង​ពី​អាមេរិក​បិទបញ្ចប់​ក្មវិធី បញ្ជូន​យានអវកាស​នៅ​ឆ្នាំ ២០១១ នោះជា​លើកទី​១ ដែល​អាមេរិក ជាពិសេស គឺ​ក្រុមហ៊ុន​ឯកជន​អាមេរិក​ ដូចជា SpaceX បាញ់​បញ្ជូន​យាន​ដឹកអវកាសយានិក​អាមេរិក​​ចេញពីទឹកដី​អាមេរិក។ កន្លងមក អវកាសយានិក​អាមេរិក​តែងជិះក្នុងយាន របស់​រុស្ស៊ី ដើម្បី​ធ្វើដំណើរ​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI