សហរដ្ឋ​អាមេរិក-ចិន

អាមេរិក​ចង់​រារាំង​ចិន​មិន​ឱ្យ​ប្រើ​ព្រឹត្តិការណ៍​អូឡាំពិកជា​ប្រយោជន៍លើក​តម្កើង​ខ្លួនឯង

អាមេរិក​ចង់​រារាំង​ចិន​មិន​ឱ្យ​ប្រើ​កីឡាអូឡាំពិក​សម្រាប់​លើក​តម្កើង​ខ្លួន​ឯង
អាមេរិក​ចង់​រារាំង​ចិន​មិន​ឱ្យ​ប្រើ​កីឡាអូឡាំពិក​សម្រាប់​លើក​តម្កើង​ខ្លួន​ឯង © crie ce Tibétain lors d’une manifestation dans le village de Rangpo

សម្រាប់​ពេល​នេះ សហរដ្ឋអាមេរិក មិន​ទាន់​សម្រេច​ចិត្តថា​នឹង​ធ្វើ​ពហិការ​មិនចូលរួម​ប្រកួត​កីឡាអូឡាំពិក​រដូវ​ត្រជាក់នៅ​ប៉េកាំង​​ឆ្នាំ​២០២២​ទេ ប៉ុន្តែ​​​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី នៅ​​ល្ងាច​ថ្ងៃ​ពុធ ទី១២ ឧសភា​ ពី​ការ​ចង់​រារាំងចិន​មិន​ឲ្យយកព្រឹត្តិការណ៍កីឡា​អូឡាំពិកមកធ្វើ​ ជា​វេទិកា​សម្រាប់​ឃោសនា​លើកតម្កើង​ខ្លួន​ឯង។

ផ្សាយពាណិជ្ជកម្ម

ឥស្សរជន​នយោបាយ​បក្ស​សាធារណរដ្ឋ​ កាន់​តែ​ច្រើន​ឡើងៗ​បាន​អំពាវនាវ​ឱ្យ​រដ្ឋបាល​លោក​ចូ បៃដិន ធ្វើ​ពហិការ​កុំ​ទៅ​ចូល​រួម​​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងារឆ្នាំ​២០២២​​នៅទីក្រុង​ប៉េកាំង ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ចិន។ ប៉ុន្តែរហូត​មក​ទល់​ពេល​នេះ មេដឹកនាំអាមេរិក​ នៅមិន​ទាន់​សម្រេច​ចិត្ត​ទេ។

បើ​តាម​អ្នកទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ផ្នែក​សេរីភាព​សាសនា នៃ​ក្រសួង​ការបរទេស​អាមេរិក លោក Dan Nadel វ៉ាស៊ីនតោន​កំពុង​ពិនិត្យ​រក​មធ្យោបាយ​តាម​បែប​នយោបាយផង និង​ដើម្បីផ្តល់​សារបញ្ជាក់​អំពី​អាទិភាព​អាមេរិកជុំ​វិញ​​កីឡាអូឡាំពិក​ផង ដោយ​ក្នុង​នោះ​ក៏​មាន​ដែរ​ការ​រិះរក​មធ្យោបាយ​ទប់​ស្កាត់​ប៉េកាំង​មិន​ឱ្យ​ប្រើ​ព្រឹត្តិការណ៍​កីឡា​ជា​វេទិកា​សម្រាប់ បង្អួត​បង្ហាញ ​លើក​តម្កើង​គំរូ​ដឹកនាំ​កុម្មុយនិស្ត តែ​បិទ​បាំង​ការ​រំលោភ​សិទ្ធិមនុស្ស។ អាមេរិក​មិនអាច​​បិទ​ភ្នែក​ធ្វើ​មិន​ឃើញតុល្យការ​បំពាន​របស់​ចិន ក្នុង​វិស័យ​សិទ្ធិមនុស្ស នៅ​ហុងកុង ទីបេ និងតំបន់​ផ្សេង​ទៀត​បាន​ឡើយ។ នេះ​គឺ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក ដាន ណាដែល ដោយ​អះអាង​ថា រដ្ឋាភិបាល​​​កំពុង​ពិគ្រោះ​ជាមួយ​សភា​និង​ព្រឹទ្ធសភា​អាមេរិក ព្រមទាំង​ដៃគូ​អន្តរជាតិ​ផ្សេង​ទៀត ព្រោះ​ការ​បញ្ចេញ​សកម្មភាព ពាក់​ព័ន្ធ​នឹង​ការប្រកួត​កីឡាអូឡាំពិក​ពិត​ជា​នឹង​​មាន​ប្រសិទ្ធភាព​ខ្លាំង។

ទន្ទឹម​គ្នា​នេះ នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ស្តីអំពី​សេរីភាព​សាសនា លោក Antony Blinken ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​​អាមេរិក​បានធ្វើការ​ចោទ​ប្រកាន់​ចិន​ជា​ថ្មី​ថា បានបន្តប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ប្រល័យ​ពូជសាសន៍​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​ កាន់​សាសនា​អ៊ីស្លាម។ លោក​ប្លីនកិន ក៏​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី ប្រឆាំង​នឹង​អតីត​អ្នក​ទទួល​ខុស​ត្រូវ​នៅក្រុង​​ឆេងឌូ ក្នុង​ខេត្ត​ស៊ីឈន់ លោក Yu Hui មិន​ឱ្យ​មក​ជាន់​ទឹក​ដី​អាមេរិក​ ពី​បទ​​មានពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ សម្រេច​ឃុំឃាំង​បរិស័ទ​ជឿ​លើ​សាសនាFalun Gong ដែលហាមឃាត់​នៅ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI