សហរដ្ឋ​អាមេរិក-ចោរអ៊ីនធ័រនែត

ក្រោយការវាយប្រហារតាមអ៊ីនធ័រនែតលើប្រព័ន្ធបំពង់បង្ហូរប្រេង តំបន់ខ្លះ​នៅអាមេរិក​​ខ្វះប្រេងប្រើ

អ្នក​ប្រើប្រាស់​យានយន្ត សម្រុក​ទៅ​ចាក់សាំង​ ក្រោយ​ការ​វាយប្រហារ​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន​ Colonial Pipeline
អ្នក​ប្រើប្រាស់​យានយន្ត សម្រុក​ទៅ​ចាក់សាំង​ ក្រោយ​ការ​វាយប្រហារ​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន​ Colonial Pipeline Logan Cyrus AFP

នៅសហរដ្ឋ​អាមេរិក ក្រោយពី​មាន​​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេងមក អ្នក​ប្រើ​យានយន្ត​បាន​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ប្រេង​នៅ​តាមស្ថានីយ ដោយ​ខ្លាច​មាន​គ្រោះខ្វះ​ខាត​ប្រេង​ប្រើ។ ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ រដ្ឋាភិបាល​បាន​ចេញ​​​វិធានការ​បន្ទាន់​ នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ១១​ឧសភា​ ​សម្រួល​ការ​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ ​ដើម្បីបញ្ចៀស​កុំ​ឱ្យ​មាន​ការ​​ជ្រួល​ច្របល់​​ទាន់។

ផ្សាយពាណិជ្ជកម្ម

នៅ​តាម​ទីក្រុង​ធំៗ របស់​រដ្ឋ​ ការ៉ូលីន​ខាង​ជើង អាត្លង់តា ស្ថានីយ៍​ប្រេង​ឥន្ធនៈ​របស់​ក្រុមហ៊ុន​Raleigh និង Charlotte ចំនួន​៣០% អស់​ប្រេង​លក់​ហើយ​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ១១​ឧសភា​ម្សិលមិញ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​របស់​វេបសាយ​ជំនាញ​ខាង​តាមដាន​តម្លៃ​ប្រេង GasBuddy ដោយ​អះអាងទៀត​ថា បើ​គិតជា​ទូទៅ​ថ្នាក់​រដ្ឋ​វិញ ជាង​១០%​នៃ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​បាន​ស្ងួត​ប្រេង។ ស្ថានភាព​នៅ​រដ្ឋ​ ​Virginie Géogie Carolineខាង​ត្បូង ក៏​ចាប់​ផ្តើម​ប្រផិតប្រផុត​ដែរ។

នៅ​អាកាសយានដ្ឋាន Charlotte ដោយ​មាន​​​ប្រេងKérosène​សម្រាប់​ចាក់​យន្តហោះ​មិន​គ្រប់គ្រាន់ ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក American Airlines បាន​កែប្រែ​ជើង​ហោះហើរ​រយៈ​ឆ្ងាយ​របស់​ខ្លួនចំនួន​ពី​រទិសដៅ ៖​ ទៅ​កោះហាវៃ និង​ក្រុង​ឡុងដ៍ ដោយ​បន្ថែម​ការ​ឈប់​មួយ​ដំណាក់​។ ចំណែក​​អ្នក​បើក​បរ​យានយន្ត​ក៏​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ប្រេង​មក​ទុក​។

ប្រឈម​នឹង​ស្ថានការ​បែប​នេះ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អាមេរិក លោកស្រី Jennifer Granholm ​បានចេញមក​​បញ្ជាក់​និង​ធានានៅល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ​ពី​សេតវិមាន​ កុំ​ឱ្យ​ប្រជាពលរដ្ឋ​សម្រុក​ទៅ​វិញ​ប្រេង​ស្តុក​ទុក ដោយ​ពន្យល់​ថា​បញ្ហា​ពេល​នេះ​ បណ្តាល​មក​ពី​ការ​​​​​ផ្គត់​ផ្គង់រអាក់រអួល ពុំមែន​ជា​​បញ្ហាអស់/ខ្វះ​​​ប្រេង​​ទេ។ លោកស្រី​រដ្ឋមន្ត្រី​ថែម​ទាំង​បាន​ព្រមាន​ថា​អាជ្ញាធរ​នឹង​មិនអនុគ្រោះ​ដល់​ពាណិជ្ជករ​ណាម្នាក់​​ដែល​ចង់​ឆ្លៀត​ឱកាសនេះ​​​ដំឡើង​ថ្លៃ​ប្រេងឡើយ។​​

តាំងពី​សេដ្ឋកិច្ច​អាមេរិក​ចាប់​កម្រើក​ឡើង​វិញ​មក តម្លៃ​ប្រេង​បាន​ឡើង​ខ្ពស់​​ខ្លាំងស្រាប់​ទៅ​ហើយ​​ដល់ ទៅ ២,៩៩ដុល្លារ​ក្នុង​មួយ រង្វាស់​លក់​នៅ​អាមេរិក (៣,៧៩​លីត្រ) ឥលូវមក​ជួប​ការ​ខ្វះ​ខាត​ប្រេង​ប្រើ​ទៀត។​ បញ្ហា​កង្វះ​ប្រេង​នេះ ជា​ផលវិបាក​បង្ក​ឡើង​ដោយ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន​បង្ហូរ​ប្រេង​ដ៏​ធំ​របស់​អាមេរិក Colonial Pipeline កាល​ពី​ថ្ងៃ​សុក្រ​ទី ៧​ឧសភា ដើម្បី​ទារ​ជំរិត​ប្រាក់។ ក្រុមហ៊ុន​ដែល​រ៉ាប់រង​ដឹកជញ្ជូន​និង​ផ្គត់​ផ្គង់​ប្រេង​ក្នុង​កំរិត​៤៥% សម្រាប់​តំបន់​ប៉ែក​ខាង​កើត​អាមរិក បាន​អះអាង​ថា​កំពុង​ស្តារ​រៀប​ចំ​សេវាកម្ម​ឡើង​វិញ​ហើយ ដោយ​សង្ឃឹម​ថា​នឹង​អាច​បាន​រួច​ស្រេច​បាច់​នៅ​មុន​ដំណាច់​សប្តាហ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI