ម៉ិកស៊ិក

ម៉ិកស៊ិក៖បាក់ផ្លូវអាកាសមេត្រូបណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់

រូបភាពបាក់ផ្លូវអាកាសមេត្រូក្នុង​ទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិកបណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ ថ្ងៃទី៣ ឧសភា ២០២១។
រូបភាពបាក់ផ្លូវអាកាសមេត្រូក្នុង​ទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិកបណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ ថ្ងៃទី៣ ឧសភា ២០២១។ AFP - PEDRO PARDO

នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ព្រឹត្តិការណ៍​បាក់​ផ្លូវអាកាស​មេត្រូ​នា​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី៤ ឧសភា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ២៣នាក់ និង​របួស ៧០នាក់​ផ្សេង​ទៀត។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង ១០យប់​ក្បែរ​ស្ថានីយ Olivos លើ​ខ្សែ​មេត្រូ​លេខ ១២ ដែល​ឆ្លង​កាត់​ប៉ែក​អាគ្នេយ៍​ទីក្រុង​ម៉ិកស៊ីកូ។ ចៅហ្វាយ​ក្រុង​ម៉ិស៊ីកូ​លោកស្រី Claudia Sheinbaum បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ភ្លាមៗ​នៅ​ក្រោយ​ការ​គ្រោះថ្នាក់។

ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី៤ ឧសភា ក្រុម​អ្នក​ពន្លត់អគ្គីភ័យ និង​អ្នក​ជួយសង្រ្គោះ​បាន​ប្រឹងប្រែង​ជួយ​រំដោះ​អ្នក​រងគ្រោះ និង​ទាញ​យក​សាកសព​ចេញ​ពី​គំនរ​ថ្ម ដែក ខ្សែកាប និង​ផ្លូវដែក​ដែល​រង​ការ​បាក់បែក​ខ្ទេចខ្ទីរ​ពី​ការ​បាក់​ផ្លូវអាកាស​មេត្រូ។ អ្នក​រងរបួស​ធ្ងន់​ត្រូវ​បាន​ឡាន​ពេទ្យ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​ស្ថិត​ក្បែរ​តំបន់​គ្រោះថ្នាក់។ ចំណែក​នៅ​លើ​បណ្តាញ​សង្គម​វិញ មាន​ការ​អំពាវនាវ​ឲ្យ​បង្ហាញ​អត្តសញ្ញាណ​សាកសព និង​អ្នក​រងរបួស​ធ្ងន់ ស្រាល​សម្រាប់​ក្រុម​គ្រួសារ​ដែល​កំពុង​ស្វែង​រក​សមាជិក ឬ​មនុស្ស​ជំនិត​របស់​ខ្លួន។

ទន្ទឹម​គ្នា​នេះ កម្លាំង​ប៉ូលិស និង​កងទ័ព​បាន​ពង្រាយ​ខ្សែ​ព័ទ្ធ​ជុំវិញ​កន្លែង​កើត​ហេតុ​ដើម្បី​រក្សា​សន្តិសុខ និង​ជួយ​សម្រួល​ការងារ​របស់​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ និង​ក្រុម​អ្នក​ជួយ​សង្រ្គោះ។ ដោយ​បារម្ភ​ពី​ការ​បាក់​កន្លែង​ផ្សេង​ដែល​ផុយស្រួយ​ដោយ​ការ​បាក់​ផ្លូវអាកាសមេត្រូខ្សែទី១២ពេល​នេះ ក្រុម​អ្នក​ពន្លត់អគ្គីភ័យ និង​ក្រុម​អ្នក​ជួយ​សង្រ្គោះ​ស្នើ​ឲ្យ​អ្នក​ចង់​ដឹង ចង់​ឃើញ​ព្រឹត្តិការណ៍​មួយ​នេះ​ខិត​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ។ បន្ទាប់​មក ម៉ាស៊ីនស្ទូច និង​ម៉ាស៊ីន​ចូក​បាន​ផ្តើម​ស្ទូច​ប្លុកដែក និង​ប្លុក​បេតុង​ចេញ​ពី​កន្លែង​កើតហេតុ។

ក្រោយ​ព្រឹត្តិការណ៍​បាក់​ផ្លូវអាកាស​មេត្រូ​ខ្សែ​ទី១២ នេះ មាន​មនុស្ស​ជា​ច្រើន​បាន​ខឹងសម្បារ​ប្រឆាំង​នឹង​អតីត​ចៅហ្វាយ​ក្រុង​ម៉ិកស៊ីកូ​លោក Marcelo Ebrard ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ការបរទេស។ ខ្សែ​មេត្រូ​ទី១២ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ថ្ងៃទី៣០ តុលា ឆ្នាំ ២០១២ ដោយ​មាន​ការ​ចូលរួម​ពី​លោក​លោក Marcelo Ebrard ក្នុង​នាម​ជា​ចៅហ្វាយ​ក្រុង​ម៉ិកស៊ីកូ​កាល​ណោះ។ មនុស្ស​ជា​ច្រើន​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​លោក Marcelo នៅ​ក្នុង​ការ​បាក់​ផ្លូវអាកាស​មេត្រូ​ពេល​នេះ​ដោយ​ចោទ​លោក​ពី​បទ​ពុករលួយ។

គិត​តាំង​ពី​ឆ្នាំ ២០២១ នេះ​ជា​គ្រោះថ្នាក់​មេត្រូ​លើកទី២ នៅ​ក្នុង​ប្រទេស​ម៉ិកស៊ីក។ ក្នុង​ខែ​មករា ឆ្នាំ ២០២១ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​បណ្តាញ​មេត្រូ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស ២៩នាក់​ដោយ​ផ្សែង​ភ្លើង​ក្រាស់ឃ្មឹក។ ដោយឡែក​ក្នុង​ខែ​មីនា ឆ្នាំ ២០២០ គ្រោះថ្នាក់​មេត្រូ​ចំនួន​ពីរ​បុក​គ្នា​រត់​លើ​ផ្លូវ​តែ​មួយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស ៤១នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI