កូវីដ១៩-ពាណិជ្ជកម្មអនឡាញ

របាយការណ៍​អ.ស.ប. ៖ កូវីដ​១៩ បំប៉ន​សុខភាព​ពាណិជ្ជកម្ម​អន​ឡាញ​ តែ​មិនបាន​គ្រប់​វិស័យទេ

ពាណិជ្ជកម្ម​អនឡាញ​កើន​ឡើង​ខ្លាំង ក្នុង​ពេល​មាន​វិបត្តិកូវីដ។ អាម៉ាហ្សូន ជាប់​លំដាប​ទីពីរ
ពាណិជ្ជកម្ម​អនឡាញ​កើន​ឡើង​ខ្លាំង ក្នុង​ពេល​មាន​វិបត្តិកូវីដ។ អាម៉ាហ្សូន ជាប់​លំដាប​ទីពីរ Patrick T. Fallon AFP/Archivos

វិធានការ​រឹង​បន្តឹង​ចរាចរណ៍​នៅ​លើ​ពិភពលោក ដើម្បី​ទប់​ស្កាត់​ការ​រីករាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ មិនអវិជ្ជមាន​​ទាំង​ស្រុងពេក​​ទេ។ កាលពី​ឆ្នាំទៅ ​វិធានការ​ប្រឆាំង​នឹង​កូវីដ​នេះ​បាន​មក​បំប៉ន​សុខភាព​ពាណិជ្ជកម្ម​​អន​ឡាញ របស់​ពិភពលោកច្រើន​។ នេះ​បើ​តាម​ការ​របាយការណ៍​របស់​អង្គការសហប្រជាជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៣ ឧសភា​ ដោយឆ្លៀត​​បញ្ជាក់​ថា ក៏​មាន​ដែរ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​​​រងគ្រោះ។

ផ្សាយពាណិជ្ជកម្ម

​សន្និសីទ​អង្គការ​សហប្រជាជាតិ​ដើម្បី​ពាណិជ្ជកម្ម​និង​អភិវឌ្ឍន៍ (Cnuced) បានធ្វើ​ការ​សិក្សា អំពី​ពាណិជ្ជកម្ម​អនឡាញ​ក្នុង​បរិបទ​កូវីដ​ នៅ​​ក្នុង​៧​ប្រទេស គឺ​ អូស្ត្រាលី កាណាដា​ចិន កូរ៉េខាង​ត្បូង សិង្ហបុរី អង់គ្លេស និង​សហរដ្ឋ​អាមេរិក ដែល​តំណាង​ឱ្យ​ជិត​ពីរភាគ​បី​នៃ​ពាណិជ្ជកម្មលក់​ដូរ​​អនឡាញ​ របស់​ក្រុមហ៊ុន​ទៅឱ្យ​អតិថិជន ឬ​ហៅ​តាម​ភាសា​បច្ចេកទេស​ B2C។

ជា​លទ្ធផល​ អង្គការ​សហប្រជាជាតិ​បាន​សង្កេត​ឃើញ​ថា ក្នុងពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​​ធ្លាក់​រាប​ដល់​ដី វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​កូវីដ​១៩​ បាន​បំបោង​ពាណិជ្ជកម្ម​អន​ឡាញ​យ៉ាង​ខ្លាំង។ ការ​លក់ដូរ​​​តាម​អន​ឡាញ​ ​​បានកើន​ឡើង​ដល់​ទៅ ២៤៩៥ពាន់​លាន​ដុល្លារ ពោល​គឺ​ឡើង​ ២២,៤% បើ​ប្រៀប​ទៅ​ឆ្នាំ​មុន​ ដែល​មាន​ការកើន​ឡើង​ ចំនួន ១៥,%​​ ស្រាប់​ទៅ​ហើយ​នៅរវាង​ពី​ឆ្នាំ​២០១៨-២០១៩។

នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​៧ ការ​លក់​ដូរ​តាម​អនឡាញឡើង​ខ្លាំង​ជាង​គេ​នៅ​អូស្ត្រាលី (៥៩%) បន្ទាប់​មក​នៅ​អង់គ្លេស (៤៦,៧%) និង​៣១,៤% នៅ​សហរដ្ឋ​អាមេរិក​ ទល់​នឹង​តែ​១៤,៦%​នៅ​ចិន។

អង្គការ​សហប្រជាជាតិ​ពុំ​ទាន់​មាន​ស្ថិតិ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២០​ទេ ប៉ុន្តែ​ការ​សិក្សា​​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​កំណើន​ខ្លាំង​នៅ​តំបន់​ផ្សេង​ទៀតដែរ។ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​នៅ​តំបន់​អាមេរិក​ឡាទីន Mercado Libre រក​ស៊ី​កើន​ឡើង​ជា​មធ្យម​៤០% នៅ​រវាង​ពី​ចុង​ខែ​កុម្ភៈ​ដល់​ដើម​ខែ​ឧសភា​ឆ្នាំ​២០២០។ នៅ​អាហ្វ្រិក​ ពាណិជ្ជកម្ម​អន​ឡាញ​ឡើង​ជង​៥០% ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ និង​បើ​ប្រៀប​ទៅ​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៩។ ការ​លក់​ដូរ​តាម​អន​ឡាញពិភពលោក​​នូវ​ផលិត​ផល​អេឡិចត្រូនិក ប្រចាំ​ឆ្នាំ​២០១៩​ បាន​ហក់​ឡើង​ដល់​ជិត​២៦៧០០​ពាន់​លាន​ដុល្លារ​ ពោល​គឺ​ឡើង​៤%​ បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៨។

ប៉ុន្តែ​ពាណិជ្ជកម្មអនឡាញ​ មិន​អាច​ទាញ​ចំណេញ​ពី​វិបត្តិ​កូវីដ​បាន​ដូច​គ្នាទេ។ ១៣​ក្រុមហ៊ុន រក​ស៊ី​អនឡាញ ក្នុង​នោះ​១០​ជា​ក្រុមហ៊ុន​នៅ​ចិន​និ​ងអាមេរិក ជួប​​ស្ថានភាព​​លំបាកខ្លាំង មាន​សកម្មភាព​​​ក្បាល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ក្រុមហ៊ុន​ទាំង​អស់​នេះ ច្រើន​ធ្វើ​​​ពាណិជ្ជកម្ម​អនឡាញ​ក្នុង​វិស័យ​សេវាកម្ម ដឹកជញ្ជូន​និង​ធ្វើ​ដំណើរ​ ព្រមទាំង​ស្នាក់​នៅ​។ ឧទាហរណ៍ ក្រុមហ៊ុន Expedia បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពី​លេខ​៥​នៅ​ឆ្នាំ​២០១៩ មកង​លេខ​១១​នៅ​ឆ្នាំ​២០២០។ Booking ធ្លាក់​ពី​លេខ​៦ ទៅ​លេខ​​១២ និង​Airbnb ដែល​ទើប​ចូលក្នុង​ទីផ្សារ​ភាគ​ហ៊ុន​សោះ​នៅ​ឆ្នាំ​២០២០ ក៏​បាន​ស្រុត​ពី​លេខ​១១​ទៅ​លេខ​១៣។ មាន​តែ​ក្រុមហ៊ុន​យក្ស​ផ្នែក​អ៊ីនធ័រនែត​ នាំ​មុខ​បួន​ដំបូង​គេ​ មិនប្តូរ​ផ្លាស់​​​ចំណាត់​របស់​ខ្លួនទេ។ Alibaba នៅ​តែ​ជាប់​លេខ​មួយពិភពលោក បន្ទាប់​មក​គឺ​Amazone JD.com និង Pinduoduo។​ នេះ​បើ​តាម​របាយការណ៍របស់​Cnucedដ​ដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI