អាមេរិក-ចោរអ៊ីនធ័រនែត

តម្លៃប្រេងឡើងថ្លៃនៅទីផ្សារអន្តរជាតិ នៅក្រោយចោរអ៊ីនធ័រនែតវាយប្រហារ​​ក្រុមហ៊ុន​បង្ហូរ​ប្រេងអាមេរិក

ទីតាំងស្តុកប្រេង​របស់ក្រុមហ៊ុន Colonial Pipeline ដែល​បានរងការវាយប្រហារ​ពីចោរអ៊ីនធ័រនែត នៅថ្ងៃសុក្រទី ៧ ឧសភា ២០២១
ទីតាំងស្តុកប្រេង​របស់ក្រុមហ៊ុន Colonial Pipeline ដែល​បានរងការវាយប្រហារ​ពីចោរអ៊ីនធ័រនែត នៅថ្ងៃសុក្រទី ៧ ឧសភា ២០២១ AP - Ted Shaffrey

អាជ្ញាធរ​ និង​ក្រុមហ៊ុន​បង្ហូរប្រេង​ដ៏ធំ​របស់​អាមេរិក នៅតែ​បន្ត ប៉ុនប៉ង ចូលគ្រប់គ្រង ស្តារឡើងវិញ ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន ដែល​បាន​រង​ការវាយប្រហារ​ពី​ចោរអ៊ីនធ័រនែត កាលពី​ថ្ងៃ​សុក្រ សប្តាហ៍មុន។ ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត​ទៅលើ​ក្រុមហ៊ុន បង្ហូរប្រេង​អាមេរិកាំង Colonial Pipeline បានប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ប្រេង​មួយផ្នែកធំ នៅ​សហរដ្ឋអាមេរិក និង​បានធ្វើ​ឲ្យ​តម្លៃប្រេងនៅ​ទីផ្សារ​អន្តរជាតិ​ចាប់​ឡើងថ្លៃ មួយកម្រិត នៅថ្ងៃ​ចន្ទ​ទី ១០ ឧសភា ២០២១។

ផ្សាយពាណិជ្ជកម្ម

នៅទីផ្សារប្រេង ញូវយ៉ក តម្លៃប្រេង​សម្រាប់​ខែ មិថុនា និង​ខែ​កក្កដា បាន​កើនឡើង ជាង ១% នៅថ្ងៃ​ចន្ទ ទី ១០​ឧសភា នៅបន្ទាប់ពីមានការបារម្ភ ខ្វះប្រេងប្រើ នៅអាមេរិក ដោយសារ ក្រុមហ៊ុន​បង្ហូរប្រេង​ដ៏ធំ​របស់​អាមេរិក​បាន​រង​ការវាយប្រហារ​ពីចោរអ៊ីនធ័រនែត។

ក្រុមហ៊ុនបង្ហូរប្រេង Colonial Pipeline ដែល​មានទីតាំងនៅរដ្ឋតិចសាស់ មានសមត្ថភាព បង្ហូរប្រេង ២,៥លាន​បារីល ក្នុងមួយថ្ងៃ និង​មានបណ្តាញបង្ហូរប្រេង​សរុបជាង ៨៨៥០គីឡូម៉ែត្រ ដើម្បី​ផ្គត់ផ្គង់ប្រេង​៤៥% នៅ​តំបន់ភាគខាងកើត​អាមេរិក។

ប៉ុន្តែ នៅថ្ងៃ​សុក្រ ក្រុមហ៊ុន​បង្ហូរប្រេង ដ៏ធំ​របស់អាមេរិក បានរងការវាយប្រហារ​ពីចោរអ៊ីនធ័រនែត ដែលមានទិសដៅ​តែមួយគត់ គឺ​ជំរិតទារប្រាក់។ ប៉ូលិស​សហព័ន្ធ​អាមេរិកាំង​ទើប​បើកការស៊ើបអង្កេត ប៉ុន្តែ បើតាមអ្នកទទួលខុសត្រូវ​អាមេរិក ដែល​សាកសួរ​ដោយទីភ្នាក់ងារព័ត៌មាន​បារាំង AFP គេ​សង្ស័យថា ពួកចោរ​អ៊ីនធ័រនែត ​ជាគ្នីគ្នា​របស់​ក្រុមចោរឈ្មោះDarkside។ ក្រុមនេះ បាន​ បន្លំ​ជ្រៀតចូល​ទៅ​គ្រប់គ្រង​កុំព្យូទ័រ របស់ក្រុមហ៊ុន និង​លួចបាន​ទិន្នន័យ ដែល​ពួកគេ គំរាម បង្ហោះផ្សាយ ជា​សាធារណៈ ក្នុងករណី​ក្រុមហ៊ុន បង្ហូរប្រេង មិនព្រម ផ្តល់លុយ​តាមការទាមទារ​របស់ពួកគេ។

នៅថ្ងៃ​អាទិត្យ ប៉ូលិស សហព័ន្ធ FBI និង ទីភ្នាក់ងារ​ជំនាញ​ខាង​ប្រឆាំង​នឹង​ការវាយប្រហារ​តាមអ៊ីនធ័រនែត បានឈាន​ទៅ​បិទ​ផ្តាច់ បណ្តាញ ស្តុក​ទិន្នន័យ ទាំងអស់​របស់​ក្រុមហ៊ុន ដើម្បី​កុំ​ឲ្យ​ចោរ​លួចយក​ទិន្នន័យ​ចេញទៅក្រៅបាន។ ការណ៍នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​បង្ហូរប្រេង ត្រូវ​អាក់ខាន​សកម្មភាព មិនអាច​បញ្ជូនប្រេង តាម​បំពង់បង្ហូរ ទៅកាន់ រដ្ឋមួយភាគធំ​នៅ​ អាមេរិក។

នៅថ្ងៃ អាទិត្យ ក្រសួង​គមនាគមន៍  អាមេរិក​បាន​ចេញ​វិធានការ​បន្ទាន់ ដើម្បី​អនុញ្ញាត​ឲ្យ គេ ដឹកជញ្ជូនប្រេង តាមរថយន្ត​ស៊ីទែនសាំង ទៅកាន់ ស្ថានីយ៍ ចាក់សាំង និង ព្រលាន​យន្តហោះ នៅក្នុង​រដ្ឋ​ចំនួន ១៧ នៅភាគខាងកើត​អាមេរិក។

នៅបណ្តារដ្ឋ​ភាគអាគ្នេយ៍ អាមេរិក ដែល​រំពឹង ខ្លាំង​លើ​បំពង់បង្ហូរប្រេង​របស់​ក្រុមហ៊ុន​Colonial Pipeline តម្លៃប្រេង នឹង​អាច​កើនឡើង នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ។ ការវាយប្រហារ​អ៊ីនធ័រនែត ទៅលើ​ក្រុមហ៊ុន​បង្ហូរប្រេង អាមេរិក លើកនេះ នឹង​អាច​ជះផលអាក្រក់​ផងដែរ ទៅលើ​តម្លៃ​ប្រេង នៅទីផ្សារ​អន្តរជាតិ ព្រោះ​ថា ក្រុមហ៊ុន​អាមេរិក​មួយចំនួន​បាន​កក់ទិញរួចហើយ​កប៉ាល់ដឹកប្រេង​ពីអឺរ៉ុប សម្រាប់ទប់ទល់​ការខ្វះខាតប្រេងប្រើ​នៅ​រដ្ឋភាគខាងកើត​អាមេរិក។ ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត ទៅលើ​ក្រុមហ៊ុន​បង្ហូរប្រេង លើកនេះ ជា​សញ្ញា​ថា ក្រុមហ៊ុន ឯកជន និង​រដ្ឋ​អាមេរិក​នៅតែ​ផុយស្រួយ ទន់ខ្សោយ នៅចំពោះមុខ​ការគំរាមកំហែង​របស់​ចោរអ៊ីនធ័រនែត។ វា​កើត​​ឡើង​ផងដែរ នៅពេល​ដែល អាមេរិក កំពុង​ ត្រូវការ​ថាមពល ប្រេង សម្រាប់ ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI